ដោយៈ ជា សីហៈ/ ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជានៅថ្ងៃនេះបានអះអាងថា ក្រុមហ៊ុនមួយ បានកំពុងតែបោះទុន បង្កើតរោងចក្រផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ។​

មន្រ្តីនៅអាជ្ញាធរអគ្គីសនីកម្ពុជាបានប្រាប់រស្មីកម្ពុជាថា គម្រោងនេះគឺកំពុងតែរៀបចំដោយ ក្រុមហ៊ុន GREEN SUSTAINABLE VENTURES (CAMBODIA) CO., LTD ដែលមាន គម្រោងបង្កើតរោងចក្រផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព 20MW។​

ប្រភពដដែលបានអះអាងថា រោងចក្រថាមពលថ្មីនេះ ស្ថិតនៅភូមិមនោរម្យ ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ១៧,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥០កន្លែង។

នៅថ្ងៃនេះស្ថានីយ៍ថាមពលពន្លឺព្រះអាទិត្យ ៦០ មេហ្គាវ៉ាត់នៅខេត្តបាត់ដំបងចាប់ផ្តើមដំណើរការ។

ស្ថានីយ៍ថាមពលពន្លឺព្រះអាទិត្យដែលមានស្រាប់នៅប្រទេសកម្ពុជារួមមានស្ថានីថាមពលពន្លឺព្រះអាទិត្យ ១០ មេហ្គាវ៉ាត់ និង ៥ មេហ្គាវ៉ាត់នៅក្រុងបាវិតខេត្តស្វាយរៀង ស្ថានីយ៍ថាមពលពន្លឺព្រះអាទិត្យ ៨០ មេហ្កាវ៉ាត់នៅក្នុងខេត្តកំពង់ស្ពឺ និងស្ថានីយថាមពលពន្លឺព្រះអាទិត្យ ៦០ មេហ្គាវ៉ាត់នៅក្នុងខេត្តកំពង់ឆ្នាំង៕