ដោយៈ តាកែវ / តាកែវៈ ផ្សារណាត់ ដែលជា​ផ្សារ​មួយ មាន​ភាព​វ័យ​ចំណាស់ ដែល​បន្សល់ទុក តាំងពី​ជំនាន់​អាណានិគម​បារាំង និង​ត្រូវបាន​ជួសជុល​រៀបចំ​ឡើងវិញ នៅ​ឆ្នាំ​១៩៨២ ក្រោយ​បញ្ចប់​សម័យ ប៉ុល ពត ឥឡូវនេះ ត្រូវបាន​វាយកំទេច​ចោល​ហើយ និង​ចាប់ផ្តើម កសាង​ថ្មី​ឡើងវិញ ជា​ផ្សារ​ទំនើប​ខ្នាតតូច​មួយ មុនគេ​បង្អស់ នៅក្នុង​ទឹកដី​វ័យ​ចំណាស់ នៃ​ក្រុង​ដូន​កែវ ខេត្តតាកែវ នា​សម័យ​សុខសន្តិភាព កាលពី​រសៀល​ថ្ងៃទី ១៨ ខែមីនា ឆ្នាំ​២០២១​នេះ​។​

​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅ​ថ្ងៃ​ចាប់ផ្តើម​បុកគ្រឹះ​សាងសង់ ផ្សារណាត់​ថ្មី​នេះ លោក កង អ​ណាន់ អភិបាលក្រុង​ដូន​កែវ បានលើកឡើង​ថាៈ ផ្សារណាត់​ថ្មី​នេះ ជា​សមិទ្ធផល​ថ្មី មួយទៀត​ហើយ ដែល​ក្រុង​ដូន​កែវ បាន​កសាងឡើង នា​សម័យ​សុខសន្តិភាព​ក្រោម​ម្លប់ ដ៏​ត្រចះត្រចង់ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​គតិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន អរគុណ​សន្តិភាព ។​

​លោក​អភិបាលក្រុង បាន​បន្តថាៈ ផ្សារណាត់​ថ្មី​នេះ គឺជា​ផ្សារ​ទំនើប​ខ្នាតតូច​មួយ មុនគេ បង្អស់​នៅក្នុង​ទឹកដី នៃ​ខេត្តតាកែវ ។ ការរៀបចំ​ផ្សារណាត់​នេះ គឺមាន​កម្ពស់ ៣ ជាន់ និង​មាន​តូប សម្រាប់​លក់ដូរ ជាង ៣០០ តូប ដែល​ត្រូវបាន​គិតគូរ ពី​ប្រព័ន្ធ​សុវត្ថិភាព ផ្លូវ​ចេញ ផ្លូវ​ចូល និង​ប្រព័ន្ធ​ការពារ ជាច្រើន​ទៀត ជាពិសេស គឺ​រៀបចំ​ឱ្យមាន​សណ្តាប់ធ្នាប់ ទៅតាម ស្តង់ដា ផ្សារ​ទំនើបកម្ម​មួយ​ដែរ ហើយ​ទាំងនេះ គឺជា​គំនិត​ផ្តួចផ្តើមឡើង ដោយ​លោក ឡោ ជំនិត ម្ចាស់​វិនិយោគ គំរោង​សង់​ផ្សារណាត់​ថ្មី​នេះ ។​

​បងប្អូន​ប្រជាពលរដ្ឋ ដែលជា​អាជីវករ ផ្សារណាត់ និង​ពលរដ្ឋ រស់នៅ​ជុំវិញ​ផ្សារណាត់​នេះ បាន​និយាយថាៈ ពួកគាត់​មានចិត្ត​សប្បាយរីករាយ ជាខ្លាំង ក្រោយ​សម្លេង​ស្នូរ​បុកគ្រឹះ​សាង សង់​ផ្សារណាត់​នេះ បាន​បន្លឺឡើង ព្រោះ​ចាប់ពីពេលនេះ​តទៅ ពួកគាត់ នឹង​ទទួលបាន​តូប លក់ដូរ សមស្រប ហើយ​ស្អាត និង​អនាម័យ ដែល​អាច​ទាញ​ចំណាប់អារម្មណ៍ ដល់​អ្នកទិញ មក​ចូល​ផ្សារ ទិញ​ម្ហូបអាហារ បាន​កាន់តែ​ច្រើនជាង​មុន ។​

​ដោយឡែក ចំពោះ​ប្រជាពលរដ្ឋ រស់នៅ​ជុំវិញ​ផ្សារណាត់​វិញ ក៏បាន​លើកឡើងថាៈ ការសាងសង់​ផ្សារណាត់​នេះ វា​បានធ្វើឱ្យ​តម្លៃ​ដី នៅ​ជុំវិញ​ផ្សារ ហក់​ឡើង​ខ្ពស់ នឹកស្មាន មិន​ដល់​ឡើយ បើ​ធៀប​ជាមួយនឹង​មុនពេល មិនទាន់មាន​គម្រោង​សាងសង់ ផ្សារណាត់​ថ្មី​នេះ ជាពិសេស​ប្រជាពលរដ្ឋ រស់នៅ​ជុំវិញ​ផ្សារណាត់​នោះ ក៏​អាច​ប្រែក្លាយ​ខ្លួន ជា​អាជីវ​ករលក់ នៅតាម​ផ្ទះ​របស់ខ្លួន​ផងដែរ​៕/V​-PC