ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ សិស្សានុសិស្ស ពីថ្នាក់ទី៨ ដល់ ១២ ចំនួន ២០ នាក់ / ស្រី ១៩ នាក់ ដែលទន់ដៃ ទន់ជើង និង ដួលសន្លប់ កាលពីពេលចេញលេង ម៉ោង ១០ ព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នៅវិទ្យាល័យភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានជាសះស្បើយ ទាំងអស់វិញហើយ មកទល់ល្ងាចថ្ងៃដដែល ។ នេះបើតាមលោក ឆែម ម៉ូដែល នាយកវិទ្យាល័យភ្នំធំ បានប្រាប់រស្មីកម្ពុជា នាល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ។

លោកបានបន្តថាៈ សិស្សានុសិស្សទាំងនោះ ទទួលបានការជួយសង្គ្រោះ ទាន់ពេល ពីមិត្តរួមថ្នាក់ និងសាលា លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រង យុវជន ស.ស.យ.ក មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច និងគ្រូពេទ្យ។

យោងមន្ត្រីអាជ្ញាធរ សមត្ថកិច្ច គ្រូពេទ្យ និងអាណាព្យាបាលសិស្ស បានឱ្យដឹងថា មូលហេតុនៃឧប្បត្តិហេតុនេះ អាចមកពី សិស្សខ្វះ ជាតិកាល់ស្យូម (ស្ករ ) អាកាសធាតុ ប្រែប្រួលក្តៅហប់. ដំណេកមិនគ្រប់ និងការចម្រើនវ័យកុមារ ទៅជំទង់ និងពេញវ័យ ជាដើម៕/V