​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ប្រជាប្រិយភាព​របស់​អ្នកបកប្រែ​ជនជាតិ​ចិន​ម្នាក់​បាន​កើនឡើង​យ៉ាងខ្លាំង​ដោយសារតែ​ការ​រ៉ាប់រង​បន្ទុក​ពោរពេញ​ដោយ​ភាព​ឆ្លាត​វៃ​របស់​នាង​នៅ​ក្នុង​សុន្ទរកថា​បើក​កិច្ចប្រជុំ​១៥​នាទី​ដំបូង​របស់​ទីប្រឹក្សា​រដ្ឋ​ចិន​លោក យ៉ាង ជី​ឈី នៅឯ​ការចាប់ផ្តើម​កិច្ច​ពិភាក្សា​រវាង​មន្ត្រីជាន់ខ្ពស់​អាម៉េរិក​និង​ចិន​នៅ​រដ្ឋ​អា​ឡា​ស្កា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​។​

​នាង ចាង ជី​ង​បាន​ឆក់យក​ការចាប់អារម្មណ៍​អស់ពី​ការចរចា​នេះ​សម្រាប់​ផ្នែក​របស់​នាង​នៅក្នុង​កិច្ចពិភាក្សា​ទល់មុខ​គ្នា​លើកដំបូង​រវាង​មន្ត្រី​ជាន់​ខ្ពស់​មក​ពី​ប្រទេស​ទាំង​ពីរ​ចាប់តាំងពី​ប្រធានាធិបតី​​អាម៉េរិក​ចូ បៃ​ដិន​ចូលកាន់​តំណែង​កាលពី​ខែ​មករា​។ កិច្ចប្រជុំ​រយៈពេល ២ ថ្ងៃ​នៅ​ទីក្រុង​អាន​ឆូ​រ៉េ​ច​បានបញ្ចប់​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។​

​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បាន​ហៅ​នាង​ថា “​អ្នក​បកប្រែ​ផ្ទាល់មាត់​របស់​ចិន​” និង “​អ្នកបកប្រែ​ជនជាតិ​ចិន​ស្អាត​ដាច់​គេ​”​។ ​ឈ្មោះ​របស់​នាង​បាន​ក្លាយជា​ការស្វែងរក​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​វេទិកា​បណ្តាញ​សង្គម​ចិន Weibo ។ វីដេអូ ដែល​មាន​រូប​នាង​ក៏​មាន​អ្នក​ចុច​មើល​រាប់សិប​លាន​ដង​លើ​អន​ឡាញ​ផងដែរ​។​

​ការចរចា​នៅ​អា​ឡា​ស្កា​បានចាប់ផ្តើម​ជាមួយ​នឹង​ការរិះគន់​គ្នា​យ៉ាង​តានតឹង​និង​បញ្ចប់​ទៅ​ជាមួយ​នឹង​ការព្រមព្រៀង​គ្នា​សហការ​លើ​បម្រែបម្រួល​អាកាសធាតុ​និង​ការផ្លាស់ប្តូរ​ប្រជាជន​។​ប៉ុន្តែ​តាម​សម្តី​​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាម៉េរិក​លោក អាន​ថូ​នី ប្លីន​ខិន ប្រទេស​ទាំង​ពីរ​នៅ​តែ​មាន “​ការខ្វែងគំនិត​គ្នា​” ជុំវិញ​បញ្ហា​នានា​ដូចជា​តំបន់​ស៊ីន​ជាំ​ង ហុងកុង ទី​បេតិ៍ តៃវ៉ាន់ និង​សង្គ្រាម​តាម​​អ៊ី​ន​ធឺ​ណេត​៕

​នាង ចាង ជី​ង ជា​អ្នកបកប្រែ​ផ្ទាល់មាត់​ស្អាត​បំផុត​របស់​ចិន​