Home ព័ត៌មានសំខាន់ៗ ក្រោយ​រដ្ឋប្រ...

ក្រោយ​រដ្ឋប្រហារ​ភូមិ​របស់ខ្ញុំ​ទទួលរង​ការទម្លាក់​គ្រាប់បែក​យ៉ាង​សន្ធឹក​

ដោយៈភា រស្មី បុគ្គលិក​ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ឯកសារ​ខេត្តព្រៃវែង​/ភ្នំពេញៈនៅ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​២​រសៀល ក្រុមការងារ​របស់​ម​ជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា បាន​ចុះទៅ​ជួប​សម្ភាស​ជាមួយ​អតីត​គ្រូបង្រៀន​ម្នាក់​ឈ្មោះ ហាស់ ឆឹ​ម ហៅ តាវ ភេទ​ប្រុស អាយុ​៨០​ឆ្នាំ​។ ហាស់ ឆឹ​ម កើត​នៅ​ភូមិ​អង្គ​រស ឃុំ​អង្គ​រស ស្រុក​មេសាង ខេត្តព្រៃវែង​។ ហាស់ ឆឹ​ម បាន​រៀបការ​នៅ​អាយុ​២០​ឆ្នាំ ជាមួយ​ឈ្មោះ ប៉ែន សុំ​។ ក្រោយមក​ប្រពន្ធ​របស់គាត់​បាន​ស្លាប់​នៅ​អាយុ​៦៨​ឆ្នាំ​។ ហាស់ ឆឹ​ម មានកូន​ចំនួន​ប្រាំ​បីនាក់ ក្នុងនោះ​មាន​ស្រី​ចំនួន​បីនាក់​។ សព្វថ្ងៃ ហាស់ ឆឹ​ម គឺជា​គ្រូបង្រៀន​ចូលនិវត្តន៍​ម្នាក់ ដែល​បាន​ចំណាយ​ពេលវេលា​ស្ទើរតែ​ពេញ​មួយជីវិត​របស់គាត់ ធ្វើជា​គ្រូបង្រៀន​នៅតាម​ភូមិ និង​សាលារៀន លើកលែងតែ​ជីវិត​ក្រោម​របប​ខ្មែរក្រហម​ប៉ុណ្ណោះ ដែល​គាត់​គឺជា​កសិករ​ដូច​ប្រជាជន​ឯទៀត​ដែរ​។ ខាងក្រោម​នេះ គឺជា​សេចក្តី​សង្ខេប​ពី​ដំណើរ​ជីវិត​របស់ ហាស់ ឆឹ​ម និង​ព្រឹត្តិការណ៍​ដែល​បានកើត​មាននៅ​ក្នុងភូមិ​ដែល​គាត់​រស់នៅ​៖

អតីត​គ្រូបង្រៀន​ឈ្មោះ ហាស់ ឆឹ​ម អាយុ​៨០​ឆ្នាំ កើត​នៅ​ភូមិ​អង្គ​រស ឃុំ​អង្គ​រស ស្រុក​មេសាង ខេត្តព្រៃវែង​( មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា /​ផេង ពង្ស​រ៉ាស៊ី​)

​នៅ​ក្នុងសម័យ​សង្គមរាស្ដ្រនិយម ថ្វីត្បិតតែ​នៅក្នុង​ភូមិ​មាន​សុវត្ថិភាព សម្បូរ​សប្បាយ មាន​សាលារៀន មន្ទីរពេទ្យ វត្ត​អារាម ស្ពាន ថ្នល់ និង​ប្រជាជនមាន​ជីវភាព​ល្អប្រសើរ ខ្ញុំ​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៧(​ចាស់​)​ប៉ុណ្ណោះ​។ សាលា​ដែល​ខ្ញុំ​រៀន គឺ​នៅ​សាលាបឋមសិក្សា​អង្គ​រស​។ នៅ​ឆ្នាំ​១៩៦៧ ខ្ញុំ​បាន​ស្ម័គ្រចិត្ត​ធ្វើ​គ្រូបង្រៀន​នៅក្នុង​ភូមិ គឺ​បង្រៀន​សិស្ស​ប្រមាណ​ជាង​៣០​នាក់ ទាំង​កុមារ និង​មនុស្ស​ចាស់​។ ការបង្រៀន​របស់ខ្ញុំ​ក្នុងពេលនោះ គឺ​បង្រៀន​នៅតាម​ផ្ទះ និង​នៅក្រោម​ដើមឈើ​។ ខ្ញុំ​បាន​ចូលរួម​ទទួល​ដំណើរ​របស់​សម្ដេចព្រះ នរោត្តម សីហនុ ចំនួន​ពីរលើក គឺ​ម្តង​នៅ​ភូមិ​របោះ​ព្រីង នៅក្នុង​ខេត្ត​ព្រែ​វែង និង​ម្តងទៀត​នៅ​ក្រោលគោ នៅក្នុង​ខេត្តស្វាយរៀង​។ រៀងរាល់​ការយាង​មកដល់​របស់​សម្តេចព្រះ នរោត្តម សីហនុ ម្តងៗ គឺ​តែងតែមាន​ការប្រគំ​តន្ត្រី និង​បង្ក​បរិយាកាស​រាំលេង​សប្បាយរីករាយ​ជាខ្លាំង ហើយ​ថែមទាំង​មាន​តារាចម្រៀង​ល្បីៗ​ជំនាន់​នោះ​ដូចជា អ្នកនាង រស់ សេរី​សុទ្ធា និង លោក ស៊ីន ស៊ី​សាមុត ចូលរួម​ផង​។​
​នៅ​ឆ្នាំ​១៩៧០ ដោយសារតែ​មិន​ពេញចិត្ត​ជាមួយ លន់ នល់ ដែល​បានធ្វើ​រដ្ឋប្រហារ​ទម្លាក់ សម្ដេចព្រះ នរោត្តម សីហនុ នៅ​ថ្ងៃ​១៨ មីនា ឆ្នាំ​១៩៧០ ប្រជាជន​នៅក្នុង​ភូមិ បាននាំគ្នា​ចូលរួម​ធ្វើបាតុកម្ម​ប្រឆាំងនឹង​ការគ្រប់គ្រង​របស់ លន់ នល់​។ នៅ​អំឡុង​ឆ្នាំ​ដដែល សម្ដេចព្រះ នរោត្តម សីហនុ បានប្រកាស​តាម​វិទ្យុ​ថា ឲ្យ​ប្រជាជន​ទាំងអស់​ចូល​ព្រៃម៉ាគី ដើម្បី​តស៊ូ​ជាមួយ​ទាហាន លន់ លន់​។ ចាប់តាំងពី​ពេលនោះ​មក ភូមិ​ឃុំ​របស់ខ្ញុំ​ទទួលរង​នូវ​ការទម្លាក់​គ្រាប់បែក​ជា​បន្តបន្ទាប់ ដែល​ការទម្លាក់​ទាំងនោះ​គឺ​ភាគច្រើន​គឺ​កើតឡើង​នៅពេល​ព្រឹក​។ គុម្ព​ឬ​ស្សី​មួយ​គុម្ព​ធំ​នៅជាប់​របង​ផ្ទះ​របស់ខ្ញុំ ក៏​ត្រូវបាន​បំផ្លាញ​ដោយ​ការទម្លាក់​គ្រប់​បែក​នេះដែរ​។ ឥទ្ធិពល​របស់​អំបែង​គ្រាប់ និង​កម្លាំង​ខ្យល់​របស់​គ្រាប់ បានធ្វើ​ឲ្យ​ផ្ទះ​ខ្ញុំ និង​ផ្ទះ​ប្រជាជន​មួយចំនួនទៀត​ដែល​ស្ថិតនៅក្នុង​ចម្ងាយ​ដី​១០០​ទៅ​២០០​ម៉ែត្រ រួមទាំង​សត្វ​ចិញ្ចឹម​មួយចំនួន ត្រូវបាន​បំផ្លាញ​។ ក្រៅពី​ការទទួល​រង​នៅក្នុង​ភូមិ​ខ្ញុំ ក៏​នៅមាន​ការទម្លាក់​គ្រាប់បែក​ដូចគ្នានេះ​នៅតាម​ភូមិ​មួយចំនួនទៀត​ក្នុង​ឃុំ​អង្គ​រស