​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក​អ៊ែន​ថូ​នី ប្លីន​ខិន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​មីនា​នេះ​ថា​ទាំង​ជម្រើស​ដាក់​សម្ពាធ​និង​ជម្រើស​ការទូត​គឺ​ស្ថិតនៅ​លើ​តុ​អស់​ហើយ​សម្រាប់​ដោះ​​ស្រាយ​ជាមួយ​កូរ៉េខាងជើង គឺ​តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​អ្នកការទូត​ជាន់ខ្ពស់​កូរ៉េខាងជើង​ម្នាក់​បដិសេធ​ការចរចា​ណាមួយ ដរាបណា​ទីក្រុង​វ៉ាស៊ីនតោន​មិន​ផ្លាស់ប្តូរ​គោលនយោបាយរ​បស់​ខ្លួន​។​

​លោក​ប្លីន​ខិន​បាន​ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​រួ​ម​គ្នា​ជាមួយ​មន្ត្រី​កូរ៉េខាងត្បូង​នៅ​ទីក្រុង​សេ​អ៊ូ​ល​ថា រដ្ឋបាល​របស់​ប្រធានាធិបតី​ចូ បៃ​ដិ​ននឹង​ពិនិត្យមើល​ឡើងវិញ​រួចរាល់​នូវ​គោលនយោបាយ​ស្តីពី​កូរ៉េ​​ខាងជើង​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ​ក្នុង​ការពិគ្រោះ​យោបល់​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​។​

​លោក​បាន​បន្ថែម​ថា​ទាំង​ជម្រើស​សម្ពាធ​និង​ជម្រើស​ការទូត​ត្រូវបាន​ពិចារណា​ប៉ុន្តែ​បដិសេធ​មិន​ពន្យល់​បកស្រាយ នៅពេល​សួរ​ថា​តើ​សហរដ្ឋ​អាម៉េរិក​នឹង​ប្រើ​វិធី​អ្វី​បន្ទាប់ពី​ការ​ពិនិត្យ​ឡើងវិញ​នោះ​។​

​ការអត្ថាធិប្បាយ​នេះ​កើតឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​មន្ត្រី​កូរ៉េខាងជើង​ឈ្មោះ ឆូ សុន​ហ៊ុយ បាន​ហៅ​ការប៉ុនប៉ង​របស់​រដ្ឋ​បាល​បៃ​ដិន​ដើម្បី​ទាក់ទង​ទីក្រុង​ព្យុង​យ៉ាង​ជា “​ល្បិច​ថោកទាប​”​នៅក្នុង​សេចក្តី​​ថ្លែងការណ៍​ជា​សាធារណៈ​លើកដំបូង​របស់​កូរ៉េខាងជើង​លើ​បញ្ហា​នេះ​។​

​លោក​ប្លីន​ខិន​កំពុង​ធ្វើ​ទស្សនកិច្ច​លើកដំបូង​ក្នុងនាម​ជា​រដ្ឋមន្ត្រី​ការបរទេស​រួម​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាម៉េរិក​លោក ឡយ អូ​ស្ទីន​។​

​ពួកគេ​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​ជាមួយ​សម​ភាគី​កូរ៉េខាងត្បូង​គឺ​រដ្ឋមន្ត្រី​ការបរទេស​ជុង អ៊ីវ​យ៉ុង​និង​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ស៊ូ វុគ​ដោយ​ប្តេជ្ញា​ថា​នឹង​ធ្វើការ​រួមគ្នា​លើ​បញ្ហា​ក្នុង​តំបន់​​រាប់​ចាប់ពី​ការប្រែប្រួល​អាកាសធាតុ​និង​ជំងឺឆ្លង​រហូតដល់​ពាណិជ្ជកម្ម​និង​កូរ៉េខាងជើង​។​

​ពួកគេ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា​”​រដ្ឋមន្ត្រី​ប្រទេស​ទាំង​ពីរ​សង្កត់ធ្ងន់​ថា​បញ្ហា​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ឆ្លង​ទ្វីប​របស់​កូរ៉េខាងជើង​គឺជា​អាទិភាព​មួយ​សម្រាប់​សម្ព័ន្ធមិត្ត​និង​បញ្ជាក់​ជា​ថ្មី​នូវ​​ការប្តេជ្ញា​ចិត្ត​រួម​គ្នា​ក្នុង​ការដោះស្រាយ​បញ្ហា​ទាំងនេះ​”៕

(​ពី​ឆ្វេង​) រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាម៉េរិក​លោក ឡយ អូ​ស្ទីន រដ្ឋមន្ត្រីការបរទេស អាន​ថូ​នី ប្លីន​ខិន រដ្ឋមន្ត្រីការបរទេស​ជុង អ៊ីវ​យ៉ុង​និង​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ស៊ូ វុគ​ជួបប្រជុំ​នៅ​ក្រសួង​ការបរទេ​ស​​កូរ៉េខាងត្បូង​ក្នុង​ក្រុង​សេ​អ៊ូ​ល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​