ដោយៈ ពៅ​និមល / ភ្នំពេញៈ គិត​រហូត​មកទល់ពេលនេះ ក្រោយ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុ​ម្ផៈ វីរុស​កូ​វីដ​១៩ នៅ​បន្ត​ការរីក​រាលដាល ដែល​បញ្ហា​នេះ ធ្វើឱ្យ​ប្រជាពលរដ្ឋ ដែល​ប្រកប​របរ​រត់​ម៉ូតូ​កង់​បី និង​អ្នកបម្រើ តាម​ភោជនីយដ្ឋាន ប្រមាណ ៨៥ ទៅ ៩០ ភាគរយ រង​ផលប៉ះពាល់​វិបត្តិ​សេដ្ឋកិច្ច ក្នុង​គ្រួសារ និង​ថយចុះ​នូវ ប្រាក់ចំណូល ប្រចាំថ្ងៃ​។​

​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច បាន​វិភាគ​ថាៈ ពាក់ព័ន្ធ​ព្រឹ​ត្ត​ការណ៍ ២០ កុម្ភៈ ជា​លក្ខណៈ​ប្រ​វិត្ត​សាស្ត្រ សម្រាប់​កូ​វីដ នៅ​កម្ពុជា ការរីក​រាលដាល​សហ​គម​ន៍​នេះ គឺមាន​ទ្រង់ទ្រាយ​ធំ ហើយ​ទាក់ទង​ជាមួយ ក្នុងការ​បង្ក្រាប ឬ​ការទប់ស្កាត់ ការបិទ​បញ្ចប់ នៅក្នុង​ការឆ្លង សហគមន៍​នេះ ហាក់ដូចជា​មិនទាន់ មាន​ភាព​កំណត់​ច្បាស់​នៅឡើយ ហើយ​អ្វីដែល​ធ្វើឱ្យប៉ះពាល់ ទៅដល់​វិស័យសេដ្ឋកិច្ច​ជាងគេ គឺ​ក្តី​ព្រួយបារម្ភ​របស់ ប្រជាពលរដ្ឋ ដែល​មិន​បានចេញ​ក្រៅ ហើយ​ពេល​នោះឯង ជា​ចំណុច​ធ្វើឱ្យ​ការចាយ របស់គាត់​ថមថយ និង​ឈានទៅដល់​ការធ្លាក់ចុះ នៃ​កម្លាំង​ផលិត ក្នុង​វិស័យសេដ្ឋកិច្ច​។​

​លោក​បាន​បន្តថាៈ អ្នក​ប៉ះពាល់​ធ្ងន់​ជាងគេ គឺ​ក្រុម​ផ្គត់ផ្គង់​សេវាកម្ម រួមមាន ក្រុម​ម៉ូតូ​កង់​បី ដែលជា​អ្នកមាន​ចំណូល​ទាប ហើយ​រង​ផលប៉ះពាល់ ស្ទើរតែ ៨៥ ទៅ ៩០ ភាគរយ​។ ទី​២.​អ្នក​ដែល​ធ្វើការ​តាម​ភោជនីយដ្ឋាន នៅពេលដែល​ភោជនីយដ្ឋាន ត្រូវបាន​បិទ អត់​មាន​ភ្ញៀវ នោះ​ក៏​ជា​កត្តា​ដែល​ធ្វើឱ្យប៉ះពាល់ ដល់ក​ត្តា​ជីវភាព​របស់គាត់​ដែរ និង​ទី​៣.​អ្នកលក់ដូរ មួយចំនួន​តូច ដែលជា​អាជីវកម្ម​ខ្នាតតូច មិនមែន​គេ​មិន​ហ៊ាន​ទិញ​ទេ តែ​គេ​ព្រួយបារម្ភ​ថា ការទិញ​លក់ តាម​គាត់ អាច​នឹងមាន​ការឆ្លង ដោយសារ​កង្វះ​អនាម័យ ចឹ​ង​អ្វីដែល​យើង​មើលឃើញ ផលប៉ះពាល់​នេះ សុទ្ធតែ​ប៉ះពាល់​ដល់ ក្រុម​ដែលមាន​ចំណូល​ទាប និង​ជន​ងាយ​រងគ្រោះ ដូច្នេះហើយ បើ​យើង​គិត​អំពី​ចរន្ត​សេដ្ឋកិច្ច ទាំងមូល​វិញ គ្របដណ្តប់ ៦០ ភាគរយ នៃ​កម្លាំង​សេដ្ឋកិច្ច​របស់​កម្ពុជា ហើយ​ការរីក​រាលដាល​នេះ មិនមែន​ផ្ទុះ​ទូទាំងប្រទេស​ទេ គឺមាន​ប៉ះពាល់ តែ​នៅក្នុង​តាម​ខេត្ត ចឹ​ង​តាម​ការវាយតម្លៃ​ផល​សេដ្ឋកិច្ច មាន​ផលប៉ះពាល់ មួយចំនួន ប្រមាណ ២០ ភាគរយ​ទេ នៅក្នុង​ចំណោម ៦០ ភាគរយ នៃ​វិស័យ​ចែករំលែក ក្នុង​វិស័យសេដ្ឋកិច្ច​។​

