ដោយៈ មេក វិ​ន អ្នកស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​/​ភ្នំពេញៈ​​អ៊ុន ណ​ម ភេទ​ស្រី​អាយុ​៥៦​ឆ្នាំ​ ​មាន​ស្រុកកំណើត​នៅ​ភូមិ​ដុន​អុន ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប​។​

រូបថត ÷ អ៊ុន ណម អាយុ ៥៦ ឆ្នាំ រស់នៅភូមិទួលសាលា ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ (មេក វិន/មជ្ឈមណ្ឌល ឯកសារ កម្ពុជា)

អ៊ុន ណ​ម បាន​និយាយ​រៀបរាប់​អំពី​ការងារ​ក្នុង​ក្រសួង​ឃ្លាំង​រដ្ឋ​របស់​ខ្មែរក្រហម​នៅក្នុង​ទីក្រុង​ភ្នំពេញ ថា​៖
«​មុន​ឆ្នាំ​១៩៧០ ខ្ញុំ​បានរស់នៅ​ផ្ទះ​ជួបជុំ​គ្រួសារ និង​ជួយ​ធ្វើស្រែ​ចម្ការ​ឪពុកម្ដាយ​។ បន្ទាប់ពី លន់ នល់ បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្ដេចព្រះ នរោត្តម សីហនុ នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០ ប្រទេសជាតិ​ក៏​ចាប់ផ្ដើម​កើតមាន​សង្គ្រាម​។ ភូមិ​ដូន​អុន​ក៏​ស្ថិតក្នុង​ស្ថានភាព​វឹកវ​រ​។ គ្រួសារ​របស់ខ្ញុំ រួមទាំង​ប្រជាជន​ជាច្រើន​ទៀត ត្រូវបាន​ជម្លៀស​ចេញពី​ស្រុកកំណើត​។ មិនយូរប៉ុន្មាន​ឪពុក​ខ្ញុំ​ក៏បាន​ចូលធ្វើ​ទាហាន​ខ្មែរក្រហម​។

ក្នុង​ឆ្នាំ​១៩៧៦ ខ្ញុំ ម្ដាយ​របស់ខ្ញុំ និង​ប្អូនប្រុស​ខ្ញុំ​ម្នាក់ ត្រូវបាន​ខ្មែរក្រហម​បញ្ជូនទៅ​ទីក្រុង​ភ្នំពេញ​។ ទិដ្ឋភាព​នៅក្នុង​ទីក្រុង​ភ្នំពេញ​នៅពេលនោះ​គឺ​ស្ងាត់ជ្រងំ និង​គ្មាន​ប្រជាជន​រស់នៅ​ទេ​។ ខ្ញុំ​បាន​ឃើញតែ​កងទ័ព​ខ្មែរក្រហម​នៅតាម​ផ្លូវ​តែប៉ុណ្ណោះ​។ នៅពេល​ទៅដល់​ភ្នំពេញ​ភ្លាម ខ្ញុំ​ត្រូវបាន​បញ្ជូនទៅ​ក្រុង​តាខ្មៅ​។ ប៉ុន្តែ ឪពុក​ខ្ញុំ​បាន​ស្នើសុំ​ប្រធាន​កងវរៈសេនាតូច​ឲ្យ​ខ្ញុំ​នៅ​ជាមួយ​នារីៗ និង​ជួយ​ធ្វើ​ការងារ​នៅក្នុង​«​ក្រសួង​ឃ្លាំង​រដ្ឋ​» ដែល​ស្ថិតនៅត្រង់​គីឡូម៉ែត្រ​លេខ​៦ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​។ ក្រសួង​ឃ្លាំង​រដ្ឋ គឺជា​កន្លែង​ទទួល​ស្បៀង​អង្ករ ដឹកជញ្ជូន​អំបិល អង្ករ ក្រណាត់ ស្បែកជើង សម្លៀកបំពាក់ និង​សម្ភារ​ផ្សេងៗ ដែល​ដឹកជញ្ជូន​មកពី​តាម​បណ្តា​ភូមិភាគ បន្ទាប់មក​បែងចែក​ទៅតាម​តំបន់ និង​នាំ​ចេញទៅ​ក្រៅប្រទេស​។ ជាក់ស្តែង នៅពេល​មានការ​ដឹក​អង្ករ មកពី​តាម​ភូមិភាគ ខ្ញុំ​និង​អ្នកធ្វើការ​នៅ​ឃ្លាំង​រដ្ឋ​ត្រូវ​ជ្រើសរើស​គ្រាប់ស្រូវ​ចេញពី​អង្ករ ដើម្បី​ចម្រាញ់​យក​អង្ករ​ដែលមាន​គុណភាព​ល្អ​លេខ​១ ដើម្បី​នាំចេញ​ទៅ​ប្រទេស​ចិន​។ ចំណែកឯ​អំបិល​វិញ ខ្ញុំ​និង​អ្នកធ្វើការ​នៅ​ឃ្លាំង​រដ្ឋ​មិនសូវ​ពិបាក ឬ​ចំណាយពេល​រើស​យូរ​ដូច​អង្ករ​នោះទេ​។ នៅពេលដែល​អំបិល​ត្រូវបាន​ដឹក​ចូលមក យើង​គ្រាន់តែ​រែង​ឲ្យ​អស់​ដី​។ បន្ទាប់ យើង​ច្រក​អំបិល​ទៅក្នុង​បាវ ដើម្បី​ដឹកចេញទៅ​តាម​ភូមិភាគ​វិញ​។ អ្នកធ្វើការ​នៅ​ក្រសួង​ឃ្លាំង​រដ្ឋ មាន​ចំនួន​មួយ​វរ​សេនា​តូច ដែលមាន​សមាជិក​ទាំង​អស់​៧០០​នាក់​។

