​ដោយៈ សម្បត្តិ / ភ្នំពេញៈ បុរស​ម្នាក់ បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន ហើយ​មកដល់​ចំណុច​ផ្លូវ​កោង មិន​បន្ថយល្បឿន ក៏​ជ្រុល​ទៅបុក​ខឿន មុខផ្ទះ​វីឡា​មួយ បណ្កាលឲ្យបោក​ក្បាល​នឹង​បង្គោល​ភ្លើង ស្លាប់​ភ្លាមៗ នៅនឹងកន្លែង នា​វេលា​ម៉ោងជាង ៤ រសៀល​ថ្ងៃទី​១៦ មីនា ២០២១ នៅលើ​កំណាត់ ផ្លូវ​បេតុង ១៩៥០ ស្ថិតក្នុង​ភូមិ​ទំនប់​១ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ ឈ្មោះ នួន សុផល អាយុ ២៨ ឆ្នាំ មាន​ស្រុកកំណើត ភូមិ​បឹង​ធំ​ខាងកើត ឃុំ​អង្គ​សុ​ភី ស្រុក​កំពង់ត្រាច ខេត្តកំពត ជិះ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ស៊េរី ០១៧ ភ្នំពេញ 1GD-4728 ដោយធ្វើដំណើរ​ម្នាក់ឯង​។​

​ប្រភពពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថាៈ មុនដំបូង​គេ​ឃើញជនរងគ្រោះ ជិះ​ម៉ូតូ​តែម្នាក់ឯង តាម​បណ្តោយ​ផ្លូវ​១៩៥០ ក្នុងទិសដៅ​ពី​ខាងកើត ទៅខាង​លិច ក្នុង​ល្បឿន​លឿន ។ លុះ​មកដល់​ចំណុចកើតហេតុ ជា​ចំណុច​ផ្លូវ​កោង បុរស​នោះមិន​បន្ថយល្បឿន ក៏​ជ្រុល​ទៅបុកខឿនចិញ្ចើមថ្នល់ប៉ើង​ឡើងទៅ​បុក បង្គោល​ភ្លើង បណ្តាល​ឲ្យ​ស្លាប់ ភ្លាម​មួយ​រំពេច​តែម្តង​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះទៅ​កន្លែងកើតហេតុ ពិនិត្យ និង​រៀបចំ​ឯកសារ កំណត់ហេតុ​សព រួចហើយ​រថយន្ត​ដឹក​សព​យកទៅ​តម្កល់ទុក នៅ​វត្ត​ទឹកថ្លា ដើម្បី​រង់ចាំ​ទំនាក់ទំនង ទៅ​ក្រុមគ្រួសារ សាច់ញាតិ មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។ ចំណែក​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​ចរាចរណ៍​ខណ្ឌ វាស់វែង​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​សែន​សុខ ដើម្បី​ឲ្យ​បងប្អូន យក​ឯកសារ​ពាក់ព័ន្ធ មក​យក​ម៉ូតូ ត្រឡប់​ទៅវិញ ៕/V​៊/សរន