ដោយ: ប.ជ័យ / បន្ទាយមានជ័យ: ករណីសិស្ស២០ប្លាយនាក់ ទន់ដៃទន់ជើង ដួលសន្លប់នៅវិទ្យាល័យភ្នំធំឃុំអូរប្រាសាទស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ព្រមទាំងអាណាព្យបាល ថា សិស្សានុសិស្សទាំងនោះ អាចមានសុខភាពចុះខ្សោយដោយអន្លើ ដែលបណ្តាលមកពីអាច ខ្វះជាតិកាល់ស្យូម(ស្ករ )អាកាសធាតុក្តៅហប់.ក្នុងពេលប្រែប្រួលអាកាសធាតុនារដូវប្រាំង រកភ្លៀងកក់ខែ កត្តាដំណេកជាដើម។
លោក ឆែម ម៉ូដែល នាយកវិទ្យាល័យភ្នំធំ ឃុំអូរប្រាសាទប្រាប់កាសែតរស្មីកម្ពុជាថ្ងៃត្រង់ទី១៧ខែមីនាឆ្នាំ២០២១ ថា ៖ បាតុភាពខាងលើបានកើតឡើងកាលពីរសៀលថ្ងៃទី១៦ខែមីនា ម្តងហើយ ដោយមានសិស្ស៣នាក់បានទន់ដៃទន់ជើង ហើយលោកគ្រូនិងអាណាព្យាបាលសិស្ស បាននាំសិស្សទៅអោយគ្រូពេទ្យពិនិត្យ ហើយគ្រូពេទ្យថា ពួកគេមានសុខភាពខ្សោយមកពីខ្វះជាតិកាល់ស្យូម ជាតិស្ករនិងក៏ដោយសារអាកាសធាតុក្តៅហប់១ពេល ខណៈមេឃរកកល់ភ្លៀងកក់ខែ។
លោកបន្តបន្តថា ៖លុះដល់ព្រឹកថ្ងៃទី១៧ខែមីនា សិស្ស៣នាក់នោះ ក៏មករៀនជាធម្មតា។ ហើយដល់ម៉ោង១០ព្រឹក នាពេលចេញលេង ថ្ងៃទី១៧ ខែមីនា ឆ្នាម២០២១ សិស្ស៣នាក់នោះ បូកនឹងសិស្សពីថ្នាក់ទី៧ដល់ទី១២ ចំនួនជិត២០នាក់ទៀតបានទន់ដៃទន់ជើង និងដួលសន្លប់។ ក្នុងចំណោម់នោះ សិស្សដែលរត់ទៅមើលគ្នា ក៏ស្លុតរន្ធត់ ហើយទន់ដៃទន់ជើងនិងដួលសន្លប់នឹងគេដែរទៅ។ សិស្សទាំងនោះ មានប្រុសម្នាក់និងស្រិ១៩នាក់។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានឲ្យដឹងថ្ងៃទី១៧ខែមីនាថា៖ សិស្ស ប្រុស ស្រី នៅវិទ្យាល័យភ្នំធំ ស្ថិតនៅ ភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ដែលមានបញ្ហាសុខភាពទាំងនោះ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពភ្នំតូចឃុំភ្នំតូច ទៅគ្លីនិកគ្លីនិចកង់រទេះនៅអូរស្ងួតឃុំបន្ទាយនាង និងទៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបុរី។ ហើយក្នុងបាតុភាពខាងលើ មន្ត្រីអាជ្ញាធរ ក្រុមយុវជន គ្រូពេទ្យនិងអាណាព្យបាលសិស្សបានទៅសង្គ្រោះទាន់ពេល។
លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យ ប្រាប់រស្មីកម្ពុជានៅថ្ងៃត្រង់ទី១៧ខែមីនាថា ៖ មកទល់រសៀលថ្ងៃដដែល ក្មេងសិស្សសាលាទាំងនោះ បានធូរស្បើយ ហើយបានចេញស្ទើរអស់ពីពេទ្យហើយ។
អំពីមូលហេតុនៃការទន់ដៃទន់ជើង ដួលសន្លប់របស់សិស្សនៅវិទ្យាល៏យខាងលើ ក៏ដូចនៅសាលាផ្សេងទៀតក្នុងទូទាំងប្រទេសកន្លងមក ត្រូវបានមន្ត្រី គ្រូពេទ្យ និងអាណាព្យបាលសិស្សថា មកពីកត្តាកុមារខ្វះជាតិកាល់ស្យូម(ស្ករ) កត្រាបម្រែបម្រួលអាកាសធាតុក្តៅ កត្តាដំណេកនិងក្តាកុមារដែលដូរទៅវ័យជំទង់ជាដើម។ ប៉ុន្តែគេនៅមិនដែលរកឃើញថា វាកើតឡើងពីកត្តារងការផលប៉ះពាល់ពីបរិស្ថានកខ្វក់ ការបំពុលខ្យល់ ការស្ថិតនៅចង្អៀតគ្នាច្រើន….នោះឡើយ៕