​ដោយៈ ជា​សីហៈ​/​ភ្នំពេញៈ កម្ពុជា​ចប់​អណ​ត្តិ​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​មូលនិធិ​សកល​ហើយ នេះ​បើតាម​មន្ត្រី​នៅ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​។

​ប្រភព​ដដែល​បាន​អះអាងថា កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២១ លោក ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​មូលនិធិ​សកល​ចប់​អាណត្តិ បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្ទេរតំណែង​មណ្ឌល​តំណាង​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច​ជូន​អ្នកស្រី ហ្វី​យូ ហ្វេ​សៃ​ទូ វី​លី​យាំ អ៊ី​ហ្គា​វា (Fiu Fesaitu Williame-Igara )​សមាជិក​ក្រុមប្រឹក្សាភិបាល​ថ្មី តាម​បណ្តាញ​វីដេអូ កម្មវិធី​BlueJeans​។

​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី លោកស្រី រ៉ូ​លីន មូ​រូ​តា (Roslyn Morauta) អនុប្រធាន​ក្រុមប្រឹក្សាភិបាល​មូលនិធិ​សកល និង តំណាង​លេខាធិការដ្ឋាន​មូលនិធិ​សកល មួយចំនួនទៀត ។

​នាឱកាស​នោះ លោក​បណ្ឌិត ស៊ន ពិសិដ្ឋ ជន​បង្គោល​ខាង​ទំនាក់ទំនង​ដែល​ចប់​អាណត្តិ ក៏បាន​ផ្ទេរ​ការងារ​ជូន លោក អែល​ដេ​ន សាំ​ប័​ឡាំង (Elden Chamberlain )​ជន​បង្គោល​ខាង​ទំនាក់ទំនង​ថ្មី​។​

កិច្ចប្រជុំ​ក៏មាន​ការចូលរួម​ជា​សាក្សី​ដោយ លោក​វេជ្ជបណ្ឌិត ជី​ម ទូ​ឡុ​ច (Jim Tulloch) សមាជិក​គណៈកម្មាធិកា​រ​យុទ្ធសាស្ត្រ​មូលនិធិ​សកល ព្រមទាំង​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង អ្នកជំនាញការ​ផ្សេងទៀត ជាង ២០​នាក់​៕​