កម្លាំង​ទាំងអស់​ត្រូវ​បែងចែក​ជា​បី​វេន ដើម្បី​បំពេញការងារ​ទាំងយប់​ទាំង​ថ្ងៃ​។ យើង​អាច​ឈប់សម្រាក​បាន​បី​ថ្ងៃ ក្នុង​មួយខែ​។ នៅ​ថ្ងៃ​ឈប់សម្រាក ប្រធាន​កងវរសេនាតូច បានអនុញ្ញាត​ឲ្យ​ឡាន​ដឹកជញ្ជូន​យើង​ទៅ​សម្រាកលំហែរ​នៅ​បឹងទំពុន​។ ប៉ុន្តែ យើង​មិន​ជួប​អ្នកធ្វើការ​ប្រុសៗ​ទេ​។

​បឹងទំពុន គឺជា​កន្លែង​សម្រាប់​ដាក់​ជនពិការ​។ នៅ​ទីនោះ យើង​មាន​ផ្លែឈើ​ដាំ​ដោយ​ខ្លួនឯង​ច្រើនណាស់​។ យើង​ចង់​ហូប​ផ្លែឈើ​អ្វី​ក៏បាន​ដែរ មានដូចជា​ផ្លែ​ជម្ពូរ ទៀបបារាំង ស្វាយ ចេក និង​ត្របែក​ជាដើម​។ នៅ​ពេលបាយ​ថ្ងៃត្រង់ ចុងភៅ​ដឹក​បាយ​ឲ្យ​យើង​។ នៅពេល​ល្ងាច អ្នកបើក​ឡាន​ដឹក​យើង​មក​កន្លែងធ្វើការ​វិញ​។ ខ្ញុំ​ទទួលបាន​អាហារ​គ្រប់គ្រាន់​ចំនួន​បី​ពេល ជា​រៀងរាល់ថ្ងៃ​។ ប៉ុន្តែ​ខ្ញុំ​បានទទួល​ការរៀន​អក្សរ​ចំនួន​១​ម៉ោង ក្នុង​មួយថ្ងៃ​។ ខ្ញុំ​ចេះ​អាន​តែ​ពាក្យ «​កម្ពុជា​» មួយ​ប៉ុណ្ណោះ​។​

រូបថត ÷ អ៊ុន ណម អាយុ ៥៦ ឆ្នាំ រស់នៅភូមិទួលសាលា ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ (មេក វិន/មជ្ឈមណ្ឌល ឯកសារ កម្ពុជា)

