​ដោយៈ បូកគោ / កំ​ពតៈ ជា​ពាក្យ​ថ្លែងអំណរគុណ​ឆ្លើយតប ចំពោះ​សប្បុរសជន ម្ចាស់​អំណោយ អភិបាល​ខេត្តកំពត បានបញ្ជាក់​ថាៈ ម៉ាស់​មួយ​បន្ទះ អាច​យកឈ្នះ​ការចម្លង នូវ​មេរោគ​នៃ​ជំងឺ​កូ​វីដ​១៩ ចូលក្នុង​ខ្លួន​មនុស្ស​ម្នាក់ៗ បាន​យ៉ាង​គាប់ប្រសើរ​។​

​កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១ ក្រុមហ៊ុន​ខ្មែរ ភូ​ល​វែ​ល​ហ្វ៊ែ​រ ឡូត​ធើ​រី​, ខូ​អិ​ល​ធី​ឌី បាន​នាំយក​ម៉ាស់ ២៥.០០០ ពាន់​បន្ទះ ផ្តល់ជូន​រដ្ឋបាលខេត្ត​កំពត ដើម្បី​រួមចំណែក​ក្នុង​សកម្មភាព បង្ការ​ទប់ស្កាត់​ការរីក​រាលដាល នូវ​ជំងឺឆ្លង​កូ​វីដ​១៩ ដែល​កំពុង​យាយី ចូលដល់​ក្នុង​សហគមន៍​នានា​។​

​ថ្លែង​ក្នុងឱកាស​នោះ លោក ជាវ តា​យ អភិបាល​ខេត្តកំពត បាន​មានប្រសាសន៍ថាៈ ជា​ញឹកញយ រដ្ឋបាល​ខេត្តកំពត តែង​ទទួលបាន នូវ​អំណោយ​សប្បុរសធម៌ ពី​ក្រុមហ៊ុន​នានា ក៏ដូចជា តាមរយៈ​បុគ្គល ឬ​ក្រុមគ្រួសារ ក្នុង​បំណង​រួមចំណែក ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​។ ការបរិច្ចាគ​ថវិកា ឧបករណ៍ប្រើប្រាស់ ឬ​សម្ភារៈ​បរិក្ខារ វេជ្ជសាស្ត្រ​ផ្សេងៗ ពិសេស​ម៉ាស់​ការពារ មាត់​ច្រមុះ​ជា​ទឹកចិត្ត ប្រកបដោយ​សុ​ឆន្ទៈ ដើម្បី​បញ្ចៀស​នូវ ការឆ្លង​ជំងឺ​ពី​មនុស្ស​ម្នាក់ ទៅ​ម្នាក់ទៀត​។​

​អភិបាលខេត្ត បានបញ្ជាក់​ថាៈ ក្នុងដំណាក់កាល ដែល​ពិភពលោក ក៏ដូចជា កម្ពុជា​កំពុង​ប្រឈម​នឹង​ជំងឺ​កូ​វីដ​១៩ ដ៏​កាច​សាហាវ​នេះ គឺ​ម៉ាស់​មួយ​បន្ទះ អាច​យកឈ្នះ ដោយ​រារាំង​មិនឱ្យ​មេរោគ នៃ​ជំងឺ​កូ​វីដ​១៩ ចូលក្នុង​ខ្លួន​មនុស្ស​ម្នាក់ៗ បាន​យ៉ាង​គាប់ប្រសើរ​បំផុត​។ ដូច្នេះ ក្នុងនាម​រដ្ឋបាលខេត្ត លោក​នឹង​ចាត់ចែង អំណោយ​ដ៏​មាន​សារសំខាន់​ទាំងនេះ ឱ្យចំ​គោលដៅ ដើម្បី​ភាព​សុខដុម របស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​ពលរដ្ឋ​ទូទៅ ក្នុងន័យ​ចូលរួម សម្រាប់​សកម្មភាព​បង្ការ ទប់ស្កាត់​ការ​រាតត្បាត ក៏ដូចជា ការឆ្លង​ចូល​សហគមន៍ នូវ​ជំងឺ​កូ​វីដ​១៩៕/V​