ការប្រកួត​កីឡា មធ្យមសិក្សា​ថ្នាក់ជាតិ ឆ្នាំនេះ នឹងធ្វើ​នៅ​ខេត្តកំពត​

1239
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ប្រធាន​នាយកដ្ឋាន អប់រំ​កាយ និង កីឡា សិស្ស និស្សិត បាន​ថ្លែង​ឲ្យ​ដឹង នៅក្នុង​សន្និសីទកាសែត នា​ព្រឹក​ថ្ងៃទី​២ ឧសភា​ថា ការប្រកួត​កីឡា មធ្យមសិក្សា​ថ្នាក់ជាតិ ឆ្នាំ​២០១៨ នេះ នឹងធ្វើ​នៅ​ទី​រួម​ខេត្តកំពត ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៥ ហើយនឹង​បញ្ចប់​នៅ​ថ្ងៃទី ១៤ ឧសភា ខាងមុខនេះ​។​

​ព្រឹត្តិការណ៍​នេះ គាំទ្រ​ទាំងស្រុង ដោយ​ភេសជ្ជៈ ស្ព​ន់​ស័​រ (Sponsor) ។ លោក ស្រ៊ី​ន ផល្លា ដែលជា​តំណាង​របស់​ក្រុមហ៊ុន Sponsor បាន​អះអាងថា មូលហេតុ ដែល​ក្រុមហ៊ុន​របស់លោក ឧបត្ថម្ភ​ការប្រកួត​កីឡា​សិស្ស ចាប់ពី​បឋមសិក្សា ដល់​ឧ​ត្ត​មសិ​ក្សា​នេះ ដោយសារតែ​ភេសជ្ជៈ របស់លោក ជា​ភេសជ្ជៈ សម្រាប់​កីឡា​តែម្ដង ។

​ការប្រកួត​នេះ មាន ៨ ប្រភេទ​កីឡា គឺ​បាល់ទាត់​បុរស មាន ២៥ ក្រុម នារី ២១ ក្រុម ។ បាល់ទះ​បុរស មាន ២៤ ក្រុម នារី​មាន ២៣ ក្រុម ។ ប្រភេទ​បាល់បោះ​បុរស មាន ២១ ក្រុម នារី​មាន ១៩ ក្រុម ។ អត្តពលកម្ម បុរស​មាន ២៥ ក្រុម នារី​មាន ២៤ ក្រុម ។ ប៉េតង់​បុរស មាន ១៧ ក្រុម នារី​មាន ១៥ ក្រុម ។ សម្រាប់​ប៉េតង់​វិញ្ញាសា ដែល​ដាក់​ឲ្យ​ប្រកួត​មាន ២ វិញ្ញាសា គឺ​វិញ្ញាសា​វាយយក​ពិន្ទុ (Shooting) និង វិញ្ញាសា ៣ នាក់ ទល់ ៣ នាក់ ។ វាយ​កូនឃ្លី​លើ​តុ​បុរស មាន ១០ ក្រុម នារី​មាន ៦ ក្រុម ។ វិញ្ញាសា​វាយ​លូន​ឃ្លី​លើ​តុ​នេះ មាន ៣ វិញ្ញាសា គឺ​វិញ្ញាសា ម្នាក់​ទល់​ម្នាក់ វិញ្ញាសា​វាយ​គូ និង វិញ្ញាសា​ជា​ក្រុម​។

​ការប្រកួត​នេះ មាន​កីឡាករ​-​កីឡាការិនី គ្រូបង្វឹក គ្រូ​ជំនួយ​ចំនួន ២.៨៦៦ នាក់ ក្នុងនោះ​កីឡាករ​-​កីឡាការិនី សុទ្ធ​ចំនួន ២.៦៨៩ នាក់ ។ គណៈកម្មការ​រៀបចំ ការប្រកួត បាន​ជួល​សណ្ឋាគារ ចំនួន ១ និង​ផ្ទះសំណាក់ ចំនួន ៣៤ ដើម្បី​ស្នាក់នៅ​ក្នុងអម្លុង ពេល​ប្រកួត​នេះ ។​

​ការប្រកួត​នេះ បាល់ទាត់​ប្រើប្រាស់​ទីលាន ចំនួន ៤ បាល់ទះ​ទីលាន ចំនួន ៤ បាល់បោះ​ទីលាន ចំនួន ៤ វាយ​កូនឃ្លី​លើ​តុ​ទីលាន ចំនួន ២ ប៉េតង់​ទីលាន​ចំនួន ៦ ឯ​អត្តពលកម្ម ធ្វើ​នៅតាម​ទីលាន​បាល់ទាត់ ។​

​លោក ស៊ាន បូរ៉ា​ត រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង កីឡា បាន​សំណូមពរ ឲ្យ​អ្នកគ្រប់គ្រង​កីឡា ទាំង ២៥ រាជធានី​-​ខេត្ត ត្រូវ​រក្សា​ឲ្យ​បាន​នូវ​សុវត្ថិភាព កីឡាករ​-​កីឡាការិនី​របស់ខ្លួន ឯ​មន្ត្រី​បច្ចេកទេស ត្រូវ​ប្រកាន់​ភាពយុត្តិធម៌ ក្នុងការ​បំពេញភារកិច្ច ឲ្យ​បាន​ដាច់ខាត ៕V

ទិដ្ឋភាព​សន្និសីទកាសែត​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