​បន្ទាប់ពី​ធ្វើការ​ងារ​រួចរាល់ ខ្ញុំ និង​យុវនារីៗ​ដទៃទៀត តែងតែមាន​ឱកាស​នាំ​គ្នីគ្នា​ទៅ​មើល​ការសម្ដែង​សិល្បៈ​នៅ​វត្តភ្នំ​។ ខ្ញុំ​ក៏​ធ្លាប់បាន​ទៅ​មើល​ការចាក់​បញ្ចាំងភាពយន្ត នៅ​ផ្សារ​ដើម​គរ​ដែរ​។ ភាគច្រើន​នៃ​ភាពយន្ត​ខ្មែរក្រហម​បង្ហាញ​ពី​ការបាញ់​កាំភ្លើង និង​យុទ្ធសាស្ត្រ​ធ្វើសង្គ្រាម​ជាដើម​។ នៅពេលដែល​កប៉ាល់​រប​ស់​ចិន​ចូល​ចត​នៅ​កំពង់ផែ ក្បែរ​ក្រសួង​ឃ្លាំង​រដ្ឋ​ម្ដងៗ ចិន​ក៏បាន​ចាក់​បញ្ចាំងភាពយន្ត​ឲ្យ​មើល​ដែរ​។ ប៉ុន្តែ នៅពេលដែល​ប្រធាន​កងវរសេនាតូច​នៅ​ក្រសួង​ឃ្លាំង​រដ្ឋ បានដឹង យើង​លែងមាន​ឱកាស​មើល​ភាពយន្ត​ទៀត​ទេ​។ ប្រធាន​កងវរសេនាតូច​ក៏បាន​ប្រាប់​ជនជាតិ​ចិន ឲ្យ​បិទ​ការចាក់​បញ្ចាំង​កុន​ដែរ​។
​ខ្ញុំ​ធ្វើការ​នៅ​ក្រសួង​ឃ្លាំង​រដ្ឋ ចាប់តាំងពី​ឆ្នាំ​១៩៧៦ រហូតដល់​ចុងឆ្នាំ​១៩៧៨​។ មុន​ពេលដែល​វៀតណាម​វាយលុក​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា ស្ថានភាព​នៅ​ឃ្លាំង​រដ្ឋ​ក្នុង​ទីក្រុង​ភ្នំពេញ​មាន​សភាព​កាន់តែ​មមាញឹក​ឡើង ដោយ​ឃើញ​មានការ​ចេញចូល​របស់​កប៉ាល់​ជាច្រើន​។ សមាជិក​ទាំង​៧០០​នាក់​នៃ​កងវរសេនាតូច​របស់​ខ្ញុំ ត្រូវបាន​ប្រាប់​ចាក​ចេញពី​កន្លែង​ស្នាក់នៅ​ចំនួន​៣​ថ្ងៃ និង​ធ្វើដំណើរ​ទៅតាម​ផ្លូវ​ឆ្ពោះទៅ​ពោធិចិនតុង​ជា​បណ្ដោះអាសន្ន​សិន​។ ដោយសារ​យើង​មិនអាច​ដើរចេញ​ផុតពី​ភ្នំពេញ​ក្នុង​រយៈពេល​មួយ​យប់​បាន យើង​ក៏បាន​សម្រេចចិត្ត​ឈប់សម្រាក​នៅតាម​ផ្លូវ​។ ពេល​រាត្រី​ដ៏​សែន​ត្រជាក់ គួបផ្សំ​ជាមួយ​សំឡេង​រថក្រោះ​ជាច្រើន​គ្រឿង​ដែល​កំពុងបើក​សំដៅ​ចូលក្នុង​ទីក្រុង​ភ្នំពេញ​វិញ ខ្ញុំ​មិនអាច​ដេកលក់​ឡើយ​នៅក្នុង​យប់នោះ​។ លុះ​ព្រឹក​ឡើង ឡាន​អង្គភាព​បានមក​ទទួល​យើង និង​បើក​សំដៅទៅ​នៅ​ខាង​ឧដុង្គ​។

