ដោយៈតាកែវ/តាកែវ៖ ខណៈគម្រោងសាងសង់ផ្សារណាត់ថ្មីចាប់ផ្តើមដំណើរការ មិនត្រឹមតែធ្វើឲបងប្អូនប្រជាពលរដ្ឋជាអាជីវករសប្បាយចិត្តនោះទេ គឺបានធ្វើឲហាងឆេង អចលនៈទ្រព្យនៅជុំវិញផ្សារណាត់ហក់ឡើងខ្ពស់សឹងតែមិនធ្លាប់មានពីមុនមក។ នេះ ជាការលើកឡើងរបស់ លោក កង អាណាន់ អភិបាលក្រុងដូនកែវ។
លោកអភិបាលក្រុងដូនកែវបានបញ្ជាក់ថា កាលពីមិនទាន់មានគម្រោងសាងសង់ផ្សារ តម្លៃដីនៅទីនោះ ក្នុងមួយម៉ែត្រដើរ តម្លៃត្រឹម ២ម៉ឺនទៅ ២ម៉ឺន៥ពាន់ដុល្លារ តែប៉ុណ្ណោះ ក្រោយគម្រោងសាងសង់ផ្សារណាត់ថ្មីនេះចាប់តំណើរការភ្លាមធ្វើឲហាងឆេងតម្លៃអចលនៈ ទ្រព្យនៅជុំវិញផ្សារណាត់នោះ ហក់ឡើងខ្ពស់ទ្វេរដង ដោយមួយម៉ែត្រដើរ តម្លៃ ៣ម៉ឺន៥ពាន់ ទៅ៤ម៉ឺនដុល្លារឯណ្ណោះ ។ លោកអភិបាលក្រុងដូនកែវបន្តថា ការហក់ឡើងថ្លៃនៃតម្លៃ អចលនៈទ្រព្យនេះ គឺកើតឡើងចេញពីតំបន់ដែលកំពុងមានការអភិវឌ្ឍន៍ខ្លាំងក្នុងក្រុង ដូចជាការសាងសង់ផ្សារណាត់ថ្មីនេះជាដើម ធ្វើឲបងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ កាន់តែមានការវិវត្តន៍ទៅមុខជាបន្តបន្ទាប់ និងអាចប្រកបរបរអាជីវកម្មលក់ដូរបានយ៉ាងស្រួល ក្រោយការសាងសង់ផ្សារណាត់ថ្មីនេះត្រូវបានបញ្ចប់៕/PC