ដោយៈសុខ វណ្ណៈ ៖ បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម​/ភ្នំពេញៈនៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ឡើងកាន់​អំណាច ហើយ​ប្រជាជន​ភាគច្រើន​ស្គាល់​ថា ជា​របប​ខ្មែរក្រហម ឬ របប ប៉ុល ពត​។ របប​ខ្មែរក្រហម​មាន​កៅអី​នៅ​អង្គការសហប្រជាជាតិ​ពិតមែន តែ​របប​មួយ​នេះ​បាន​គាំទ្រ​របប​កុម្មុយនីស្ត​។ នៅក្នុង​របប​កម្ពុជា​ប្រជា​ធិ​តេ​យ្យ​មាន​ស្ថានទូត​បរទេស​តិចតួច​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។ ស្ថានទូត​ចិន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​ជួយ​គាំទ្រ​របប​ខ្មែរក្រហម​ទាំង​សម្ភារ​យោធា និង​ស្បៀងអាហារ​រហូតដល់​ឆ្នាំ​១៩៩១​។​

ខាន់ លូត សព្វថ្ងៃ​ប្រកបមុខរបរ​ធ្វើស្រែ​ចម្ការ នៅ​ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល ខេត្តកោះកុង​។​
(​សុខ វណ្ណៈ​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)
​ ​ពី​កុមារភាព​
​ ​ខ្ញុំ​មាន​ស្រុកកំណើត​នៅ​ភូមិ​ពោធិ៍ធំ ឃុំ​ពោធិ៍​អង្ក្រង ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ​។ ខ្ញុំ​រស់នៅ​ជាមួយ​ឪពុកម្តាយ​រហូត​ពេញវ័យ​។ ខ្ញុំ​មាន​ឪពុក​ឈ្មោះ ឌី ណុប និង ម្តាយ​ឈ្មោះ ម៉ៅ យ៉ាន​។ ឪពុកម្តាយ​ខ្ញុំ​គឺជា​កសិករ ។​
​ ​ខ្ញុំ​រៀន​បាន​ត្រឹម​ថ្នាក់​ទី​១០​ចាស់ នៅ​សាលាបឋមសិក្សារ​វត្ត​ពោធិ៍​។ ខ្ញុំ​មាន​បងប្អូន​បង្កើត​ចំនួន​ប្រាំ​បីនាក់​គឺ​ប្រុស​បួន​នាក់ និង​ស្រី​ចំនួន​បួន​នាក់​។ នៅពេល​ប្រទេសជាតិ​ធ្លាក់ចូល​ទៅក្នុង​សង្គ្រាមស៊ីវិល និង​មាន​រដ្ឋប្រហារ​ទម្លាក់​ស​ម្តេច​ព្រះ នរោត្តម សីហនុ នៅ​ឆ្នាំ​១៩៧០ នៅ​ក្នុងភូមិ​របស់ខ្ញុំ​បាន​ក្លាយជា​តំបន់​រំដោះ ដែលមាន​ចលនា​ខ្មែរក្រហម​ចូលមក​ឃោ​នា​ពេញ​ភូមិ​។ ខ្ញុំ​មាន​វ័យ​ជំទង់​បាន​ទៅ​ចូលរួម​មើល​កម្លាំង​ប្រជាជន កម្លាំង​យុវជន​មួយចំនួន​ធ្វើ​មហា​បាតុកម្ម​នៅ​ម្តុំ​ផ្សារ​អង្គតាសោម​។ កាលនោះ​ត្រូវបាន​ទាហាន​ខាង​លោក​សេនាប្រមុខ លន់ នល់ បាញ់​បង្ក្រាប អ្នកចូលរួម​បាតុកម្ម​ទាំងនោះ ហើយ​ក្រោយមក​បាតុកម្ម​ក៏ត្រូវ​បាន​រំសាយ​អស់​។ បន្ទាប់មក មានការ​ទម្លាក់​គ្រាប់បែក​ពី​ខាង​ទាហាន លន់ នល់ ដែលមាន​ការជួយ​គាំទ្រ​ពី​សហរដ្ឋ​អា​មេ​រិច​។ គ្រាប់បែក​ទម្លាក់​នៅតាម​ស្រុកស្រែ​ចម្ការ បានធ្វើ​ឲ្យ​ប្រជាជន​ជួប​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​ធ្វើ​ឲ្យ​កូនចៅ​អ្នកស្រុក​រស់នៅ​តាម​ជនបទ​មាន​កំហឹង​ឈឺចាប់ និង​រួម​កម្លាំង​គ្នា​ចូលធ្វើ​យោធា​ខាង​ប្រជាជាតិ​ក្រោយមក​ទើបបាន​ដឹងថា​ជា​ខ្មែរក្រហម​។​

​ជីវិត​ជា​យោធា​ខ្មែរក្រហម​
​នៅ​ខែកុម្ភៈ ឆ្នាំ​១៩៧៤ ខ្ញុំ​បាន​ស្ម័គ្រចិត្ត ចូលធ្វើ​យោធា​ខ្មែរក្រហម​ជាមួយ​មិត្តភក្តិ​នៅក្នុង​ភូមិ​តាមរយៈ​ការឃោសនា​របស់​ខ្មែរក្រហម​។ ដំបូង​ខ្ញុំ​បាន​ចូល​ធ្វើជា​យោធា​ស្រុក​បរសេដ្ឋ​បាន​រយៈពេល​ខ្លី បន្ទាប់មក​ក៏​ឡើងជា​យោធា​តំបន់​៣៣​។ ខ្ញុំ​នៅ​ក្មេង​អង្គការ​ចាត់តាំង​ឲ្យ​ខ្ញុំ​រែក​បាយ​យកទៅ​ឲ្យ​យុទ្ធជន​ដែលជា​បងៗ​នៅ​សមរភូមិ​លង្វែក នៅ​ផ្លូវជាតិ​លេខ​៥​។ កាលនោះ​ប្រធាន​វរ​សេនា​ធំ​លេខ​២១ ឈ្មោះ តា​មៀ​ញ តា​ស្រល់ នៅក្នុង​កងពល​ទី​១​។ ក្រោយមកទៀត ខ្ញុំ​បាន​ឡើង​វាយ​នៅក្នុង​សមរភូមិ​ផ្ទាល់​។ អង្គភាព​ពេលនោះ​មាន​បី​គ ដែល​មួយ​អង្គភាព​មាន​ចំនួន​យោធា​ប្រហែលជា​៣០០​ទៅ​៤០០​នាក់ ឡើងទៅ​វាយ​តាម​សមរភូមិ​ជាមួយ​ទាហាន លន់ នល់ នៅ​ម្តុំ​ជំទាវ​ម៉ៅ ឆក​ឈើ​នាង រហូតដល់​ចោមចៅ​ខាងលិច​ផ្លូវ​រទេះភ្លើង​សំដៅ​មក​ទីក្រុង​ភ្នំពេញ​។ នៅ​ថ្ងៃទី​១៧ មេសា ឆ្នាំ​១៩៧៥ អង្គភាព​ខ្ញុំ​មិនបាន​វាយ​ចូល​ទីក្រុង​ភ្នំពេញ​ដោយផ្ទាល់​ទេ គឺ​អង្គការ​បាន​ចាត់តាំង​ឲ្យ​មក​វាយ​នៅ​ម្តុំ​ដោះ​កញ្ជរ​តាមផ្លូវ​ជាតិ​លេខ​៤ ខាងលិច​ត្រែងត្រយឹង​រហូតដល់​វា​ល​រិញ បន្ទាប់មក​ខ្ញុំ​បាន​ឡើង​ជិះ​រថយន្ត​មក​ក្រុង​កំពង់សោម​តែម្តង​។​
​ ​

ជីវិត​ក្រោយ​ចប់​សង្គ្រាម​
​ ​នៅ​ឆ្នាំ​១៩៧៥ ខ្ញុំ​បានមក​ដល់​ក្រុង​កំពង់សោម និង​បាន​ចូលធ្វើ​ការងារ​នៅ​ក្រសួងពាណិជ្ជកម្ម ផ្នែក​កម្មករ​លីសែង​នៅ​ផែ​។ ពេលទៅដល់​កំពង់សោម​មុនដំបូង ខ្ញុំ​បានឃើញ​ប្រជាជន​កំពុងធ្វើដំណើរ​ចេញពី​ក្រុង​ហើយ​ប្រជាជន​ទាំងនោះ​នាំគ្នា​ដេក​តាម​ផ្លូវថ្នល់​មិនដឹងថា ទៅ​កន្លែង​ណាខ្លះ​ទេ​។ ពេលនោះ​នៅក្នុង​ក្រុង​កំពង់សោម មានតែ​កម្មាភិបាល​ខ្មែរក្រហម យោធា និង​កម្មករ​រស់នៅ​។ អង្គភាព​ខ្ញុំ​មួយ​អនុ​សេនា​តូច​មាន​គ្នា​ជាង​៣០​នាក់​ត្រូវ​សម្រាក​នៅ​អូរត្រេះ​មួយ​សប្ដាហ៍ ទើប​អង្គការ​ចាត់តាំង​ឲ្យ​មក​លីសែង​នៅ​កំពង់ផែ ដែលមាន​អ្នក​ក្ដាប់​កំពង់ផែ​ឈ្មោះ តា​គ្រិន​។ កប៉ាល់​មុនដំបូង​ដែល​ខ្ញុំ​បានឃើញ​នោះ គឺ​កប៉ាល់​របស់​ប្រទេស​ចិន ព្រោះ​មាន​ទាំង​អក្សរ​ចិន និង​ជនជាតិ​ចិន​និយាយ​ភាសា​ចិន​។ កាលនោះ​ខ្ញុំ​ស្តាប់​មិនបាន​ទេ តែ​ប្រធាន​វរ​សេនា​តូច​ឈ្មោះ ម៉ុ​ន ជា​អ្នក​និយាយ​ប្រាប់ថា កប៉ាល់​មួយគ្រឿង​អាច​ដឹកទំនិញ​បាន ១០.០០០​តោន ហើយ​កប៉ាល់​ខ្លះ​អាច​ដឹក​បាន​៨០០០​តោន មកជួយ​ប្រទេស​កម្ពុជា​ដែលជា​មិត្ត​។ ជំនួយ​ដំបូង​របស់​ប្រទេស​ចិន​ដែល​ខ្ញុំ​បាន​លីសែង​រួមមាន អង្ករ កំណល់​រទេះភ្លើង និង​ដងរែក​សម្រាប់​លើកដី​លើក​ទំនប់​។ អី​ឥ​វ៉ាន់​ទាំងនោះ​ត្រូវ​ដឹកជញ្ជូន​តាម​រថយន្ត​បន្តម​កដា​ក់នៅ​ឃ្លាំង​ខាងលើ រួចហើយ​រថយន្ត​មក​ដឹក​បន្តទៅ​តំបន់ និង​ភូមិភាគ​ផ្សេងៗ​។ កប៉ាល់​ប្រទេស​ចិន​បាន​ដឹក​អីវ៉ាន់​ចេញពី​ប្រទេស​កម្ពុជា​វិញ រួមមាន ៖ គ្រាប់​ឈូក​, សំឡីកប្បាស គ​, ដើម​ស្រល់​ខ្នាត​ធំៗ​, កៅស៊ូ​, គ្រាប់​សំ​រ៉ង​, ដូងទុំ និង​ឆ្អឹង​សត្វ​ជាដើម​។ កម្មករ​មាន​ទាំង​យុវជន យុវនារី​រាប់រយ​រាប់ពាន់នាក់​សរុប​ទាំង​អង្គភាព​ផ្សេងៗ​។ នៅពេលនោះ​កម្មករ​ធ្វើការ​ងារ​នៅ​ក្រុង​កំពង់សោម​ទោះបី​លំបាក​បន្តិច​តែមាន​អាហារ​ហូបចុក​គ្រប់គ្រាន់​។ នៅ​កំពង់ផែ អង្គការ​ហាម​មិន​ឲ្យ​ជក់បារី​ទេ ប៉ុន្តែ​មាន​ជន​ជាតិចិន​លួចលាក់​ឲ្យ​កម្មករ​ខ្មែរ​ម្តង​មួយ​សុង​ពីរ​សុង​។ ខ្ញុំ​ធ្វើ​ការងារ​ជា​កម្មករ​កំពង់ផែ​បាន​ប្រហែល​បួន​ប្រាំ​ថ្ងៃ​ក្រោយមក​ឃើញ​មាន​ព្រឹត្តិការណ៍​ថ្មី​កើតឡើង​បន្ទាប់ពី​ចប់​សង្គ្រាម​៥​ឆ្នាំ​។ ខ្ញុំ​បានឃើញ​ដោយផ្ទាល់ គឺមាន​យន្ត​អា​មេ​រិច​មក​ទម្លាក់​គ្រាប់បែក​នៅ​ផែ​កំពង់សោម​។ ពេលនោះ​ខ្ញុំ​ដឹងថា មាន​ជនជាតិ​ចិន​ចំនួន​ពីរ​នាក់​ត្រូវរបួស និង​បានដឹងថា​មានការ​ទម្លាក់​នៅតាម​កោះ​មួយចំនួនទៀត ដោយមាន​ឆេះ​ឃ្លាំង​នៅ​កំពង់សោម​មួយកន្លែង ។ យន្តហោះ​ទាំងនោះ​បាន​ទម្លាក់​ចន្លោះ​ពី​ម៉ោង​៩​ព្រឹក​និង​ចន្លោះ​ម៉ោង​១២​ថ្ងៃត្រង់​។ កាលនោះ​ខ្ញុំ​មិនមែន​នៅ​ខាង​យោធា​មិនសូវ​រឿងរ៉ាវ​ពី​ការទម្លាក់​ទេ គ្រាន់តែ​ឮ​តាម​គ្នា​ថា មកពី​យោធា​ខ្មែរក្រហម​ទៅ​ចាប់​កប៉ាល់​ដឹកទំនិញ​របស់​អា​មេ​រិច​ដែល​បានធ្វើ​ដំណើរ​ឆ្លងកាត់​តាមផ្លូវ​សមុទ្រ​អន្តរជាតិ​ជិត​កោះ​ពូ​លូ​វៃ​។​

​ ​នៅ​ឆ្នាំ​១៩៧៧ ខ្ញុំ​បានឃើញ​កប៉ាល់​ប្រទេស​ចិន និង​កប៉ាល់​ចិន​ហុងកុង​ចូល​ផែ​កំពង់សោម​កាន់តែ​ច្រើនឡើងៗ​។ កប៉ាល់​ទាំងនោះ​ដឹកទំនិញ​ចូលមក រួមមាន ដែក និង​គ្រឿងសំណង់ បន្ទាប់មកទៀត​ឃើញ​មានការ​នាំចូល​សម្ភារ​យោធា​កាន់តែ​ច្រើនឡើងៗ មាន​ទាំង​រថយន្ត​ថ្មីៗ​រាប់រយ​គ្រឿង រថក្រោះ​ជាច្រើន​គ្រឿង កាំភ្លើង​តូចធំ​គ្រប់​ប្រភេទ និង​ចុងក្រោយ​ឃើញ​មាន​ទាំង​គ្រឿង​សម្រាប់​យន្តហោះ​ដឹក​មក​ទាំង​ឡាំង​ធំៗ​។ ពេលនោះ ខាង​កំពង់ផែ​ប្រើ​រថយន្តស្ទូច​ចេញពី​កប៉ាល់​ដោយ​លែង​ប្រើ​កម្លាំង​កម្មករ​លីសែង ហើយ​មក​ប្រើ​សុទ្ធតែ​គ្រឿងចក្រ​បញ្ជា​វិញ​។ កម្មករ​គ្រាន់​ជួយ​រៀបចំ​ដាក់បញ្ចូល​ឃ្លាំង​ប៉ុណ្ណោះ​ដើម្បី​រៀបចំ​ដាក់​ក្នុង​ទូរ​រទេះភ្លើង និង ទំនិញ​មួយចំនួនធំ​ដឹក​តាម​រថយន្ត​មក​ទីក្រុង​ភ្នំពេញ​។​

នៅ​អំឡុង​ឆ្នាំ​១៩៧៧ ដដែល ខ្ញុំ​រួមទាំង​អង្គភាព​មួយ​អនុ​សេនា​តូច​មាន​គ្នា​៣៦​នាក់ អង្គការ​ចាត់តាំង​ឲ្យ​មក​ធ្វើ​ការងារ​នៅ​រោងចក្រ​ប្រេងកាត​ជាមួយ​ជនជាតិ​ចិន​វិញ​។ ខ្ញុំ​បានដឹងថា ជនជាតិ​ចិន​មាន​ច្រើន​រាប់រយ​នាក់​សុទ្ធ​ជា​អ្នកជំនាញ​បច្ចេកទេស ស្នាក់នៅ​កន្លែង​ផ្សេង​ពី​កម្មករ​ខ្មែរ​។ នៅវេលា​ម៉ោង​៧​ព្រឹក ជន​ជាតិចិន​ទាំងនោះ​ជិះ​រថយន្តក្រុង​មក​ធ្វើការ ហើយ​នៅពេល​ល្ងាច​បាន​ត្រឡប់​ទៅវិញ​។ ខ្ញុំ​នៅចាំ​ឈ្មោះ​ជនជាតិ​ចិន​ពីរ​នាក់​ទីមួយ​ឈ្មោះ ឡោ សៀ និង​ទី​ពីរ ឈ្មោះ ឡោ ជី​ង​។ ជន​ជាតិចិន​ទាំងនោះ​មាន​វិន័យ​ណាស់ និង​មិន​ស្រែក​ឡូឡា​ទេ​។ ខ្ញុំ​បានដឹងថា ជនជាតិ​ចិន​ទាំង​នោះមក​ប្រទេស​កម្ពុជា​ធ្វើការ​នៅតាម​គម្រោង​ជាច្រើន រួមមាន​ដូចជា សាងសង់​អគារ សាងសង់​កំពង់ផែ សាងសង់​ស្ពាន​ថ្នល់ ជាពិសេស​ព្រលានយន្តហោះ​។​
​ ​នៅ​ចុងឆ្នាំ​១៩៧៨ ប្រទេស​កម្ពុ​ជាមាន​សង្គ្រាម​ជាមួយ​ប្រទេស​វៀតណាម​កាន់តែ​តានតឹង​ឡើងជា​រៀងរាល់ថ្ងៃ​។ ពេលនោះ​កម្មករ​កំពង់ផែ​កំពង់សោម​ជាច្រើន ត្រូវបាន​អង្គការ​ជ្រើសរើស​មក​ធ្វើជា​យោធា​វិញ រួមទាំង​រូបខ្ញុំ​ផងដែរ​។ ខ្ញុំ​បាន​ឡើង​ជិះ​រថយន្ត​ចាក​ចេញពី​ក្រុង​កំពង់សោម​តាមផ្លូវ​ជាតិ​លេខ​៤​ហើយ​ឆ្លងកាត់​ទីក្រុង​ភ្នំពេញ​សំដៅទៅ​ខេត្តកំពង់ចាម​។ ខ្ញុំ​បាន​ទៅដល់​ស្រុក​អូររាំងឪ និង​ស្រុក​មេមត់ ដោយ​មិនទាន់បាន​ទៅដល់​ព្រំដែន​ផង​ក៏​ឮដំណឹង​ថា កងទ័ព​វៀតណាម​បាន​វាយ​ចូលដល់​ទីក្រុង​ភ្នំពេញ​។

