ដោយ: ពៅនិមល/ភ្នំពេញ: ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅថ្ងៃទី៨ ខែមេសាខាងមុខ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគេហទំព័រនៃ “ប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជាតាមអ៊ីនធឺណិត” ដើម្បីលើកកម្ពស់បន្ថែមទៀតដល់វិស័យការងារនៅកម្ពុជា។
ក្នុងឱកាសអនុញ្ញាតឱ្យក្រុមការងារទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ចូលថតវីដេអូថ្លែងសុន្ទរកថា ដើម្បីត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគេហទំព័រនាពេលខាងមុខ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២២ ខែមីនានេះ បានឱ្យដឹងថា បន្ទាប់ពីត្រូវបានអភិវឌ្ឍរួមគ្នា និងកែលម្អឲ្យកាន់តែប្រសើរឡើង ក្រោមក្របខណ្ឌជំនួយអភិវឌ្ឍន៍ជាផ្លូវការផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ របស់សាធារណរដ្ឋកូរ៉េជាមិត្ត ដែលបានផ្តល់តាមរយៈក្រសួងការងារ និងមុខរបរកូរ៉េ និងភ្នាក់ងារផ្តល់សេវាប្រព័ន្ធព័ត៌មានការងារកូរ៉េ (ខេ អ៊ី អាយ អេស)។
ប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារតាមអ៊ីនធឺណិត ដែលនឹងត្រូវដាក់ឲ្យដំណើរនាពេលខាងមុខនេ គឺជាសមិទ្ធផលថ្មីមួយទៀតក្នុងវិស័យការងារកម្ពុជា ដែលនឹងផ្តល់ដល់អ្នកកប្រើប្រាស់ ភាគីពាក់ព័ន្ធទាំងអស់ និងសាធារណជននូវគេហទំព័រការងារជំនាន់ថ្មី សម្រាប់ដាក់ពាក្យស្វែងរកការងារ, ប្រកាសជ្រើសរើសកម្លាំងពលកម្ម, ធ្វើសម្ភាសការងារតាមអនឡាញ, ប្រឹក្សាយោបល់អាជីព, និងស្វែងរកព័ត៌មានពាក់ព័ន្ធស្ថិតិទីផ្សារការងារជាច្រើនទៀត កាន់តែងាយស្រួល ឆាប់រហ័ស ចំណេញពេលវេលា បំប្រួមគម្លាត បំបែករបាំងខកខានការងារ ព្រមទាំងអាចប្រើប្រាស់សេវានេះពីគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា។ ប្រព័ន្ធផ្តល់សេវាការងារនេះ នឹងដើរតួជាអន្តរការីដ៏សំខាន់បំផុតដែលជាស្ពានផ្សារភ្ជាប់រវាងឱកាសការងារ និងកម្លាំងពលកម្ម ដែលមានសក្តានុពល ដោយប្រើប្រាស់បច្ចេកវិទ្យាអ៊ីនធើរណិត និងឌីជីថលទំនើប ស្របតាមបរិការណ៍នៃការវិវត្តរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា។
សូមបញ្ជាក់ថា ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជាតាមអ៊ីនធឺណិត-WORKNET” នឹងរៀបចំឡើងតាមរយៈប្រព័ន្ធអនឡាញ និងធ្វើការផ្សាយបន្តផ្ទាល់នៅលើហ្វេកប៊ុកផេក របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT) និងហ្វេកប៊ុកផេក ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)៕.mara