​ក្រៅពី​របរ​ដែល​ប៉ះពាល់ ខាងលើនេះ លោក​បណ្ឌិត បានលើកឡើង​ថាៈ ក្នុង​រយៈពេល ១​ខែ​នេះ វិស័យ​កសិកម្ម នៅ​កម្ពុជា ក៏មាន​ការស្រុតចុះ​ដែរ សម្រាប់​អ្នកធ្វើ​ស្រែ ចម្ការ និង​ការនាំ​ផលិតផល​ចេញ ដូចជា ស្វាយ ដំឡូង​ជាដើម ទៅ​ប្រទេស​ថៃ ហើយ​ត្រូវបាន​គេ​បន្ទាប​ថ្លៃ​។ ជាមួយគ្នានេះ លោក​បានបង្ហាញ នូវ​ដំណោះស្រាយ​ថា ដើម្បី​ចូលរួម​ការពារ​ពី​ជំងឺ​កូ​វីដ​១៩ យើង​ត្រូវ​ចូលរួម​ការពារ ឱ្យបាន​ល្អប្រសើរ តាម​ការណែនាំ​របស់ ក្រសួងសុខាភិបាល​។ ចំពោះ​ការលក់ដូរ​របស់ ប្រជាពលរដ្ឋ ត្រូវ​ឱ្យមាន​ធម្មតា កុំឱ្យ​បិទ​តែ​ត្រូវ​រក្សា​អនាម័យ និង​ស្តង់ដារ​គម្លាត ទៅតាម​ការណែនាំ​របស់ ក្រសួងសុខាភិបាល​។​

​មួយវិញទៀត ការលក់ដូរ​របស់​ប្រជាពលរដ្ឋ ត្រូវ​ឱ្យមាន​ធម្មតា កុំឱ្យ​បិទ​តែ​ត្រូវ​រក្សា​អនាម័យ និង​ស្តង់ដារ​គម្លាត ទៅតាម​ការណែនាំ របស់​ក្រសួងសុខាភិបាល យើង​អាច​ទប់ទល់ ក្នុង​រយៈពេល​ខ្លី​បាន ហើយ​មួយទៀត រដ្ឋាភិបាល ក៏​គួរតែមាន​ការឧបត្ថម្ភ​មួយចំនួន ទៅលើ​ក្រុម​អ្នកផ្គត់ផ្គង់​សេវា ព្រោះ​អ្នកនេះ ក៏​រង​ផលប៉ះពាល់ ជាពិសេស​ការជួយ​រប​ស់រ​ដ្ឋ ខ្ញុំ​ជឿថា មិនអាច​មានលទ្ធភាព ចែក​ប្រាក់ចំណូល​ខ្វះខាត ជួយ​គាត់​ទេ ចឹ​ង​មាន​វិធី​មួយទៀត ទប់​ទល់នឹង​ការរៀបចំ កម្មវិធី​ឡើងវិញ ការបង់ប្រាក់​ធនាគារ របស់គាត់ ព្រោះ​គាត់​រក​ចំណូល​ផ្គត់ផ្គង់ ក្នុង​គ្រួសារ មិនបាន​គ្រប់គ្រាន់​ផង ទម្រាំ​ទៅដល់​ការបង់​ធនាគារ​ទៀត ដូច្នេះ​ខ្ញុំ​ជឿថា រដ្ឋាភិបាល គួរតែ​ពិចារណា ការរៀបចំ​កម្មវិធី​ឡើងវិញ ការបង់ប្រាក់ ឬ​សង​ប្រាក់​របស់គាត់ ដើម្បី​ដោះស្រាយ​នូវ​វិបត្តិ​នេះ​។​

​ជាមួយគ្នានេះ លោក​បាន​អំពាវនាវ ទៅដល់​ប្រជាពលរដ្ឋ និង​ជនរួមជាតិ​ទាំងអស់ មេត្តា​ចូលរួម​ទប់ស្កាត់ ការរីក​រាលដាល នៃ​ជំងឺឆ្លង​កូ​វីដ​១៩ និង​កាត់បន្ថយ ការជួប​ជុំគ្នា ព្រោះថា នៅតាម​តំបន់​មួយចំនួនធំ នៅតែមាន​ការជួប​ជុំគ្នា ហើយ​មិនមាន​ការភ័យខ្លាច ការមិន​ពាក់​ម៉ាស មិន​គោរព​តាមច្បាប់​ថ្មី របស់​រដ្ឋាភិបាល ក្នុង​វិបត្តិ​កូ​វីដ ដែល​ធ្វើឱ្យមាន​ការឆ្លង ពីមួយ​ទៅមួយ​។​

​គិត​ត្រឹម​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១​នេះ ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅ​ទូទាំងប្រទេស​កម្ពុជា អ្នកមាន​វីរុស​កូ​វីដ ១៩ សរុប​ចំនួន ១.៥០៥ នាក់​។ ក្នុងនោះ អ្នក​ព្យាបាល​ជាសះស្បើយ ចំនួន ៨៤០ នាក់​។ អ្នក​កំពុង​សម្រាក​ព្យាបាល ចំនួន ៦៦២​នាក់​។ គួររម្លឹកថា ទាក់ទង​វីរុស​កូ​វីដ​១៩​នេះ នៅ​ប្រទេស​កម្ពុជា មាន​អ្នកស្លាប់​បាត់បង់​ជីវិត ចំនួន ១​នាក់​៕/V​