ដោយ​: ពៅ​និមល​/​ភ្នំពេញ​: ក្រៅពី​បញ្ហា​ប្រឈម​នូវ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ម្ចាស់​អាជីវកម្ម​ក្នុង​វិស័យ វារីវប្បកម្ម​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ឱ្យជួយ​គាំទ្រ​ត្រី​ក្នុងស្រុក​ច្រើនជាង​ការ នាំចូល ព្រោះថា​ការទិញ​ត្រី​នេះ​នឹង​ជួយ​លើកទឹកចិត្ត​ដល់​អ្នក​ចិញ្ចឹម​ជាពិសេស​ផ្តល់ប្រាក់ ចំណូល​ផងដែរ​ទៅដល់​សេដ្ឋកិច្ចជាតិ​។​

​ប្រាប់​រស្មី​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២១​កន្លងទៅ លោក សុខ រ៉ា​ដែន ប្រធាន​សមាគម​វា​រី​វប្បករ​កម្ពុជា បាន​រៀបរាប់ថា ការនាំ​ចូល​ផល​វារីវប្បកម្ម​មិន​ត្រឹមតែ​ធ្វើ ឱ្យ​អ្នក​ចិញ្ចឹម​ក្នុងស្រុក​ជួប​បញ្ហា​ទីផ្សារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ផលិតផល​មួយចំនួន​ក៏​មិនមាន អនាម័យ គុណភាព និង​ប្រភព​នាំចូល​ដែល​អាចធ្វើ​ឱ្យមាន​បញ្ហា​ដល់​សុខភាព​អ្នក​បរិភោគ​ដែរ គ្រា​ដែល​ផលិតផល​ក្នុងស្រុក សុទ្ធសឹង​មានគុណ​ភាពល្អ ព្រោះថា ចំណី​ដែល​ផ្តល់ឱ្យ​ត្រី​សុទ្ធ តែមាន​គុណភាព និង​ការផលិត​យ៉ាង​ត្រឹមត្រូវ និង​ស្របតាម​ស្តង់ដារ​ណែនាំ​ពី​អ្នកជំនាញ​។​

​លោក​បន្តថា “​យើង​ស្នើ​សុំឱ្យ​រដ្ឋ លោក​ជួយ​ធ្វើ​ម៉េច​កំរិត​ការនាំចេញ​មួយរយៈ ឬក៏​ស្នើសុំ អ្នក​នាំចូល​ឱ្យមក​ទិញ​ត្រី​ក្នុងស្រុក កុំ​ចេះតែ​ចង់​នាំ​ចូលមក​សិន​ផ្អាក​នាំចូល​មួយរយៈ​មក​ទិញ កន្លែង​យើង នឹង​ខ្ញុំ​និយាយ​ក្នុង​ផ្នែក​ឯកជន​អ្នកទិញ​ត្រី​ពី​ស្រុក​ក្រៅ​មក​អ្នក​នាំចូល​ឱ្យ​គាត់​យល់ មកជួយ​ប្រមូល​ទិញ​ត្រី​ក្នុង​ស្រះ​ស្រុក​ខ្មែរ​នេះ​លក់​ក្នុងស្រុក​នឹង ហើយ​មានអី​ឆ្ងាយ​នៅ ក្បែរ​នឹងៗ ចាំបាច់​យក​ពី​ក្រៅ​ឆ្លងដែន ឆ្លង​ទឹក​ធ្វើ​អី ។ ត្រី​ប្រា ត្រី​ឆ្កោ ត្រី​ពោធិ៍​ហើយ​ត្រី​អណ្តែង សម្បូរ​ហ្មង​យើង អាច​ផ្គត់ផ្គង់​បាន​ស្រុក​ខ្មែរ​”​។​

​អាជីវករ​លក់​ត្រី​ផ្សារ​ច្បារអំពៅ រាជធានី​ភ្នំពេញ អ្នកនាង ស៊ីនួន បាន​អះអាងថា មកដល់​ពេល នេះ​បាន​ប្រកប​របរ​លក់​ត្រី​ប្រមាណ​២០​ឆ្នាំ​ហើយ ហើយ​ត្រី​ដែល​ដាក់លក់​សព្វថ្ងៃ​គឺ​ទិញ​បន្ត ពី​ឈ្នួ​ញ​លក់​នៅក្បែរ​ផ្សារ ដែល​ភាគច្រើន​ជា​ត្រី​ចិញ្ចឹម​ក្នុងស្រុក​។ ដោយឡែក​ប្រៀបធៀប គុណភាព​ត្រី អាជីវក​រូបនេះ បានឱ្យដឹងថា ត្រី​ក្នុងស្រុក​ពិតជា​ល្អ​ជាង​ការ​នាំចូល​ទោះបីជា តម្លៃ​ខុសគ្នា​យ៉ាងណាក៏ដោយ ប៉ុន្តែ​ក៏​មិន​ខុសគ្នា​ឆ្ងាយ​ដែរ ពោល​គឺអាច​ទទួលយក​បាន ព្រោះថា​ទាំង​គុណភាព និង​រស់ជាតិ​របស់​ត្រី​នៅក្នុង​ស្រុក​គឺ​ល្អ​ជាង​ដាច់​។​

​សូមបញ្ជាក់ថា នៅក្នុង​ឆ្នាំ​២០២០​កន្លងទៅ ការប្រមូល​ផល​ពី​វារីវប្បកម្ម​នៅ​កម្ពុជា​សម្រេចបាន ៤០០.៤០០​តោន កើនឡើង ២៧,៧៩​ភាគរយ ពី​ចំនួន ៣០៧.៤០៨​តោន កាលពី​ឆ្នាំ​២០១៩៕​/PC