ព្រឹ​តិ្ត​ការណ៍​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩
​នៅពេល​កងទ័ព​វៀតណាម​វាយ​ចូលដល់​ប្រទេស​កម្ពុជា​ភ្លាម អង្គភាព​របស់ខ្ញុំ​បើករថយន្ត​ចេញពី​ព្រំដែន​មកដល់​ស្រុក​ចម្ការលើ​ក៏​ឈប់​រថយន្ត ហើយ​នាំគ្នា​ចុះ​រត់​ចូល​ព្រៃ ដោយ​ដៃ​កាន់​កាំភ្លើង​ជាប់​ជានិច្ច​។ ជួន​ពេលខ្លះ​យើង​បាន​បាញ់​តបត​ជាមួយ​កងទ័ព​វៀតណាម​ថែមទៀត​។ ពេលខ្លះ​ខ្ញុំ​ត្រូវ​ហែល​ឆ្លងទន្លេ​មេគង្គ រួច​បន្ត​ឡើងមក​ស្រុក​ឧ​ត្តុ​ង្គ​ដោយ​ដើរកាត់​បន្ទាយលង្វែក​ឆ្លងទៅ​សាលា​លេខ​៥​។ ខ្ញុំ​បាន​ចូលទៅ​ព្រៃ​គ្រី ក្នុង​ទឹកដី​ខេត្តកំពង់ឆ្នាំង​។​
​ខ្ញុំ​បានសម្រេច​ចិត្ត​នៅ​ជាមួយ​យោធា​ខ្មែរក្រហម​ដដែល​ដោយ​មិន​ហ៊ាន​ត្រឡប់​ទៅរក​ស្រុកកំណើត​ដើម្បី​ជួប​ឪពុកម្តាយ​បងប្អូន​ទេ​។ ដោយសារ​ខ្លាច​វត្តមាន​កងទ័ព​វៀតណាម​ចាប់​យកទៅ​សម្លាប់ និង​ធ្វើ​ទារុណកម្ម​។ ខ្ញុំ​បាន​រត់​ជាមួយ​អង្គភាព​វរ​សេនា​តូច​មាន​ប្រហែល​៣៦​នាក់ លាយឡំ​ជាមួយ​កម្មករ​ផ្សេងៗ​ជាច្រើន​ទោ​ត​។ នៅពេល​រត់​ចូល​ព្រៃ យើង​ក៏​ចាប់ផ្តើម​បែក​គ្នា​ដែរ ដោយ​នៅសល់​សមាជិក​កាន់តែ​តិច​។ ខ្ញុំ​ស្នាក់នៅ​ក្នុងព្រៃ​បាន​ពីរ​យប់​ក៏​ចេញដំណើរ​ទៅ ត្បែងខ្ពស់ ភូមិ​ត្រពាំង​ម្ទេស ត្រពាំង​ព្រីង ក្រាំង​ស្រម៉រ ត្រៀម​វាយ​ជាមួយ​កងទ័ព​វៀតណាម​ទៀត ដោយ​អង្គភាព​របស់ខ្ញុំ​ដឹកនាំ​ដោយ តា​សារឿន​។ អង្គភាព​របស់ខ្ញុំ​វាយ​បណ្តើរ​ធ្វើដំណើរ​ទៅដល់​ទឹកដី​ខេត្តពោធិ៍សាត់ និង​បាន​ជួប តា​ឡ​ន​។ យើង​បាននាំគ្នា​ធ្វើដំណើរ​បន្ត​ទៅមុខទៀត​។​