ដូចជា​នៅ​ខាងលិច​ភូមិ​អង្គ​រស​,​ក្បែរ​វត្ត​អង្គ​រស និង​ភូមិ​ពន្លៃ​។ បើតាម​ខ្ញុំ​ដឹង មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​ទម្លាក់​គ្រាប់បែក​នេះ គឺ​ដោយសារ​តែមាន​មូលដ្ឋានទ័ព​របស់​វៀត​កុង​បោះ​ទីតាំងនៅ​ក្នុងភូមិ​មួយចំនួន​ក្នុង​ឃុំ​។ ក្រៅពី​ការទម្លាក់​គ្រាប់បែក ក៏​នៅ​មានការ​វាយឆ្មក់​ខ្លះទៀត ដែល​អាច​មើលឃើញថា ជាការ​វាយឆ្មក់​បំផ្លាញ​ខ្សែរយៈ​ទាក់ទង​របស់​ខ្មែរ​រំដោះ ដូចជា​ការដេញ​បាញ់​កម្ទេច​មធ្យោបាយ​ធ្វើដំណើរ (​ម៉ូតូ​) របស់​ប្រជាជន និង​មធ្យោបាយ​ផ្សេងៗ​ទៀត​ដែល​អាច​បង្កលក្ខណៈ​ងាយស្រួល​ក្នុង​ធ្វើដំណើរ​ទាក់ទង​គ្នា​នៅក្នុង​មូលដ្ឋាន​។ យន្តហោះ​ម្យ៉ាង​ដែល​អ្នកភូមិ​និយម​ហៅថា ”​អាកា​រ៉ូ​” គឺជា​ប្រភេទ​យន្តហោះ​ដែល​អាច​ផ្លុំ​ខ្យល់​បំ​ប៉ើង​ផ្ទះ​ប្រក់​ស្លឹកត្នោត ឬ​ស្បូវ​និង​ទីកន្លែង​ដែល​ត្រូវបាន​សង្ស័យថា​មាន​លាក់​មធ្យោបាយ​ធ្វើដំណើរ​ផ្សេងៗ​របស់​វៀត​កុង និង​ខ្មែរ​រំដោះ​។ នៅ​ឆ្នាំ​១៩៧១ ខ្ញុំ និង​អ្នកភូមិ​ឯទៀត បាន​មើលឃើញ​រថក្រោះ​ប្រមាណ​៧០​គ្រឿង បើកបរ​កាត់​ភូមិ​អង្គ​រស ឆ្ពោះទៅ​មូលដ្ឋានទ័ព​នៅ​គោខ្ចក​។ នៅពេលនោះ​ខ្ញុំ​មើលទៅ​ផ្ទៃមេឃ​ឃើញ​យន្តហោះ​ខ្មៅ​ពេញ​មេឃ និង​ឮ​សម្លេង​យ៉ាង​ទ្រហឹង​។ ឃើញ​សភាព​បែបនេះ​ខ្ញុំ​ភិតភ័យ​ញ័រ​ដៃជើង​រត់​នាំ​កូនៗ​ទៅ​ពួក​នៅត្រង់​សេ​។ ព្រឹត្តិការណ៍​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មិន​ឃ្លាន​បាយទឹក នឹក​ឃើញតែ​កូនៗ​មិនដឹង​គេចផុត​ឬ​អត់​។ នៅពេល​មួយ​ក្នុង​ឆ្នាំ​ដដែល មានការ​ប្រយុទ្ធ​គ្នា​មួយ​បាន​កើតឡើង​នៅ​គោខ្ចក​។ នៅក្នុង​ហេតុការណ៍​ប្រយុទ្ធ​គ្នា​នេះ យើង​សង្កេតឃើញ​មាន​យន្តហោះ​មួយគ្រឿង​ធ្លា​ក់នៅ​ទីតាំង «​ទួល​ប៉ុស្តិ៍​» ស្ថិតនៅក្នុង​ទឹកដី​ឃុំ​អង្គ​រស និង​រថក្រោះ​ចំនួន​១១​គ្រឿង​ផ្សេងទៀត​ត្រូវបាន​បំផ្លាញ​។ លើសពីនេះទៅទៀត សង្គ្រាម​នេះ​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ ស្រែចម្ការ និង​សត្វ​ចិញ្ចឹម​របស់​ប្រជាជន​នៅ​ម្ដុំ​នោះ​អស់​ជាច្រើន​។ រហូតដល់​ឆ្នាំ​១៩៧៤ វត្តមាន​របស់​ទាហាន​ធី​វ​គី និង​វៀត​កុង បាន​បាត់​អស់ពី​ឃុំ​អង្គ​រស​។ ជាមួយគ្នានេះដែរ ទ្រព្យសម្បត្តិ​ឯកជន​របស់​ប្រជាជន ត្រូវបាន​ប្រមូល​ដាក់​ជា​របស់​រួម​ជា​បណ្តើរៗ​។​

ទេសភាព​វាលស្រែ​នា​រដូវប្រាំង​នៅក្នុង​ស្រុក​មេសាង ខេត្តព្រៃវែង (​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា /​ផេង ពង្ស​រ៉ាស៊ី​)
​បន្ទាប់ពី​ទទួលបាន​ជ័យជម្នះ​ថ្ងៃ​១៧ មេសា ១៩៧៥ គ្រូបង្រៀន​មួយចំនួន​ត្រូវបាន​បញ្ឈប់ លើកលែងតែ​គ្រូបង្រៀន​មួយចំនួន​ដែល​អង្គការ​ទុកចិត្ត​ប៉ុណ្ណោះ ទើប​អាច​បង្រៀន​ក្មេងៗ​បន្តទៀត​បាន​។ ចំណែក ខ្ញុំ​ក៏ត្រូវ​ខ្មែរក្រហម​បញ្ឈប់ រួច​ប​ញ្ចូ​ន​ឲ្យ​ទៅ​ភ្ជួរ​ដី​ធ្វើស្រែ និង​គ្រប់គ្រង​ម៉ាស៊ីនបូមទឹក​ដាក់​ស្រែ​នៅ​ស្ថានីយ​ជ័យ​ធ្លក​រហូតដល់​ឆ្នាំ​១៩៧៩​។ នៅក្នុង​របប​ខ្មែរក្រហម អង្គការ​មិនបាន​អនុញ្ញាត​ឲ្យ​មានការ​ចាយលុយ ឬ​លក់ដូរ​ទេ ហើយ​ការរស់នៅ​របស់​ប្រជាជន​ក៏​មិនមាន​សិទ្ធ​សេរីភាព​ពេញ​បរិបូរ​ណ៌​ដែរ​។ ប្រជាជន​គឺ​តម្រូវ​ឲ្យ​ធ្វើការ​ធ្ងន់ៗ និង​ចាប់​យកទៅ​រៀនសូត្រ ប្រសិនបើ​និយាយ​ត្អូញត្អែរ​អំពី​ការងារ​ដែល​បានដាក់​ឲ្យ​ធ្វើ ព្រោះ​អង្គការ​គិតថា​ជា​ខ្មាំង ឬ​ដង្កូវ​ក្នុង​សាច់​។ ចំពោះ​ការហូប​អាហារ​វិញ ប្រជាជន​ហូប​មិន​ឆ្អែត​ឡើយ គឺ​ហូប​តែ​បបរ​ជាប្រចាំ​។ ប៉ុន្តែ​យូរៗ​ម្ដង អង្គការ​ឲ្យ​យើង​ហូប​ឆ្អែត​ម្តង គឺ​ហូបបាយ​ស្រួយ​។​
ពី​ចុងឆ្នាំ​១៩៧៧ ដល់​ឆ្នាំ​១៩៧៨ កម្មាភិបាល​ខ្មែរក្រហម​ខាង​ភូមិភាគ​និរតី​(​និយាយ​រដឺនៗ​) បាន​ចូលមក​គ្រប់គ្រង​ក្នុងភូមិ​ភាគ​បូព៌ា រួច​បានធ្វើការ​ផ្លាស់ប្ដូ​រ​ប្រធាន​សហករណ៍​មួយចំនួន ហើយ​ប​ញ្ចូ​ន​ឲ្យ​ទៅ​រៀនសូត្រ​ដោយ​មិនឃើញ​ត្រឡប់មកវិញ​។ ចាប់តាំងពី​ឆ្នាំ​នោះមក ប្រជាជន​ជាច្រើន​នាក់ ត្រូវបាន​ជម្លៀស​ទៅកាន់​តំបន់​ដី​ខ្លាញ់​ជា​បន្តបន្ទាប់ ហើយ​ប្រជាជន​ដែល​ជម្លៀស​មកពី​ខាង​ព្រំដែន​វៀតណាម ក៏ត្រូវ​យកមក​សម្លាប់​នៅ​ឃុំ​អង្គ​រស​អស់​ជាច្រើន​នាក់​ដែរ​។ ក្នុងពេលនោះ​គ្រួសារ​របស់ខ្ញុំ មិន​ត្រូវបាន​ជម្លៀស​ទៅ​ទេ​។ រហូតដល់​ចុងឆ្នាំ​១៩៧៨ ប្រជាជន​ទាំងអស់​ត្រូវ​បង្ខំ​ឲ្យ​ចាក​ចេញពីផ្ទះ​សម្បែង​ឆ្ពោះទៅ​ទិស​ខាងលិច ដើម្បី​គេចចេញ​ពី​កងទ័ព​វៀតណាម ក្នុងនោះ​គ្រួសារ​របស់ខ្ញុំ​ក៏​ធ្វើដំណើរ​ទៅជា​មួយ​ដែរ​។ ក្នុងពេល​ជម្លៀស កងទ័ព​វៀតណាម បាន​ស្ទាក់ដំណើរ​ជម្លៀស​របស់​ប្រជាជន​នៅ​ស្រុក​បាភ្នំ ហើយ​បាន​ប្រាប់​ឲ្យ​ប្រជាជន​ទាំងនោះ​វិល​ត្រឡប់មកផ្ទះ​សម្បែង​រៀងៗ​ខ្លួន​វិញ​។ គ្រួសារ​របស់ខ្ញុំ ក៏បាន​ធ្វើដំណើរ​ត្រឡប់មកផ្ទះ​វិញ​ដែរ​។​
ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ ដោយសារតែ​ស្រឡាញ់​អាជីព​ជា​គ្រូបង្រៀន ខ្ញុំ​បាន​ស្ម័គ្រចិត្ត​ធ្វើជា​គ្រូបង្រៀន​ម្ដងទៀត ហើយ​បាន​បង្រៀន​ប្រជាជន​នៅក្នុង​ភូមិ​អង្គ​រស រហូតដល់​ថ្ងៃ​ដែល​ខ្ញុំ​ត្រូវបាន​កោះហៅ​ឲ្យ​ទៅ​សិក្សា​បន្ថែម នៅ​សាលា​គរុកោសល្យ និង​វិក្រឹត្យការ​ខេត្តព្រៃវែង ដើម្បី​បំពេញវិជ្ជា​ខាង​បង្រៀន​។ បន្ទាប់ពី​បញ្ចប់​វគ្គ​សិក្សា​ជំនាញ​គ្រូបង្រៀន​រួចមក ខ្ញុំ​បាន​ត្រឡប់មក​ភូមិកំណើត និង​បានធ្វើ​គ្រូបង្រៀន​រហូតដល់​ថ្ងៃ​ដែល​ខ្ញុំ​ចូលនិវត្តន៍​នៅ​ឆ្នាំ​១៩៩៩​។ សព្វថ្ងៃនេះ ខ្ញុំ​រស់នៅ​ជាមួយ​កូនៗ​របស់ខ្ញុំ ក្នុងភូមិ​អង្គ​រស ឃុំ​អង្គ​រស ស្រុក​មេសាង ខេត្តព្រៃវែង​។ ឆ្លៀតពេល​ទំនេរ និង​ដើម្បី​បំបាត់​ការ​អផ្សុក ខ្ញុំ​ធ្វើ​បង្គីរ និង​ដាំ​ដំណាំ​តិចតួច​នៅក្នុង​បរិវេណ​ផ្ទះ​៕


 ក្មេងៗ​កំពុង​អង្គុយលេង​ក្បែរ​គុម្ព​ឫស្សី ដែលជា​អតីត​ទីតាំង​ទម្លាក់​គ្រាប់បែក​នៅ​អំឡុង​ឆ្នាំ​១៩៧០ ធ្វើ​ឲ្យ​គុម្ព​ឫស្សី​បែកចេញ​ជា​ពីរ​គុម្ព​ផ្សេងគ្នា (​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា /​ផេង ពង្ស​រ៉ាស៊ី​)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular