​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ សហភាព​អឺរ៉ុប​និង​សហរដ្ឋ​អាម៉េរិក​បាន​ដាក់​ទណ្ឌកម្ម​កាលពី​ថ្ងៃ​ចន្ទ​ទី​២២​មីនា​លើ​មន្ត្រី​មី​យ៉ាន់​ម៉ា​មួយចំនួន​ដែល​ត្រូវបាន​ចោទប្រកាន់​ថា​បាន​ចូលរួម​ក្នុង​រដ្ឋប្រហារ​យោធា​​របស់​ប្រទេស​នេះ​និង​ការបង្ក្រាប​ជា​បន្តបន្ទាប់​ទៅលើ​ក្រុម​បាតុករ​។​

​សហភាព​អឺរ៉ុប​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ចំនួន ១១ រូប​រួម​ទាំង​មន្ត្រី​យោធា​កំពូលៗ​ចំនួន ១០ នាក់​។ មន្ត្រី​ភាគច្រើន​ត្រូវបាន​ដាក់​ទណ្ឌកម្ម​រួច​ហើយ​ដោយ​រដ្ឋបាល​អាម៉េរិក​របស់​លោកបៃ​ដិន​ខណៈ​​តម្រង់​គោលដៅ​ទៅលើ​មន្ត្រី​ជាន់ខ្ពស់​ពីរ​រូប​រួម​ទាំង​អគ្គស្នងការ​ប៉ូលិស​ជាតិ​និង​អង្គភាព​យោធា​ចំនួន​ពីរ ដែល​ចូលរួម​ក្នុងការ​បង្ក្រាប​បាតុកម្ម​។​

​គោលដៅ​ចំនួន​១០ ក្នុងចំណោម​គោលដៅ ១១ ដែល​ត្រូវ​បាន​បង្កក​ទ្រព្យសម្បត្តិ​និង​ហាមឃាត់​ការធ្វើដំណើរ​ដោយ​សហភាព​អឺរ៉ុប​គឺជា​សមាជិក​ជាន់ខ្ពស់​នៃ​កងកម្លាំងប្រដាប់អាវុធ​មី​យ៉ាន់​ម៉ា​។ ​សេចក្តីថ្លែងការណ៍​រួម​របស់​ប្លុក​នេះ​បាន​និយាយថា អគ្គមេបញ្ជាការ មីន អ៊ុង​ហ្លាំង និង​អគ្គមេបញ្ជាការ​រង​លោក សូ វីន ក៏​ជាប់​ក្នុង​គោលដៅ​នេះដែរ​។ មនុស្ស​ទី ១១​ដែល​រង​ទណ្ឌកម្ម​គឺជា​ប្រធាន​​គណៈកម្មាធិការ​បោះឆ្នោត​ដែល​បាន​លុបចោល​ការបោះឆ្នោត​កាលពី​ឆ្នាំមុន​។​

​នៅក្នុង​សកម្មភាព​ដាច់ដោយឡែក​មួយ​ទៀត​ប៉ុន្តែ​មាន​ការសម្របសម្រួល​គ្នា ក្រសួង​រតនាគារ​អាម៉េរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​មេ​ប៉ូលិស​លោក ថន ហ្លាំង​និង​មេបញ្ជាការ​ការិយាល័យ​ប្រតិ​បត្តិ​ការ​​ពិសេស​លោក​ឧត្តមសេនីយ៍ឯក អ៊ុង សូ រួម​ជាមួយ​អង្គភាព​យោធា​ចំនួន​ពីរ​។ ក្រសួងការបរទេស​អាម៉េរិក​និយាយថា​”​ការដាក់​ទណ្ឌ​ទាំងនេះ​បង្ហាញថា​អំពើ​ហិង្សា​នឹង​មិន​ត្រូវ​បាន​មើលរំលង​ដោយ​​គ្មាន​ការឆ្លើយតប​នោះឡើយ​”៕

​ក្រុម​រដ្ឋមន្ត្រី​អឺរ៉ុប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ព្រុច​សែល​កាលពី​ថ្ងៃ​ចន្ទ