ដោយៈមុនីរ័ត្ន/ភ្នំពេញៈអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានឆ្លើយតបទៅនិងការធ្វើយុទ្ធនាការដើរប្រមូលស្នាមមេដៃប្រជាពលរដ្ឋនៅតាមផ្ទះជួលរបស់អង្គការមួយចំនួន ដើម្បីទាមទារឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាមួយចំនួនដែលពួកគេចង់បានដូចជា បញ្ហាតម្លៃសាំង ផ្ទះជួល និងការបង់ធនាគារជាដើម ខណៈដែលរដ្ឋាភិបាលបានត្រៀមលក្ខណៈមួយចំនួនធំ ក្នុងការដោះស្រាយបញ្ហាអស់ទាំងនេះ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោកផៃ ស៊ីផាន បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជានៅព្រឹកថ្ងៃទី២២ ខែមីនា នេះថា ចំពោះការទាមទាររបស់អង្គការសង្គមស៊ីវិលមួយចំនួនទាមទារឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាតម្លៃសាំង បញ្ហាផ្ទះជួល និងបញ្ហាផ្អាកការបង់ធនគារនោះ គឺរដ្ឋាភិបាលបានត្រៀមលក្ខណៈមួយចំនួនធំ ក្នុងការដោះស្រាយអ្នកក្រីក្រតាមរយៈប័ណ្ណក្រីក្រ និងតាមរយៈការចុះពិនិត្យមើលត្រឹមត្រូវ។ពាក់ព័ន្ធជាមួយខាងធនាគារគឺខាងធនាគារជាតិនៃកម្ពុជាបានធ្វើកិច្ចការងារជាមួយក្រុមហិរញ្ញវត្ថុ ក៏ដូចជាធនាគារឲ្យដោះស្រាយរបៀបទន់ភ្លន់ និងជួយដល់អ្នកដែលជំពាក់បំណុល គឺបានធ្វើជាបណ្តើរៗមកហើយ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានសង្កត់ធ្ងន់ថា “អ្វីដែលយើងខ្លាចបំផុត គឺយើងមិនចង់ឲ្យបាត់បង់ស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ច ម៉ាក្រូសេដ្ឋកិច្ចគឺមានរាប់បញ្ចូលទាំងការបាត់បង់តម្លៃលុយដែលហៅថា អតិផរណា កាលណាលុយធ្លាក់ចុះមកច្រើនសម្រាប់មហាជន គឺធ្វើឲ្យមានអតិផរណាគឺវាធ្វើឲ្យសម្លាប់ដល់សេដ្ឋកិច្ចរួមទាំងអស់ ដែលយើងត្រូវប្រយ័ត្នប្រយែង”។
អ្នកនាំពាក្យរដ្ឋាភិបាលក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋកុំឲ្យមានសកម្មភាពពពាក់ពពូនដែលអាចបំផ្លាញនូវស្ថិរភាពនយោបាយរបស់សង្គមទៅវិញទេ៕សរន