ភ្នំពេញ:រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា  សូមសម្តែងនូវការខកចិត្តយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចចិត្តរបស់ សភាអឺរ៉ុប នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ស្តីពីការជំនុំជម្រះក្តីប្រឆាំងនឹងជនល្មើសច្បាប់ នៅព្រះរាជាណាចក្រ កម្ពុជា (២០២១/២៥៧៩(RSP) និងសូមធ្វើសេចក្តីថ្លែងការណ៍ដូចខាងក្រោម៖

១- ក្នុងនាមជារដ្ឋឯករាជ្យ និងអធិបតេយ្យ ប្រទេសកម្ពុជាមានសិទ្ធិអនុវត្តនូវគោលនយោបាយស្វ័យ សម្រេចរបស់ខ្លួន ដើម្បីការពារផលប្រយោជន៍ជាតិ រួមទាំងសន្តិភាព  ស្ថិរភាព និងវិបុលភាពរបស់ប្រទេស។ យើងខ្ញុំមិនអាចអត់អោនបានឡើយចំពោះរាល់ចេតនា និងសកម្មភាពទាំងឡាយណាដែលមានបំណងបង្កការរំខានដល់សុខសន្តិភាព និងស្ថេរភាពដែលខិតខំរកបានដោយលំបាករបស់កម្ពុជា។

២- ការជំនុំជម្រះក្តីជនល្មើសដែលជាប់ពាក់ព័ន្ធនឹង “ផែនការក្បត់នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩” គឺធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធរបស់ប្រទេស ដែលសម្រាប់ពង្រឹងនីតិរដ្ឋ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ រាល់ការប៉ុនប៉ងរៀបចំផែនការបះបោរ តាមរយៈការប្រើប្រាស់ភាសាបរិហារកេរ្តិ៍ញុះញង់ឱ្យមានអំពើហិង្សា ក៏ដូចជា ការអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ ក្រោកឈរដើម្បីផ្តួល រំលំរដ្ឋាភិបាលស្របច្បាប់ គឺជាទង្វើខុសច្បាប់ និងត្រូវតែធ្វើការថ្កោលទោសជាដាច់ខាត។

៣-    បន្ទាប់ពីមានការជាប់ពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយ៉ោលនៅក្នុងសោកនាដកម្មកាលពីអតីតកាលរបស់ប្រទេសកម្ពុជា តាមរយៈការផ្តល់ការគាំទ្រដល់របបប្រល័យពូជសាសន៍ខ្មែរក្រហម និងការដាក់ទណ្ឌកម្មប្រឆាំងរដ្ឋាភិបាលមួយ ដែលបានជួយរំដោះប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ មានប្រទេសជាច្រើនក្នុងសហគមន៍អន្តរជាតិ រួមមាន សហគមន៍អ៊ឺរ៉ុបផងដែរ បានជួយពាំនាំសុខសន្តិភាព លទ្ធិប្រជាធិបតេយ្យ វឌ្ឍនភាពសង្គម និងវិបុលភាពសេដ្ឋកិច្ចដល់ព្រះ-រាជាណាចក្រកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ គួរតែត្រូវបានធ្វើឱ្យប្រសើរថែមទៀត ជាជាងវិលត្រឡប់ទៅរកកំហុសដដែលៗ ដូចពីសម័យអតីតកាល។

៤- ប្រជាធិបតេយ្យរូបនីយកម្មនៅកម្ពុជាកំពុងរីកចម្រើនទៅមុខជាលំដាប់ ហើយមិនអាចវិលត្រឡប់ថយ ក្រោយបានឡើយ ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងទិដ្ឋភាពប្រជាធិបតេយ្យដែលកំពុងវិវត្តទៅមុខជានិច្ច ដែលបានគ្របដណ្ដប់លើគ្រប់គណបក្សនយោបាយទាំងអស់ ដែលមាននិន្នាការ និងគោលដៅផ្សេងៗគ្នា សង្គមស៊ីវិលរីកចម្រើនមួយ សហជីពពាណិជ្ជកម្ម និងប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ។

ដូច្នេះ យើងខ្ញុំសូមជំរុញឱ្យសភាអឺរ៉ុប មេត្តាវាយតម្លៃប្រកបដោយសត្យានុម័តចំពោះការវិវត្តន៍នយោបាយ នៅកម្ពុជា និងសូមបន្តចូលរួមសិក្សាស្វែងយល់អំពីក្រុមបក្សនយោបាយទាំងអស់នៅកម្ពុជា ដោយឈរលើគោលការណ៍ នៃការជឿទុកចិត្តគ្នា ការគោរពគ្នា និងផលប្រយោជន៍ទៅវិញទៅមក៕