Home ព័ត៌មានជាតិ សង្គម សួន​ស្មៅ​ និង...

សួន​ស្មៅ​ និង​ផ្កា​លើ​មហាវិថី​ថ្មី​ដាំ​រួច​ជាង​៥០​ភាគរយ​ហើយ​

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈជម្ងឺ​កូ​វីដ​១៩​បាន​វាយប្រហារ​មកលើ​រាជធានី​ភ្នំពេញ​យ៉ាងធ្ងន់ធ្ងរ​អស់​រយៈពេល​ពេញ​មួយខែ​ហើយដោយ​ធ្វើឱ្យ​ការធ្វើ​អាជីវកម្ម​នានា​ជាច្រើន​ត្រូវបាន​ផ្អាក​សកម្មភាព តាម​ដងផ្លូវ​មាន​សភាព​ស្ងប់ស្ងាត់ តែ​ការដ្ឋាន​សាងសង់​មហាវិថី​ថ្មី​៣០​ម៉ែត្រ ដែលជា គម្រោង​របស់​រដ្ឋបាល​រាជធានី​មិនបាន​ផ្អាក​ទេ​គឺ​មានតែ​បង្កើនល្បឿន​ធ្វើយ៉ាងណា​ឱ្យបាន​ហើយ​រួចរាល់​តាម​ការគ្រោងទុក​ដោយ​នៅពេលនេះ​ការងារ​សួន​ស្មៅ​និង​ផ្កា​នៅ​កណ្តាល​មហាវិថី​ថ្មី​នេះ​ចាប់ពី​បុរី​អង្គរ​ភ្នំពេញ​ដល់​អគារ​ទីស្តីការ​ថ្មី​ក្រសួង​រៀបចំ​ដែនដី​នគ​រូ​នីយកម្ម​និង​សំណង់​ដាំ​បាន​ជិត​រួចរាល់​ហើយ​។​

​លោក សំ សាមុត ប្រធាន​អង្គភាព​សួនច្បារ នៃ​មន្ទីរ​សាធារណការ​និង​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២០ ខែមីនា​ឆ្នាំ​២០២១​ថា ការងារ​ដាំ​ស្មៅ​និង​ផ្កា​នៅ លើ​សួន​ពុះ​ចែក​មហាវិថី​៣០​ម៉ែត្រ​ចាប់ពី​បុរី​អង្គរ​ភ្នំពេញ​ដល់​មុខ​ទីស្តីការ​ថ្មី​ក្រសួង​រៀបចំ ដែនដី​ដែលមាន​ចម្ងាយ​ជិត​៤​គីឡូម៉ែត្រ​ធ្វើ​រួច​បាន​ជាង​៥០​ភាគរយ​ហើយ​។​

​ប្រធាន​អង្គភាព​សួនច្បារ​និង​រុក្ខជាតិ​រាជធានី​ភ្នំពេញ​រូបនេះ​បាន​បញ្ជាក់ថា​ការងារ​ដាំ​ស្មៅ​និង​ផ្កា​នៅលើ​សួន​កណ្តាល​មហា​វិ​ថ្មី​ដែល​កំពុង​សាងសង់ឡើង​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ផ្នែក​ខាងលើ​ត្រូវ​ធ្វើឱ្យ​ហើយ​រួច រាល់​នៅ មុន​ដំណាច់​ខែមីនា​នេះ គឺ​ធ្វើយ៉ាងណា​ឱ្យបាន ហើយ​មុន​ថ្ងៃ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​ទីស្តីការ​ថ្មី​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​នៅ​ដើម​ខែមេសា​ខាងមុខ​។​

​លោក សំ សាមុត បាន​និយាយ​ឱ្យដឹងទៀតថា​សួន នៅ​កណ្តាល​មហាវិថី​ថ្មី​នេះ​មាន​ទទឹង ២​ម៉ែត្រ​ដាំ​ដោយ​ស្មៅ​ជប៉ុន ផ្កាក្រដាស ដើម​តែ​និង​ដើម​ជ្រៃ​លាស់ ដែលជា​ប្រភេទ​ស្មៅ និង​ផ្កា​មិនសូវ​ត្រូវការ​ទឹក​។​

​លោក​បាន​រំលឹក ឱ្យដឹងថា​មហាវិថី​៣០​ម៉ែត្រ​ខាងលើ នេះ​បាន បើក ការដ្ឋាន​សាងសង់ ជា ផ្លូវការ កាលពី​ថ្ងៃទី​៧ ខែ កញ្ញា​ឆ្នាំ ២០២០ ក្រោម គំនិត ផ្តួចផ្តើម​របស់លោក ឃួ ង ស្រេង អភិបាល រាជធានី​ភ្នំពេញ​ដោយមាន ការគាំទ្រ​ថវិកា​ពី​សប្បុរសជន​ដែលជា​ម្ចាស់​បុរី​នៅ​អម សងខាង មហាវិថី នេះ គឺ​ចាប់ពី​បុរី​អង្គរ​ភ្នំពេញ ទៅដល់​មហាវិថី ឈ្នះ ឈ្នះ ។

​មហាវិថី​៣០​ម៉ែត្រ ថ្មី នេះ មាន ប្រវែង ៥.៨៦០ ម៉ែត្រ ទទឹង​៣០​ម៉ែត្រ នៅក្នុង​គម្រោង ដែល កំពុង​អនុវត្ត​ត្រូវ​ចាក់​បេតុង​ឆ្អឹង​ដែក​កម្រាស់ ០,២០​ម៉ែត្រ ចិញ្ចើមផ្លូវ​ម្ខាង​២​ម៉ែត្រ​មាន​លូ​នៅ សងខាង​ដោយ​ម្ខាង ទំហំ​០,៨០​ម៉ែត្រ មាន​សួនច្បារ នៅ​កណ្តាល​២​ម៉ែត្រ​ជាមួយនឹង​បង្គោល ភ្លើង​បំភ្លឺ​ផ្លូវ​សាច់​ផ្លូវ​ម្ខាង​១២​ម៉ែត្រ មាន​ភ្លើងស្តុប​៤​កន្លែង និង​ទទួលខុសត្រូវ​សាងសង់ ដោយ​ក្រុមហ៊ុន​ជីបម៉ុង​គ្រោង​សាងសង់​ឱ្យ​រួចរាល់​ក្នុង​រយៈពេល​៦​ខែ បន្ទាប់​ពីថ្ងៃ​បើក ការដ្ឋាន កាលពី​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ ២០២០៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular