​ដោយៈ សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺៈ យុវជន​ម្នាក់ បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ ដោយសារ​ជនសង្ស័យ កាប់​ចំនួន ៤ កាំបិទផ្គាក់ ព្រោះតែ​បុរស​នោះ ស្រមើស្រមៃ ថា​យុវជន​រងគ្រោះ បានរួម​ដំណេក ជាមួយ​ប្រពន្ធ​របស់ខ្លួន​។ ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ២​និង​៤០​នាទី រសៀល ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១ នៅ​ភូមិ​គោក​មានជ័យ ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

​បើតាម​មន្ត្រីនគរបាល​ជំនាញ ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថាៈ ជនសង្ស័យ ឈ្មោះ ម៉ៃ សៅ​គៀង អាយុ ២៧ ឆ្នាំ រស់នៅ​ភូមិ​គោក​មានជ័យ ឃុំ​ព្នាយ ស្រុក​សំរោង​ទង បានធ្វើ​សកម្មភាព យក​កាំបិតផ្គាក់ កាប់​ទៅលើ​ឈ្មោះ សែម ភា ហៅ វ៉េវ អាយុ ២១ ឆ្នាំ រស់នៅ​ក្នុងភូមិ ជាមួយគ្នា ចំនួន ៤ កាំបិត នៅពេល​ជនរងគ្រោះ កំពុង​អង្គុយ​ចិត​ផ្លែស្វាយ ដោយ​មិនដឹង​ខ្លួន គឺ​ចំក្បាល លើ​ត្រចៀក ខាងស្ដាំ ១​កាំបិត កញ្ចឹងក ២ កាំបិត​សងខាង​, កែងដៃ​ខាងស្ដាំ ១​កាំបិត បណ្ដាល​ឲ្យ​ស្លាប់ នៅនឹងកន្លែង​កើតហេតុ ស្ថិតនៅ​ខាងក្រោយ​ផ្ទះ​របស់​ជនរងគ្រោះ​។​

​ប្រភព​ដដែល បាន​បន្តថាៈ ករណី​ឃាតកម្ម ដោយ​ចេតនា​នេះ គឺ​បង្កឡើង ដោយសារ​ជនសង្ស័យ ស្រមើស្រមៃ​ថា ជនរងគ្រោះ បានរួម​ដំណេក ជាមួយ​ប្រពន្ធ​របស់ខ្លួន​។​

​ក្រោយពី​មន្ត្រីនគរបាល​ជំនាញ​ពិនិត្យ​សព​ជនរងគ្រោះ​រួចហើយ​បានប្រគល់​សព​ជនរងគ្រោះ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕/V