​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ អង្គការ​ណា​សាបាន​សាកល្បង​ជោគជ័យ​នូវ​រ៉ុក្កែត​អវកាស​ដែល​មាន​បញ្ហា​របស់​ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​មីនា ដែល​ជា​ជ័យជម្នះ​មួយ​សម្រាប់​ទីភ្នាក់ងារ​អវកាស​នេះ ខណៈ​ខ្លួន​ត្រៀម​វិលត្រឡប់​ទៅ​ឋាន​ព្រះ​ចន្ទ​វិញ​។​

​ការ​ធ្វើ​តេស្ដិ៍ “​ភ្លើង​ក្តៅ​” លើក​ទី ២ បានឃើញ​ម៉ាស៊ីន RS-25 ទាំង​៤ របស់​រ៉ុក្កែត​ឆេះ​ក្នុងពេល​ដំណាលគ្នា​នៅ​ម៉ោង ៤ និង ៤០ នាទី​រសៀល​រយៈពេល​ពេញ ៨ នាទី ដោយ​ផលិត​បាន​កម្លាំង​រុល​អតិបរិមា ១,៦ លាន​ផោន (៧,១ លាន​ញូវតុន​)​។​

​លោក​ប៊ីល រ៉ូប​ប៊ែល ជា​មន្ត្រី​ទទួលបន្ទុក​ការសាកល្បង​នេះ បាន​និយាយ​ក្នុងអំឡុង​ពិធី​ផ្សាយ​ផ្ទាល់ បន្ទាប់​ពី​បន្ទប់​គ្រប់គ្រង​បញ្ជា​ចាប់ផ្តើម​ទះដៃ​យ៉ាង​ដូច្នេះ​ថា “​ការ​ទះដៃ​អបអរសាទរ​នេះ​និយាយ​រឿង​ជាច្រើន​អំពី​អារម្មណ៍​របស់​ក្រុមការងារ​”​។​

​លោក​បាន​បន្ថែមថា “​មើល​ទៅ​ពិតជា​ល្អប្រសើរ​ណាស់​ឥឡូវ​នេះ​”​។​

​ដោយ​សំដៅ​ទៅលើ​កម្មវិធី​ឡើង​ឋាន​ព្រះ​ចន្ទ លោក ស្ទីវ ជួ​ស៊ី​ក ជា​ប្រធាន​រដ្ឋបាល​ស្តីទី​របស់​ណា​សា ក្រោយមក​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ឆ្ពោះទៅ​រក​ការឈាន​ទៅ​សម្រេច​គោលដៅ​របស់​យើង​សម្រាប់​កម្មវិធី Artemis”​។​

​ណា​សា​គ្រោង​នឹងដាក់​ស្ត្រី​ដំបូង​នៅ​លើ​ឋាន​ព្រះ​ចន្ទ​ក្នុង​ឆ្នាំ ២០២៤ និង​សាងសង់​ស្ថានីយ​គន្លង​ព្រះ​ចន្ទ មុនពេល​ចាប់ផ្តើម​បេសកកម្ម​មាន​មនុស្ស​ទៅកាន់​ភព​ព្រះ​អង្គារ​៕

​ណា​សា​សាកល្បង​ជោគជ័យ​នូវ​ប្រព័ន្ធ​រ៉ុក្កែត​សម្រាប់​ហោះ​ទៅ​ឋាន​ព្រះ​ចន្ទ​