ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ តប​តាម​សំណើ​របស់ សម​ភាគី នៃ​សាធារណរដ្ឋ​កូរ៉េ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក នៅ​រសៀល​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២១ បាន​ជួបប្រជុំ​ពិភាក្សា​ការងារ តាមរយៈ​ប្រព័ន្ធ Video Teleconferencing (VTC) ជាមួយ​នាយ​ឧ​ត្ត​ម​សេនីយ៍ Nam Yeongshin មេបញ្ជាការ​កងទ័ពជើងគោក នៃ​សាធារណរដ្ឋ​កូរ៉េ​ថ្មី ដែល​ទើប​ឡើងកាន់តំណែង បន្ត​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ Suh Wook បច្ចុប្បន្ន ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។​

​ជំនួប​ពិភាក្សា​រវាង មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា និង​មេបញ្ជាការ​កងទ័ពជើងគោក​កូរ៉េ គឺ​ដើម្បី​រក្សា​ការផ្សារភ្ជាប់ ទំនាក់ទំនង រវាង​កងទ័ពជើងគោក នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ ឱ្យ​កាន់តែ​រឹងមាំ និង​ជិតស្និទ្ធ ជាពិសេស ក្នុងស្ថានភាព​លំបាក ដែល​ជំងឺឆ្លង​ជា​សាកល ដ៏​កាច​សាហាវ​នេះ នៅ​កំពុង​បន្ត​រាតត្បាត ពិភពលោក​នៅឡើយ​។​

​នៅក្នុង​ជំនួប​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ Nam Yeongshin បាន​សម្តែង​នូវ​ការពេញចិត្ត និង​អរគុណ​ចំពោះ​ឆន្ទៈ​រួម ក្នុង​ការបន្ត​ថែរក្សា​ពូន​ជ្រំ ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ រវាង​កងទ័ពជើងគោក នៃ​ប្រទេស​ទាំងពីរ លើ​មូលដ្ឋាន និង​ទិសដៅ ដែល​អតីត​មេបញ្ជាការ កងទ័ពជើងគោក នៃ​សាធារណរដ្ឋ​កូរ៉េ រៀបចំ​បាន​ផ្តួចផ្តើម​ជាមួយ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក្នុង​រយៈកាល​ប៉ុន្មាន​ឆ្នាំ ចុងក្រោយ​នេះ​។​

​ជាការ​ឆ្លើយតប ក្នុងនាម​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​អរគុណ ចំពោះ​ការជួយឧបត្ថម្ភ​គាំទ្រ របស់​សម​ភាគី នៃ​សាធារណរដ្ឋ​កូរ៉េ ក្នុង​រយៈកាល​កន្លងមក និង​បាន​គូសបញ្ជាក់ អំពី​សារៈសំខាន់ នៃ​ទំនាក់ទំនង​មិត្តភាព កិច្ចសហប្រតិបត្តិការ រវាង​រដ្ឋាភិបាល កងទ័ព និង​ប្រជាជន​ទាំងពីរ ដោយបាន​សង្កត់ធ្ងន់​ផងដែរ​ថា ទោះបី​ប្រទេស​ទាំងពីរ ក៏ដូចជា សាកលលោក កំពុង​ជួបប្រទះ នូវ​ការលំបាក បង្កឡើង ដោយ​ជំងឺឆ្លង​ជា​សាកល ដ៏​កាច​សាហាវ​នេះ ដែលជា​បញ្ហា​ប្រឈម​រួម ដ៏​ធ្ងន់ធ្ងរ​នេះ​ក៏ដោយ ក៏​ឧបសគ្គ​នេះ មិនអាច​ប៉ះពាល់ ដល់​ការបន្ត​ទំនាក់ទំនង​ល្អ របស់​យើង​បានឡើយ គឺ​យើង​នៅតែ​អាច​ស្វះស្វែង រិះរក​មធ្យោបាយ ដើម្បី​រក្សា​ការភ្ជាប់​ទំនាក់ទំនង ជាមួយគ្នា គឺ​ដូច​អ្វីដែល​កំពុង​ធ្វើតាម​ប្រព័ន្ធ Video Teleconferencing (VTC) នាពេលនេះ​។​

​ជា​ទិសដៅ​ទៅមុខ ភាគី​ទាំងពីរ បាន​ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ រវាង​កងទ័ពជើងគោក​ទាំងពីរ ឱ្យ​កាន់តែ​រីកចម្រើន ប្រកបដោយ​ផ្លែផ្កា ដោយ​នឹង​ខិតខំ​ជំរុញ​ល្បឿន នៃ​ការអនុវត្ត​កិច្ចការ​ទាំងអស់ ឱ្យមាន​សន្ទុះ​ឡើងវិញ នៅពេលដែល​ស្ថានភាព នៃ​ជំងឺឆ្លង​ជា​សាកល ដ៏​កាច​សាហាវ​នេះ អាច​គ្រប់គ្រង​បាន​។​

​គួរ​បញ្ជាក់ដែរថា នៅក្នុង​ជំនួប​នេះ ភាគី​ទាំងពីរ ក៏បាន​ចែករំលែក និង​ផ្លាស់ប្តូរ អំពី​បច្ចុប្បន្នភាព នៃ​ស្ថានភាព​ជំងឺឆ្លង​ជា​សាកល ដ៏​កាច​សាហាវ​នេះ នៅក្នុង​ប្រទេស​រៀងខ្លួនៗ ព្រមទាំង​បទពិសោធន៍ របស់​កងទ័ពជើងគោក​ទាំងពីរ ក្នុងការ​ចូលរួម​ជាមួយ រដ្ឋាភិបាល និង​ប្រជាជន ក្នុងការ​ទប់ស្កាត់ ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ ដ៏​កាច​សាហាវ​មួយ​នេះ សម្រាប់​ជា​ការដកពិសោធន៍ និង​រៀនសូត្រ ពីគ្នា​ទៅវិញទៅមក​៕/V​