​ ​នៅ​ខែមិថុនា ឆ្នាំ​១៩៧៩ ខ្ញុំ​បានរស់នៅ​ក្នុងព្រៃ​។ ខ្ញុំ​ចាប់ផ្តើម​ជួប​ការលំបាក និង​វេទនា​ខ្លាំង​។ ខ្ញុំ​ឃើញ​យុវនារី​ប្រាំពីរ​នាក់​អត់បាយ និង​បាន​ហូប​នាំគ្នា​ដើរ​ជីក​ក្តួច​ហូប មាន​អ្នកខ្លះ​អស់កម្លាំង​ផង និង​ពុល​ផង​ក៏​ស្លាប់​នៅក្នុង​ព្រៃ​។ សាកសព​អ្នក​ទាំងនោះ​គ្មាន​អ្នក​កប់​ឡើយ ព្រោះ​ម្នាក់ៗ​យកតែ​រួចខ្លួន​ប៉ុណ្ណោះ ទោះ​បងប្អូន​ក៏​មិន​អាចជួយ​គ្នា​បានដែរ​។ ខ្ញុំ​បានធ្វើ​ដំណើរ​បន្តទៀត​មាន​ប្រុស​មាន​ស្រី​។ ខ្ញុំ​ដើរ​សំដៅទៅ​ព្រំដែន​រហូតដល់​ផ្លូវបំបែក​ថ្មបាំង​ទៅ​ខេត្តកោះកុង​។ បន្ទាប់មក យើង​បន្ត​ទៅដល់​ត្រពាំងរូង ទើបបាន​ជួប​ប្រធាន​កងពល​ឈ្មោះ តា​សេង​។
​ ​នៅ​អំឡុង​ឆ្នាំ​១៩៧៩ ដដែល​មាន​យុវជន​យុវនារី​ជាច្រើន​រួមទាំង​រូបខ្ញុំ​ផង ស្ម័គ្រចិត្ត​ចូលរួម​ជាមួយ​ចលនា​ខ្មែរក្រហម​ម្តងទៀត ព្រោះ​ខ្ញុំ​នៅ​ជឿ​លើ​ខ្មែរក្រហម ដែល​អប់រំ​មនោគមន៍វិជ្ជា​ច្បាស់លាស់​។ នៅ​ជំនាន់​ខ្មែរក្រហម​ទោះបី​ខ្ញុំ​បែកបាក់​ម៉ែឪ​បងប្អូន ប៉ុន្តែ​ខ្ញុំ​រស់នៅ​មាន​អាហារ​ហូបចុក​គ្រប់គ្រាន់ ហើយ​មេដឹកនាំ​ជំនាន់​ខ្មែរក្រហម​អប់រំ​មនោគមន៍វិជ្ជា​ថា កងទ័ព​វៀតណាម​ចូលមក​ឈ្លានពាន​ទឹកដី​កម្ពុជា​។ ខ្ញុំ​មានការ​ឈឺចាប់​ទើប​ស្ម័គ្រចិត្ត​ចូលធ្វើ​យោធា​នៅក្នុង​កងពល​ទី​២ ជាមួយ​តា​សេង នៅ​តំបន់​ថ្មបាំង ត្រពាំងរូង ក្នុង​ទឹកដី​ខេត្តពោធិ៍សាត់ និង​ខេត្តកោះកុង​។​

​ ​នៅ​ឆ្នាំ​១៩៨១ ខ្ញុំ​បាន​ផ្លាស់​មក​នៅ​ជាមួយ​ប្រធាន​កងពល​ឈ្មោះ តា​យ៉ង់ ប្រធាន​វរ​សេនា​តូច បង​នួន បង​ឆន​។ ខ្ញុំ​សមរភូមិ​វាយ​មួយ​កងទ័ព​វៀតណាម​និង​កងទ័ព​រដ្ឋាភិបាល​ក​ម្ពុ​ជា​នៅ​ម្តុំ​ភ្នំ​សំព័រ អូរ​សំឡាញ និង​ត្បូង​ក្រពើ​ពីរ​។ សង្គ្រាម​បានធ្វើ​ឲ្យ​ប្រទេស​ជា​ខ្ទេចខ្ទីរ គ្មាន​ការអភិវឌ្ឍន៍​និង​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ជា​រៀងរាល់ថ្ងៃ​។ សង្គ្រាម​បាន​បង្ក​ឲ្យ​ស្លាប់ និង​របួស ទាំង​កងទ័ព​ទាំង​ប្រជាជន​ស៊ីវិល ជាពិសេស​ប្រពន្ធ​កងទ័ព​ខ្មែរក្រហម​ដែល​រស់នៅ​ជាមួយ​ប្តី​នៅ​សមរភូមិ​តាម​ជាយ​ព្រំដែន​ខ្មែរ ថៃ​។​

