​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ រុស្ស៊ី​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​នៅ​សហរដ្ឋ​អាម៉េរិក​ត្រឡប់​ទៅ​ទីក្រុង​មូ​ស្គូ​វិញ​ដើម្បី​ពិគ្រោះ​យោបល់​កាលពី​ថ្ងៃ​ពុធ​ទី​១៧​មីនា បន្ទាប់ពី​លោកចូ បៃ​ដិនបាន​​ពណ៌នា​អំពី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន​ថា​ជា “​ឃាតករ​” ដែល​នឹង​ត្រូវ “​បង់​តម្លៃ​” សម្រាប់​ការជ្រៀតជ្រែក​ក្នុង​ការបោះឆ្នោត ដោយ​បង្ក​ឱ្យមាន​វិបត្តិ​ការទូត​ដ៏​ធំ​លើក​ដំបូង​សម្រាប់​ប្រធានាធិបតី​អាម៉េរិក​ថ្មី​។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ ABC News លោកបៃ​ដិន​ត្រូវបាន​គេ​សួរ​អំពីរ​បាយ​ការណ៍​ស៊ើបការណ៍​សម្ងាត់​របស់​ស​ហ​រដ្ឋ​អាម៉េរិក​ដែល​ថា​មេដឹកនាំ​រុស្ស៊ី​បាន​ព្យាយាម​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់បេ​ក្ខ​​ភាព​របស់​គាត់​នៅក្នុង​ការបោះឆ្នោត​ខែ​វិច្ឆិកា​ឆ្នាំ ២០២០ និង​លើកតម្កើង​លោក​ដូណាល់ ត្រាំ​។​

​លោកបៃ​ដិន​អាយុ ៧៨ ឆ្នាំ​បាន​និយាយថា “​គាត់​នឹងត្រូវ​បង់​តម្លៃ​”​។​

​នៅពេល​សួរ​ថា​តើ​លោក​គិត​ថា​លោក​ពូ​ទីន ដែល​គេ​ចោទប្រកាន់ថា​បាន​បញ្ជា​ឱ្យ​បំពុល​មេដឹកនាំ​ប្រឆាំង​លោក អា​ឡិច​សី ណា​វ៉ាល់​នី​និង​គូប្រជែង​ដទៃទៀត ជា “​ឃាតករ​” ឬ​យ៉ាងណា លោក​និយាយថា “​ខ្ញុំ​យល់​ថា​គាត់​ជា​ឃាតករ​”​។​

​ការអត្ថាធិប្បាយ​នេះ​ត្រូវ​បាន​ចាក់​ផ្សាយ​ខណៈ​ក្រសួង​ពាណិជ្ជកម្ម​អាម៉េរិក​បាន​ប្រកាសថា​ខ្លួន​កំពុង​រឹតបន្តឹង​លើ​ការនាំចេញ​ដែល​ដាក់​លើ​ប្រទេស​រុស្ស៊ី​សម្រាប់​ជា​ទណ្ឌកម្ម​ចំពោះ​ការបំពុល​លោក​ណា​វ៉ាល់​នី​។​

​រុស្ស៊ី​បាន​ឆ្លើយ​តប​ដោយ​ការកោះហៅ​ប្រេសិត​របស់ខ្លួន​ត្រឡប់​មក​ស្រុក​វិញ ទោះបីជា​ក្រសួងការបរទេស​អាម៉េរិក​មិន​បាន​តបត​វិញ ដោយ​ការកោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​នៅ​ទីក្រុង​មូ​ស្គូ​ក៏ដោយ​។​

​ក្រសួងការបរទេស​រុស្ស៊ី​និយាយថា “​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​លោក អាណា​តូ​លី អាន​តូ​នូវ​ត្រូវបាន​អញ្ជើញ​ឱ្យ​មក​ទីក្រុង​មូ​ស្គូ​ដើម្បី​ពិគ្រោះ​យោបល់​ក្នុង​គោលបំណង​វិភាគ​នូវ​អ្វី​ដែល​គួរ​​ធ្វើ​និង​ត្រូវ​ទៅ​កន្លែង​ណា​នៅក្នុង​បរិបទ​នៃ​ទំនាក់ទំនង​ជាមួយ​សហ​រដ្ឋ​អាម៉េរិក​”​។​

​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី​លោក សឺ​ហ្គី រី​យ៉ាប​កូវ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន RIA Novosti ថា​”​ការទទួលខុសត្រូវ​ចំ​ពោះ​ការធ្វើឱ្យ​យ៉ាប់យ៉ឺន​ទៅៗ​នៃ​ចំណង​មិត្តភាពរ​វា​ង​អាម៉េរិក​-​រុស្ស៊ី​​គឺ​អាស្រ័យ​ទាំងស្រុង​លើ​សហរដ្ឋ​អាម៉េរិក​”​។​

​នៅ​ទីក្រុង​វ៉ាស៊ីនតោន ក្រសួង​ការបរទេស​បាន​កត់សម្គាល់​អំពី​ចំណាត់ការ​របស់​រុស្ស៊ី ហើយ​និយាយ​ថា សហរដ្ឋ​អាម៉េរិក​នឹង “​នឹង​រង់ចាំ​មើល​អំពី​បញ្ហា​ប្រឈម​ដែល​រុស្ស៊ី​នឹង​ដាក់​ចេញ​មក​”​។​

​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP ថា​ប្រេសិត​អាម៉េរិក​នឹង​បន្ត​ស្ថិតក្នុង​ទីក្រុង​មូ​ស្គូ​”​ដោយ​សង្ឃឹម​អាច​រក្សាបាន​នូវ​បណ្តាញ​ទំនាក់ទំនង​បើកចំហ​​និង​កាត់បន្ថយ​ហានិភ័យ​នៃ​យល់​ខុស​រវាង​ប្រទេស​របស់​យើង​”៕

លោកចូ​បៃ​ដិន​ហៅ​លោក​ពូ​ទីនថា “​ឃាតករ​”