​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ លោក ចូ បៃ​ដិន ត្រៀម​នឹង​បបួល​ចិន​និង​រុស្ស៊ី​បង្អួត​សមត្ថភាព​សព្វាវុធ​គ្នា ដោយ​សម្ញែង​មី​ស៊ី​ល​ទំនើប​ថ្មី​របស់​អាម៉េរិក​ដែល​មាន​សមត្ថភាព​អាច​ហោះ​លឿន​ជាង​សំឡេង ២០ ដង​ឬ​ជាង ២៤.១៤០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដែល​ល្បឿន​នេះ​អាច​វាយប្រហារ​ទីក្រុង​មូ​ស្គូ​ក្នុងរយៈពេល​តិចជាង ២០ នាទី​និង​ទីក្រុង​ប៉េកាំង​ក្នុង​រយៈពេល​កន្លះ​ម៉ោង​។​

​ប៉ុន្តែ​អ្នកវិភាគ​យោធា​បាន​ព្រមាន​ថា​ការអភិវឌ្ឍ​អាវុធ​បច្ចេកវិជ្ជា​ខ្ពស់​បែបនេះ​នឹង​នាំឱ្យ​មាន​ហានិភ័យ​ធ្ងន់ធ្ងរ​នៃ​ការភ័ន្តច្រឡំ​ដ៏​មហន្តរាយ​ណាមួយ​។ រហូតមកទល់​ពេលនេះ​ការយល់ឃើញ​ជាទូទៅ​​គឺ​ប្រទេស​រុស្ស៊ី​របស់​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន​មានប្រៀប​ជាង នៅពេល​និយាយ​អំពី​អាវុធ​លឿន​ជាង​សំឡេង​។​

​ទោះយ៉ាងណា ការសាកល្បង​ឆាប់ៗ​ខាង​មុខ​នូវ​មី​ស៊ី​ល​ឈ្មោះ Rapid Response Weapon (ARRW) ដែល​នឹង​បាញ់​ចេញពី​យន្តហោះ​ធុន AGM-183A គឺជា​ការបង្ហាញ​យ៉ាង​ច្បាស់​ថា​សហរដ្ឋ​អាម៉េរិក​​កំពុង​តាម​ទាន់​រុស្ស៊ី​។​

​សេចក្តីប្រកាស​ព័ត៌មាន​ដែល​ចេញផ្សាយ​ដោយ​កងទ័ពអាកាស​អាម៉េរិក​បានសរសេរថា ការធ្វើ​តេស្តិ៍​ម៉ាស៊ីន​លើកទី ១ (BTF-1) រំពឹង​ធ្វើ​ក្នុង​រយៈពេល ៣០ ថ្ងៃ​ខាងមុខ​។​

​មី​ស៊ី​ល​សម្រាប់​ការសាកល្បង​នេះ​ត្រូវបាន​ដឹក​ទៅកាន់​មូលដ្ឋាន​ទ័ព​អាកាសអេដ​វ៉ាដ​ក្នុង​រដ្ឋ​កាលីហ្វ័​រញ៉ា​កាលពី​ថ្ងៃទី ១ ខែ​មីនា ហើយ​ត្រូវបាន​ផ្ទុក​នៅលើ​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52H Stratofortress​។​

​ឥឡូវនេះ​ការងារ​កំពុងដំណើរកា​រ​នៅលើ​ការធ្វើតេ​ស្តិ៍លើ​ដីគោក​និង​ការត្រួតពិនិត្យ​មុន​ការហោះហើរ​ដើម្បី​ទទួលបាន​វិញ្ញាបនប័ត្រ​សម្រាប់កា​រ​ហោះហើរ​។​

​ឧត្តមសេនីយត្រី ហ៊ី​ដ ខូល​លីន ជា​នាយក​ប្រតិបត្តិ​កម្មវិធី​កងទ័ពអាកាស​សម្រាប់​អាវុធ​នេះ និយាយថា “​ការ​ធ្វើ​តេស្ត​ម៉ាស៊ីន BTF-1 បាន​ចប់សព្វគ្រប់​ហើយ​កំពុង​ដំណើរការ​ទៅ​មុខ​តាមរយៈ​ការ​​ធ្វើតេស្តិ៍​លើ​ដី​គោក​ដើម្បី​បញ្ជាក់​ពី​ការត្រៀមខ្លួ​ន​សម្រាប់​ការហោះហើរ​”៕

​មី​ស៊ី​ល​លឿន​ជាង​សំឡេង ARRW នឹង​ត្រូវ​បាញ់​សាកល្បង​ចេញពី​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52H Stratofortress ក្នុងពេល​ឆាប់ៗ​