​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ រដ្ឋាភិបាល​នី​ហ្សេ​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៦​មីនា​ថា មនុស្ស ៥៨​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​ដ៏​ឃោរឃៅ​ទៅលើ​រថយន្តក្រុង​និង​ភូមិ​ក្បែរៗ​នោះ​ក្នុងប្រទេស​​នី​ហ្សេ​ជិត​ព្រំដែន​ម៉ាលី​។​

​រដ្ឋាភិបាល​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា នៅ​រសៀល​ថ្ងៃ​ចន្ទ​ទី​១៥​មីនា “​ក្រុម​ប្រដាប់អាវុធ​ដែល​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​បាន​ស្ទាក់​រថយន្ត​ចំនួន ៤​គ្រឿង​ដែល​ដឹក​អ្នកដំណើរ​​ត្រឡប់​ពី​ផ្សារ​បា​នី​បាន​គូ​ប្រចាំ​សប្តាហ៍​ទៅកាន់​ភូមិ​ឈី​ណេ​ដូ​ហ្គា​និង​ភូមិ​ដា​រ៉េ​ដា​យ៉េ​”​។​

​រដ្ឋាភិបាល​បន្ថែមថា “​ចំនួន​អ្នក​ស្លាប់​ពី​អំពើ​ព្រៃផ្សៃ​ទាំងនេះ​គឺ ៥៨ នាក់ ម្នាក់​រងរបួស ស្រូវ​ជាច្រើន​និង​រថយន្ត​ចំនួន ២ គ្រឿង​ត្រូវបាន​ដុតបំផ្លាញ និង​រថយន្ត ២ គ្រឿង​ទៀត​ត្រូវបាន​រឹបអូស​យក​”​។​

​គ្មាន​ក្រុម​ណាមួយ​អះអាង​ទទួលខុសត្រូវ​ទេ ប៉ុន្តែ​នី​ហ្សេ​កំពុង​តស៊ូ​ជាមួយនឹង​យុទ្ធនាការ​ជី​ហាដ​ចំនួន​ពីរ​គឺ​នៅ​ភាគ​ខាងលិច​ជិត​ប្រទេស​ម៉ាលី​និង​បួ​គី​ណាហ្វា​សូ និង​ការបះបោរ​ដែលមាន​អាយុកាល​​មួយ​ទសវត្សរ៍​នៅ​ភាគ​អាគ្នេយ៍​ជាប់​ព្រំដែន​ជាមួយ​នី​ហ្សេ​រី​យ៉ា​។​

​ការ​វាយឆ្មក់​នេះ​បាន​កើតឡើង​នៅក្នុង​តំបន់​ធី​ល​ឡា​បឺរី ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង “​តំបន់​ព្រំដែន​ត្រីភាគី​” ពោល​គឺជា​ចំណុចប្រសព្វ​នៃ​ព្រំដែន​របស់​នី​ហ្សេ បួ​គី​ណាហ្វា​សូ និង ម៉ាលី​៕

នី​ហ្សេ​កំពុង​តស៊ូ​ជាមួយនឹង​យុទ្ធនាការ​ជី​ហាដ​ចំនួន​ពីរ​គឺ​នៅ​ភាគ​ខាងលិច​ជិត​ប្រទេស​ម៉ាលី​និង​បួ​គី​ណាហ្វា​សូ និង​ការបះបោរ​ដែលមាន​អាយុកាល​មួយ​ទសវត្សរ៍​នៅ​ភាគ​អាគ្នេយ៍​ជាប់​ព្រំដែន​ជាមួយ​នី​ហ្សេ​រី​យ៉ា​