ដោយៈ ទេព មង្គល / ភ្នំពេញៈ បើតាមប្រភពពី អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងនៅល្ងាចថ្ងៃទី១៨ មីនានេះថាៈ លោក នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ចេញ នូវសេចក្តីណែនាំ ស្ដីពី ការចាត់វិធានការបង្ការ ទប់ស្កាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវ កម្ម និងការប្រើប្រាស់ផលិតផល អេចឈ៍ ធី ភី (HTPs) ក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងសេចក្ដីណែនាំរបស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ លោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបញ្ជាក់ថាៈ ដោយពិនិត្យឃើញថា ក្នុងរយៈពេលប៉ុន្មានខែ ចុងក្រោយនេះ ផលិតផល អេចឈ៍ ធី ភី (HIPs) បារីអេឡិចត្រូនិក (Electronic Nicotine Delivery System-EDNS) និងអេចឈ៍ ធី ភី (HTPs-Heated Tobacco Producte) ជាផលិតផលថ្នាំជក់ថ្មី ដែលត្រូវបានគេផលិតឡើង ដើម្បីជំនួស ផលិតផល ថ្នាំជក់ធម្មតា ជាពិសេស ទាក់ទាញឲ្យមានការប្រើប្រាស់ ក្នុងចំណោមយុវវ័យ។ បារីអេឡិចត្រូនិក និងអេចឈ៍ ធី ភី ត្រូវបានគេប្រើប្រាស់ តាមរយៈឧបករណ៍ម្យ៉ាង ដែល ប្រើថ្មពិល បង្កើតថាមពលកំដៅ ក្នុងការបំប្លែងអង្គធាតុ ដែលដាក់ចូលឧបករណ៍នោះ ឲ្យទៅជាចំហាយ។

លោកនាយឧត្តមសេនីយ៍ បន្ដថា ឆ្លើយតបនឹងបញ្ហាខាងលើ និងដោយមានការអនុញ្ញាត និងការណែនាំ ពីរាជរដ្ឋាភិបាល អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន សូមធ្វើការណែ នាំ ដល់គ្រប់ក្រសួង-ស្ថាប័ន សមាជិកអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន គណៈ កម្មាធិការ ត្រួតពិនិត្យគ្រឿងញៀន រាជធានី-ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធគ្រប់ លំដាប់ថ្នាក់ទាំងអស់ ដូចខាងក្រោម ៖

ទី១-បន្ថែមលើការពង្រឹងការអនុវត្តសេចក្តីណែនាំ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ ស្តីពីការ ចាត់វិធានការបង្ការ បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា និងបារីអេឡិចត្រូនិក នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវចាត់វិធានការជាបន្ទាន់ បញ្ឈប់ លែងឱ្យមានការប្រើប្រាស់ និងការធ្វើអាជីវកម្ម ផលិតផល អេចឈ៍ ធី ភី (HTPs) ក្នុងគ្រប់ រូបភាព ដោយត្រូវធ្វើការដកហូត និងរឹបអូសយកផលិតផលទាំងនោះ មករក្សាទុក។ ការដកហូត និង រឹបអូសយកផលិតផល អេចឈ៍ ធី ភី (HTPs) មិនត្រូវធ្វើឱ្យប៉ះពាល់ ដល់អាជីវកម្ម ស្របច្បាប់ផ្សេងទៀតជាដាច់ខាត។

ទី២-ត្រូវបញ្ឈប់ និងឃាត់ទុកនូវ រាល់ការចរាចរ ការជួញដូរ និងការនាំចូលផលិតផល អេចឈ៍ ធី ភី (HTPs) តាមគ្រប់រូបភាព និងត្រូវធ្វើការផ្សព្វផ្សាយ ពីការហាមឃាត់ មិនឱ្យមានការ នាំចូលចំពោះអ្នកធ្វើអាជីវកម្ម និងប្រជាជនទូទៅ ឱ្យបានទូលំទូលាយ។

ទី៣-គ្រប់ក្រសួង -ស្ថាប័ន សមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណៈកម្មាធិកា រត្រួតពិនិត្យគ្រឿងញៀន រាជធានី-ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើរបាយការណ៍ ពីលទ្ធផលនៃការអនុវត្តខ្លឹមសារ សេចក្តីណែនាំនេះ មកអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការបូកសរុប រាយការណ៍ ជូនរាជរដ្ឋាភិបាល។

លោក នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក៏បានលើកឡើងថាៈ គ្រប់ក្រសួង-ស្ថាប័ន សមាជិក អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន គណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀន រាជធានី -ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវចាត់ចែងដឹកនាំអនុវត្តតាមខ្លឹមសារ នៃសេចក្តីណែនាំនេះ ឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះ តទៅ៕/V