​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ប្រធានាធិបតី​ស្តាំនិយម​របស់​ប្រេ​ស៊ី​លលោក ជែ បូល​សូ​ណារ៉ូ​កាលពី​ថ្ងៃ​ពុធ​ទី​១៧​មីនា​និយាយថា​លោក​សប្បាយចិត្ត​ដែល​ក្រុម​អ្នកគាំទ្រ​រៀបចំ​ការតវ៉ា​ប្រឆាំង​នឹង​គម្លាត​សង្គម​​ធ្វើឡើង​នៅ​ថ្ងៃ​តែមួយ​ដែល​ប្រទេស​នេះ​ចុះបញ្ជី​ករណី​កូវី​ដ​១៩​ថ្មី​ជាង ៩ ម៉ឺន​នាក់​ជា​លើកដំបូង​។​

​កំណត់ត្រា​នៃ​ការឆ្លង​នេះ​កើតឡើង​មួយថ្ងៃ​បន្ទាប់​ពីប្រេ​ស៊ីល​បាន​ចេញ​កំណត់ត្រា​ដាច់ដោយឡែក​មួយ​សម្រាប់​ការស្លាប់​ទាក់ទង​នឹង​វីរុស​កូរ៉ូណា​ច្រើន​បំផុត​រហូត​ជាង ២.៨០០​នាក់​ក្នុង​មួយ​ថ្ងៃ​កាល​​ពី​ថ្ងៃ​អង្គារ​។​

​លោក​បូល​សូ​ណារ៉ូ​និយាយ​អំពី​ការតវ៉ា​នៅ​ក្នុង​សុន្ទរកថា​ផ្សាយ​តាម​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់​។ ពួក​គេ​បង្ហាញ​ថា​មនុស្ស​នៅ​រស់​…​យើង​ចង់បាន​សេរីភាព​របស់​យើង យើង​​ចង់​ឱ្យ​ពិភពលោក​គោរព​រដ្ឋធម្មនុញ្ញ​របស់​យើង​”​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ លោក​បូល​សូ​ណារ៉ូ​បាន​តែងតាំង​អ្នកជំនាញ​ខាង​ជំងឺ​បេះដូង​ឱ្យធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ទី​៤ របស់​ប្រទេស​ចាប់តាំងពី​មាន​ជំងឺ​រាតត្បាត​។​ការផ្លាស់ប្តូរ​នេះ​បានកើត​​ឡើង​នៅ​ពេល​ដែល​អ្នកជំនាញ​ទូទាំង​ពិភពលោក​រិះគន់​ការរីក​រាលដាល​នៃ​វីរុស​កូរ៉ូណា​នៅក្នុង​ប្រទេសប្រេ​ស៊ីល​និង​ខណៈ​ដែល​លោក​បូល​សូ​ណារ៉ូ​និយាយ​សម្រាល​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ​។​

​ឥឡូវនេះ​ប្រេ​ស៊ីល​មាន​ករណី​ឆ្លង​ចំនួន ១១.៦៩៣.៨៣៨ ករណី​ដែល​ត្រូវ​បាន​បញ្ជាក់​។ ចំនួន​អ្នក​ស្លាប់​កាលពី​ថ្ងៃ​ពុធ​បាន​កើនឡើង ២.៦៤៨​នាក់​ដែល​ជា​ចំនួន​សរុប​ខ្ពស់​បំផុត​បន្ទាប់​ពី​កំណត់ត្រា​ដែល​​បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ ហើយ​ឥឡូវនេះ​មាន​អ្នកស្លាប់​សរុប ២៨៤.៧៧៥ នាក់​៕

​ប្រធានាធិបតី​ស្តាំនិយម​របស់​ប្រេ​ស៊ី​លលោក ជែ បូល​សូ​ណារ៉ូ