​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ប្រជាជន​នៅ​កោះ​តៃវ៉ាន់​បាន​ប្តូរ​ឈ្មោះ​របស់​ពួកគេ​ទៅជា “​សាល់​ម៉ុង​” ដើម្បី​ទាញយក​ប្រយោជន៍​ពី​ការផ្សព្វផ្សាយ​អាហារ​ស៊ូ​ស៊ី​រយៈពេល​ពីរ​ថ្ងៃ​របស់​ភោជនីយដ្ឋាន​មួយ​។​

​មនុស្ស​ប្រហែល ១៥០ នាក់​ត្រូវ​គេ​ជឿ​ថា​បាន​ប្តូរ​ឈ្មោះ​របស់​ពួកគេ​ដើម្បី​មាន​សិទ្ធិ​ទទួលបាន​អាហារ​ឥតគិតថ្លៃ​នៅក្នុង​អ្វី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ពណ៌នា​ថា​ជា​”​ភាពច្របូកច្របល់​ដោយសារ​ត្រី​​សាល់​ម៉ុង​”​។

​វា​បាន​បង្ក​ឱ្យ​បាត់​សណ្តាប់ធ្នាប់​ដែល​រដ្ឋាភិបាល​តៃវ៉ាន់​ត្រូវ​ឈាន​ជើង​ចូល​ដើម្បី​បញ្ឈប់​ប្រជាជន​កុំ​ឱ្យ​ធ្វើ​ដូច្នេះ​។​

​ចលនា​ដ៏​ផុសផុល​នេះ​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​នៅពេល​ហាង​អាហារ Akindo Sushiro និយាយថា អតិថិជន​ណា​ដែល​មាន​អត្តសញ្ញាណប័ណ្ណ​ផ្ទុក​ពាក្យ “​គួ​យ​យូ​” ជា​ភាសា​ចិន​មាន​ន័យ​ថា “​ត្រី​សាល់​ម៉ុង​” អាច​ទទួលបាន​អាហារ​ស៊ូ​ស៊ី​ឥតគិតថ្លៃ​សម្រាប់​ពួកគេ​និង​មិត្តភក្តិ ៥ នាក់​។​

​នេះ​បាន​បណ្តាលឱ្យ​មនុស្ស​រាប់​សិប​នាក់​ស្នើសុំ​ប្តូរ​ឈ្មោះ​។ ប្រជាជន​ស្របច្បាប់​នៅ​តៃវ៉ាន់​អាច​ប្តូរ​ឈ្មោះ​របស់​ពួកគេ​បាន​រហូត​ដល់​ទៅ​បី​ដង​។ ប៉ុន្តែ​មន្ត្រី​តៃវ៉ាន់​មិន​សប្បាយចិត្ត​នឹង​ចលនា​ប្តូរ​ឈ្មោះ​នេះ​ទេ​។​

​អនុរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ចិន ស៊ុង​យិន បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​”​ការប្តូរឈ្មោះ​នេះ​មិន​ត្រឹមតែ​ធ្វើឱ្យ​ខាត​ពេលវេលា​ឥតប្រយោជន៍​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​ធ្វើឱ្យ​ខាត​ឯកសារ​មិន​ចាំ​​បាច់​ទៀតផង​”​។​

​លោក​បាន​បន្ថែមទៀតថា “​ខ្ញុំ​សង្ឃឹមថា​អ្នក​រាល់គ្នា​អាចមាន​ហេតុផល​ជាង​មុន​អំពី​វា​”​។​

​យោង​តាម​សារព័ត៌មាន Taipei Times អ្នកដាក់ពាក្យសុំ​ប្តូរ​ឈ្មោះ​ត្រូវ​បង់ប្រាក់​ប្រហែល ៣ ដុល្លារ​សម្រាប់​អត្តសញ្ញាណប័ណ្ណ​ថ្មី​និង​វិញ្ញាបនបត្រ​ចុះបញ្ជី​។​

​និស្សិត​ម្នាក់​នៅ​ទីក្រុង​តៃ​ជុង​និយាយថា​នាង​បាន​ប្តូរ​ឈ្មោះ​របស់​នាង​ទៅ​ជា “​គូ សាល់​ម៉ុង បាយ​ចានគោម​” ប៉ុន្តែ​គ្រោង​ប្តូរ​ទៅ​ឈ្មោះ​ដើម​វិញ​នៅ​ថ្ងៃក្រោយ​។​

​វេបសាយ United Daily News បាន​រាយការណ៍​ថា មនុស្ស​ម្នាក់​បាន​សម្រេច​ចិត្ត​បន្ថែម​តួអក្សរ​ថ្មី​រហូតដល់ ៣៦ តួ​ទៅក្នុង​ឈ្មោះ​របស់​គាត់ ដែល​ភាគច្រើន​ជា​អាហារ​សមុទ្រ​រួម​មាន​ពាក្យ «​ខ្យង​សមុទ្រ​» «​ក្តាម​» និង «​បង្កង​»​។​

​អតិថិជន​ពីរ​នាក់​បាន​បង្ហោះ​តាម​អ៊ី​ន​ធឺ​ណេតថា “​ខ្ញុំ​គិតថា​យើង​នឹង​លែង​ចង់​ញ៉ាំ​ត្រី​សាល់​ម៉ុង​មួយរយៈ​សិន​។ បន្ទាប់​ពី​ញ៉ាំ​អាហារ​ស៊ូ​ស៊ី​ប្រហែល ៤៦០ ដុល្លារ (១៣.០០០ ដុល្លារ​តៃវ៉ាន់​) ក្នុង​មួយពេល​”​។​

​ក្រុមមន្ត្រី​បាន​អង្វរករ​សុំឱ្យ​ប្រជាជន​បញ្ឈប់​ការស្នើសុំ​ប្តូរ​ឈ្មោះ​ព្រោះ​វា​ធ្វើឱ្យ​ខ្ជះខ្ជាយ​ពេលវេលា​របស់​រដ្ឋាភិបាល​៕

​អ្នក​នៅ​តៃវ៉ាន់​នាំគ្នា​ប្តូរ​ឈ្មោះ​ដើម្បី​ញ៉ាំ​អាហារ​ឥតគិតថ្លៃ​នៅ​ហាង Akindo Sushiro