​ការវាយលុក​របស់​ក​ង​ទ័ព​វៀតណាម​នៅក្នុង​ឆ្នាំ​១៩៧៩ បាន​បង្ក​ឲ្យ​មាន​ភាពវឹកវរ​កាន់តែ​ខ្លាំង​ឡើង​។ ខ្ញុំ​ក៏បាន​បែក​ពី​ឪពុកម្ដាយ និង​ប្អូនប្រុស​ខ្ញុំ​ជា​រៀងរហូត​។ បន្ទាប់មក ខ្ញុំ​ក៏ត្រូវ​ចាក​ចេញពី​ឧដុង្គ​ទៅកាន់​តំបន់​ព្រំដែន​ខ្មែរ​ថៃ​។ នៅពេល​ទៅដល់​តំបន់ភ្នំ​បេង យើង​បានធ្វើ​ដំណើរ​ថ្មើ​ជើង​ឆ្ពោះទៅកាន់​ព្រំដែន​បន្តទៀត​។ ប្រធាន​វរ​សេនា​តូច​បានប្រកាស​ប្រាប់​ឲ្យ​យើង​ស្នាក់​នៅតាម​ព្រំដែន​ខ្មែរ​-​ថៃ មួយរយៈ​ពេល​សិន​។ មិនយូរប៉ុន្មាន ក៏មាន​ការប្រជុំ​ដើម្បី​អនុញ្ញាត​ឲ្យ​យើង​ជ្រើសរើស​រវាង​ការចូលទៅ​រស់នៅក្នុង​ជំរំ​ក្នុង​ទឹកដី​ថៃ និង​ការវិលត្រឡប់​ទៅ​រស់នៅ​ខាង​ភូមិភាគ​ឧ​ត្ត​រ​។ បន្ទាប់ពី​ការប្រជុំ​នោះ មីងៗ​ភាគច្រើន​បានជ្រើសរើស​យក​ការវិល​ទៅ​ភូមិភាគ​ឧ​ត្ត​រ​។ ខ្ញុំ​ក៏បាន​សម្រេចចិត្ត​មក​នៅ​ភូមិភាគ​ឧ​ត្ត​រ​តាម​មីងៗ​ដែរ​។ ក្នុងពេល​ធ្វើដំណើរ​ទៅ​ភូមិភាគ​ឧ​ត្ត​រ យើង​បាន​ចាកចេញ​នៅ​ម៉ោង​៧​យប់​តាម​រថយន្ត​ជាច្រើន​គ្រឿង និង​បាន​ទៅដល់​ភូមិភាគ​ឧ​ត្ត​រ​(៨០៨) នៅវេលា​ម៉ោង​៤​ទាបភ្លឺ​។ នៅ​ទីនោះ ខ្ញុំ​បានរស់នៅ​ជាមួយ​បង​នារីៗ​។ កិច្ចការ​របស់ខ្ញុំ​គឺ​ដឹកជញ្ជូន​គ្រាប់ ដែល​ស្ថិត​នៅក្បែរ​កន្លែង​ស្នាក់នៅ ដោយសារ​ខ្ញុំ​មិនបាន​ចូល​ជា​កង​នារី​ដឹកជញ្ជូន​ទេ​។​

​ខ្ញុំ​បាន​រៀបការ​នៅក្នុង​ឆ្នាំ​១៩៨៤​។ ក្រោយមក ខ្ញុំ​ទទួល​ភារកិច្ច​បិត​ចំរូង​នៅ​មូលដ្ឋាន​ក្រោយ​វិញ​។ ខ្ញុំ​បានរស់នៅ​ជំរំ​រហូតដល់​ឆ្នាំ​១៩៩០ តា​ម៉ុក ក៏​បញ្ជា​ឲ្យ​យើង​ចុះមក​តំបន់​អន្លង់វែង​។ នៅក្នុង​ឆ្នាំ​១៩៩៣ អ៊ុនតាក់​ក៏​ចូលមក​ដល់​។ គ្រួសារ​ខ្ញុំ និង​ប្រជាជន​ជាច្រើន​នាក់​ទៀត​ត្រូវ​ភៀសខ្លួន​ទៅ​ជំរំ​ភូ​ណ​យ​ក្នុងប្រទេស​ថៃ​សាជាថ្មី​។ ខ្ញុំ​បានរស់នៅ​ក្នុង​ជំរំ​រហូតដល់​កម្លាំង​ខ្មែរក្រហម​នៅ​តំបន់​អន្លង់វែង​ធ្វើ​សមាហរណកម្ម​ចូលក្នុង​សង្គមជាតិ​វិញ​ក្នុង​ឆ្នាំ​១៩៩៨​។ ខ្ញុំ និង​គ្រួ​សារបាន​ចុះ​ពី​ភ្នំ​មក​នៅ​ក្នុងភូមិ​ទួលសាលា រហូតដល់​សព្វថ្ងៃនេះ​៕សរន