​ប្រែ​សម្រួលៈ​វាសនា​/​គូ​ឡា​ឡាំ​ពួរ​៖​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មូ​យីត​ឌីន យ៉ាស​ស៊ីន កាលពី​ថ្ងៃ​សុក្រ​បាន​សម្តែង​ការគាំទ្រ​ការអំពាវនាវ​របស់​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ដើម្បី​អោយ​សមាគម​អាស៊ាន​​បើក​ជំនួប​កំពូល​គ្រាអាសន្ន​មួយ​សំរាប់​ដោះស្រាយ​ស្ថានការណ៍​នៅ​មី​យ៉ាន់​ម៉ា​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ លោកមូ​យីត​ឌីន បាន​និយាយថា ការ​នៅ​តែ​បន្ត​ប្រើ​អំពើហិង្សា​សម្លាប់​មនុស្ស​លើ​ជន​ស៊ីវិល​គ្មាន​អាវុធ ជា​ការ​មិន​អាច​ទទួល​យកបាន និង​បាន​អំពាវនាវ​អោយ​ក្រុម​មេ​ដឹក​​នាំ​យោធា​មី​យ៉ាន់​ម៉ា «​ដូរ​មធ្យោបាយ​របស់ខ្លួន និង​ជ្រើស​យក​ផ្លូវ​មួយ​ឆ្ពោះទៅ​កាន់​ដំណោះស្រាយ​ដោយ​អហិង្សា​មួយ​»​។​

​លោក​បាន​និយាយថា « គ្មាន​មន្ទិល​អ្វី​ទេ​… ការប្រើ​គ្រាប់រំសេវ​ពិត​លើ​អ្នក​តវ៉ា​ប្រឆាំង​អហិង្សា​ជា​ការ​មិន​អាច​ទទួលយក​បាន​។​ស្ថានភាព​គួរអោយ​សោកស្តាយ​នេះ​ត្រូវតែ​បញ្ឈប់​ភ្លាម​។​យើង​នៅ​ម៉ាឡេស៊ី និង​​សហគមន៍​អាស៊ាន​មិន​អាច​ឈរ​មើល​ប្រជាជាតិ​បងប្អូន​មី​យ៉ាន់​ម៉ា​របស់​យើង​ក្លាយជា​អស្ថិរភាព​នៅ​ក្រោម​ដៃ​មនុស្ស​មួយ​ក្រុម​តូច ដែល​ព្យាយាម​ជំរុញ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់​គេ​»​។​

​លោក មូ​យីត​ឌីន យ៉ាស​ស៊ីន ក៏​ទាមទារ​អោយ​ដោះលែង​មេដឹកនាំ​ស៊ីវិល អ៊ុង សាន ស៊ូ ជី ដោយ​គ្មាន​លក្ខខណ្ឌ​ផងដែរ​។​

​សូម​រំលឹក​ថា ចាប់តាំងពី​មី​យ៉ាន់​ម៉ា​ជួប​រដ្ឋប្រហារ ឥណ្ឌូនេស៊ី​បាន​ឈ្មូសឈ្មុល​ខិតខំ​នៅក្នុង​អាស៊ាន​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​មួយ​ចំពោះ​វិបត្តិ​នេះ​។​

​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​សុក្រ បាន​អំពាវនាវ​អោយ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ និង​បញ្ឈប់​អំពើ​ហិង្សា​នៅ​មី​យ៉ាន់​ម៉ា ហើយក៏​បាន​អំពាវនាវ​អោយ​មេដឹកនាំ​អាស៊ាន​បើក​កិច្ចប្រជុំ​ថ្នាក់ខ្ពស់​​មួយ​ដើម្បី​ពិភាក្សា​សភាពការណ៍​នៅ​ទីនោះ​៕

​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មូ​យីត​ឌីន យ៉ាស​ស៊ីន​(ឆ្វេង) និង​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​