ដោយ​: ពៅ​និមល​/​ភ្នំពេញ​: ជាការ​កត់សម្គាល់​ចាប់តាំងពី​ខែមករា​មក​តម្លៃ​លក់រាយ​ប្រេង​ឥន្ទ​នៈ​នៅ​កម្ពុជា​បាន​កើន​តម្លៃ​បន្តិច​ម្តងៗ ជា​លំដាប់ ដោយ​ប្រេងសាំង​ធម្មតា​កើន​ពី ៣.២០០​រៀល មកដល់ ៣.៧៥០​រៀល ក្នុង​មួយ​លីត្រ​។ ជាមួយគ្នានេះ​អ្នកជំនាញ​ក្នុងវិស័យសេដ្ឋកិច្ច​បានឱ្យ​ដឹង​ការឡើង​ថ្លៃ​នេះ​បណ្តាលមកពី​ស្ថានភាព​សេដ្ឋកិច្ច​នៅ​សហរដ្ឋ​អាម៉េរិក​និង​ដោយសារ​រដ្ឋាភិបាល​ថ្មី​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​។​

​លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នកវិភាគ​សេដ្ឋកិច្ច កាលពី​ថ្ងៃទី​១៦ ខែមីនា​បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​ថា​ការឡើង​ថ្លៃ​ប្រេង ដោយសារតែ​អាម៉េរិក​បាន​វាយលុក​ចូល​ទីផ្សារ​ភាគហ៊ុន​នៃ​វិស័យ​ប្រេង ទើប​ធ្វើឱ្យ​ដំណើរការ​ថ្លៃ​ប្រេង​ល្អប្រសើរ​ឡើងវិញ​និង​មាន​វិបត្តិ មួយចំនួន​នៅក្នុង​ប្រទេស​អារ៉ាប់​សា​អូឌីត​។​ដូច្នេះ​វិបត្តិ​ទាំងអស់​នេះហើយ​ធ្វើឱ្យ​ថ្លៃ​ប្រេង​ឡើងថ្លៃ​។​ប្រទេស​កម្ពុជា​ថ្វីត្បិតតែ​មាន​ដំណក់​ប្រេង​ខ្លួនឯង តែ​យើង​មិនអាច​ចម្រាញ់​ប្រេង​នេះ​ទៅជា​ប្រេងសាំង​ប្រើ​ក្នុងស្រុក​ទេ គឺ​យើង​លក់​ប្រេង​ឆៅ​។​ដូច្នេះហើយ​ប្រេង​ដែល​ប្រើ បច្ចុប្បន្ន​ជា​ប្រេង​នាំចូល​។​

លោក​បន្ថែមថា “​ទោះជា​រដ្ឋាភិបាល​បានធ្វើ​ឧបត្ថម្ភ​ធន​ទៅលើ​ថ្លៃ​ប្រេង​ដោយ​ស្ងៀមស្ងាត់​ទាក់ទង​ទៅនឹង​ការបន្ធូរបន្ថយ​ពន្ធ​នាំចូល ថ្លៃ​ប្រេង​ក៏ដោយ​ក៏​នៅតែ​ថ្លៃ​ប្រេង​នៅតែមាន​កំណើន​ខ្ពស់​តាមរយៈ​ថ្លៃ​ប្រេង​អន្តរជាតិ​។​អ៊ីចឹង​ផលប៉ះពាល់​របស់​វា​គឺ​ទៅលើ​ក្រុម​ដែល​រងគ្រោះ​នេះឯង​។ គឺ​ក្រុម​សេវា​ដឹកជញ្ជូន ទី​១.​គាត់​ឡើង​ថ្លៃដើម​នេះហើយ ទី​២.​កាត់បន្ថយ​នូវ​ចំនួន​អ្នកជិះ​បន្តទៅទៀត​។​ចំណុច​នេះ ជា​ចំណុច​ដែល​ប៉ះពាល់​។ ខ្ញុំ​ជឿថា​ត្រូវតែមាន​ការកែតម្រូវ​ដោយ​សេដ្ឋកិច្ច​ខ្លួនឯង តួនាទី​របស់​រដ្ឋាភិបាល​ក្នុងនោះ​ខ្ញុំ​ជឿថា អាច​នឹង​រដ្ឋាភិបាល​ដើរតួនាទី​រយះពេល​ខ្លី​សម្រាប់​ទប់​វិបត្តិ​នឹង​បាន​ដើម្បី​កុំឱ្យ​វា​ឡើង​លឿន​ពេក​”​។​

​ពាក់ព័ន្ធ​បញ្ហា​ខាងលើនេះ លោក សេរី​វឌ្ឍន៍ បាន​អំពាវនាវ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​មេត្តា​ចូលរួម ក្នុងការ​កាត់បន្ថយ​ការជួប​ជុំគ្នា ព្រោះថា​ពេលនេះ​នៅតាម​តំបន់​មួយចំនួនធំ នៅតែមាន​ការជួប​ជុំគ្នា ហើយ​មិនមាន​ការភ័យខ្លាច និង​មិនមាន​ការពាក់​ម៉ាស​ជាដើម ដែល​បញ្ហា​ទាំងអស់នេះ​ស្នើ​សុំឱ្យ​ចូលរួម​គោរព​តាម​ការណែនាំ ក៏ដូចជា​ច្បាប់​ថ្មី​របស់​រដ្ឋាភិបាល​បានដាក់​ចេញ ដើម្បី​ចៀសវាង​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ពីមួយ​ទៅមួយ​។​

​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​រត់​ម៉ូតូឌុប និង​ម៉ូតូ​កង់​បី បាន​ត្អូញត្អែរថា ខណៈដែល​ជួប​បញ្ហា​ប្រឈម​នឹង​ជំងឺ​កូ​វីដ​១៩​ជាពិសេស ក្រោយ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ធ្វើឱ្យប៉ះពាល់​យ៉ាងខ្លាំង​ដល់​ប្រាក់ចំណូល ណាមួយ​ថ្លៃ​ចំណាយ​ម្ហូបអាហារ​ប្រចាំថ្ងៃ​ផង និង​មួយវិញទៀត​បញ្ហា​បំណុល​ដែល​ធ្វើឱ្យមាន​ការលំបាក​។​

​សូមបញ្ជាក់ថា ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ ពីថ្ងៃ​ទី​១៦ ដល់​ថ្ងៃទី​៣១ ខែមីនា​នេះ សម្រាប់​ប្រេងសាំង​ធម្មតា ថ្លៃ ៣.៧៥០​រៀល ក្នុង​មួយ​លីត្រ​។ រីឯ ប្រេងម៉ាស៊ូត​ថ្លៃ ៣.៣៥០​រៀល ក្នុង​មួយ​លីត្រ ខណៈដែល​ចន្លោះ​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៥​ខែមករា​កន្លងទៅ សម្រាប់​ប្រេងសាំង​ធម្មតា​ថ្លៃ ៣.២០០​រៀល ក្នុង​មួយ​លីត្រ​។ ដោយឡែក ប្រេងម៉ាស៊ូត​ថ្លៃ​តែ ២.៩៥០​រៀល ប៉ុណ្ណោះ​ក្នុង​មួយ​លីត្រ​៕​