​ ​ព្រឹត្តិការណ៍​ក្រោយ​សមា​រណកម្ម​
​ ​នៅ​ឆ្នាំ​១៩៩៨ មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​មួយចំនួន​រួមទាំង​ប្រធាន​កងពល​មាន​បញ្ហា​ផ្ទៃក្នុង​កាន់តែ​ធ្ងន់ធ្ងរ​មិន​ទុក្ខ​ចិត្ត​គ្នា​រហូតដល់​មាន​មេដឹកនាំ​ខ្មែរក្រហម​មួយចំនួន​បាត់​ខ្លួន​ថែមទៀត​។ នៅ​អំឡុង​ឆ្នាំ​១៩៩៨ មេដឹកនាំ​ខ្មែរក្រហម​មួយចំនួនធំ និង​ប្រធាន​កងពល​បានដឹង​ពី​គោ​លន​បាយ​ឈ្នះ​ឈ្នះ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​អ្នកណា​មាន​តួនាទី និង​ទ្រព្យសម្បតិ្ត​ផ្ទាល់ខ្លួន​គឺ​នៅ​រក្សាទុក​ដដែល ទើប​ចលនា​ខ្មែរក្រហម​បាន​ស្ម័គ្រចិត្ត​យល់ព្រម​ទាំង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​នាយទាហាន​។ ចាប់ពីពេលនោះ ទើប​ប្រទេសជាតិ​ទាំងមូល​បាន​សុខ​សប្បាយ​។​

​ ​សព្វថ្ងៃនេះ ខ្ញុំ​មាន​អាយុ​៦៣​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ សៀង បូរ មានកូន​ចំនួន​៤ ក្នុងនោះ​ស្រី​១ ប្រកបមុខរបរ​ធ្វើស្រែ​ចម្ការ នៅ​ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល ខេត្តកោះកុង​។ សព្វថ្ងៃ ចៅៗ​របស់​បាន​រៀនសូត្រ ប្រទេស​មាន​សុខសន្តិភាព លែងមាន​សង្គ្រាម​ដូច​កាល​ជំនាន់​មុន​។ ខ្ញុំ​មាន​ពេលវេលា​គ្រប់គ្រាន់​ទៅលេង​ស្រុកកំណើត​និង​ជួបជុំ​ឪពុកម្តាយ​បងប្អូន៕សរន
១) ខាន់ លូត សព្វថ្ងៃ​ប្រកបមុខរបរ​ធ្វើស្រែ​ចម្ការ នៅ​ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល ខេត្តកោះកុង​។​
(​សុខ វណ្ណៈ​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ ​