ដោយៈ បូកគោ / កំ​ពតៈ លោក​អភិបាល​ខេត្តកំពត បាន​ក្រើនរំលឹក​ដល់ ក្រុមហ៊ុន​ឧកញ៉ា សូ ងួន ឱ្យធ្វើ​សកម្មភាព​អភិវឌ្ឍន៍ តែ​លើដី​ដែល​បាន​ចុះ​ក្នុង​បញ្ជី រួចរាល់​ប៉ុណ្ណោះ​។ សារ​នេះ បាន​បញ្ចេញ​ក្នុង​កិច្ចប្រជុំ​ពិភាក្សា ករណី​ទំនាស់ រវាង​ក្រុមហ៊ុន​វើ​លដ៍​ទ្រី​ស្តារ​ជាមួយ​គ្រួសារ កងកម្លាំង សមាហរណកម្ម​ការពា​រ​ឆ្នេរ កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១​។​

​មានប្រសាសន៍ ក្នុង​កិច្ចប្រជុំ​ពិភាក្សា ខាងលើ លោក ជាវ តា​យ បាន​រំលឹកថាៈ គ្រប់​ក្រុមហ៊ុន ទាំងអស់ មិនត្រូវ​ធ្វើ​អ្វីមួយ​ខុស ពី​គោលការណ៍ ដែល​រាជរដ្ឋាភិបាល បានផ្តល់​សិទ្ធិ​ជូន​នោះ ឡើយ​។ និយាយ​រួម រាល់​ការអភិវឌ្ឍ​ទាំងឡាយ ក្រុមហ៊ុន អាចធ្វើ​សកម្មភាព​របស់ខ្លួន បានតែ​នៅលើ​ចំណែក​ដី ដែល​បាន​ចុះបញ្ជី រួចរាល់​ប៉ុណ្ណោះ​។​

​លោក​អភិបាលខេត្ត បាន​បន្តថាៈ ក្នុងន័យនេះ ក្រុមហ៊ុន​វើ​លដ៍​ទ្រី​ស្តារ មិនត្រូវ​ឈូសឆាយ ឬ​ប៉ះពាល់​ទីតាំង ដែល​មិនទាន់បាន​ការអនុញ្ញាត និង​កំពុង​កើត​ទំនាស់​ទេ​។ ជាក់ស្តែង កន្លែង​ដែលមាន​វិវាទ​ជាមួយ អតីត​កងកម្លាំង​សមាហរណកម្ម ការពារ​ឆ្នេរ ស្ថិតក្នុង​ភូមិ​ដុំ​ផ្តៅ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក​នោះ ក្រុមហ៊ុន ត្រូវ​ផ្អាក​សកម្មភាព​កាយ​ព្រំដី​បណ្តោះអាសន្ន សិន​។ នៅពេល​ដំណោះស្រាយ​ទំនាស់ ត្រូវបាន​បញ្ចប់ និង​មានការ​អនុញ្ញាត​ត្រឹមត្រូវ ទើប​អាច​ដំណើរការបាន​។ ដូច្នេះ​ភាគី​ទាំងសងខាង ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​សិន​៕/V​-PC