ដោយ៖ដេប៉ូ
ភ្នំពេញ៖ ដើម្បីរួមកិច្ចការពារ និង អភិរក្សធនធានធម្មជាតិ សហគមន៍តំបន់ការពារធម្មជាតិ៩ទៀតកំពុងតែរៀបចំនិតិវិធីបង្កើតនិងស្នើសុំការទទួលស្គាល់ពីក្រសួងបរិស្ថានសម្រាប់ចូលរួមចំណែកក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងជីវចម្រុះនៅកម្ពុជា។នេះបើតាមការឱ្យដឹងពីសំណាក់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន។
គួរបញ្ជាក់ថាបើបូករួមសហគមន៍៩ថ្មីបន្ថែមទៀតនាថ្ងៃខាងមុខនេះដែរ គឺសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជាបានកើនដល់ចំនួន ១៨៣ ហើយ។
ថ្លែងប្រាប់រស្មីកម្ពុជានៅថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២១នេះ លោក នេត្រ ភក្ត្រាបានបញ្ជាក់ប្រាប់ឱ្យដឹងថា ការរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិនេះគឺប្រយោជន៍ ដើម្បីបង្កើតជាដៃគូសន្ទនារវាងប្រជាសហគមន៍ និងរាជរដ្ឋាភិបាល ផ្តល់ការទទួលខុសត្រូវក្នុងការគ្រប់គ្រង ផ្លាស់ប្តូរយោបល់គ្នា ស្វែងរកដំណោះស្រាយរួមគ្នា ចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ក៏ដូចជាចូលរួមអភិរក្សបេតិកភណ្ឌវប្បធម៌ប្រពៃណីទាំងរូបី និងអរូបីឱ្យបានគង់វង្ស និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើតអេកូទេសចរណ៍ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន។
មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថានរូបនេះបានមានប្រសាសន៍ថា៖ «សហគមន៍តំបន់ការពារធម្មជាតិ ដែលនឹងត្រូវបង្កើតថ្មីចំនួន០៩ ដែលធ្វើឱ្យចំនួនសហគមន៍ ដែលស្ថិតនៅក្នុងប្រទេសកម្ពុជា ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន កើនឡើងដល់១៨៣ សហគមន៍តំបន់ការពារធម្មជាតិ ហើយ ៩សហគមន៍នេះ កំពុងតែរៀបចំដំណើរការនីតិវិធី ដើម្បីស្នើសុំបង្កើត និងទទួលស្គាល់ពីក្រសួងបរិស្ថាន»។
ជុំវិញសហគមន៍ថ្មីដែលគ្រោងបង្កើតនាថ្ងៃខាងមុខនេះ លោក នេត្រភក្ត្រាបានបញ្ជាក់ប្រាប់ថាសហគមន៍ទាំងនេះ រួមមាន៖ សហគមន៍ ភ្នំទ័ពជាង ធ្វើសកម្មភាពនៅឧទ្យានជាតិជួរភ្នំក្រវាញត្បូង, សហគមន៍ ទឹកធ្លាក់ស្រែអំបិល ធ្វើសកម្មភាពនៅដែនជម្រកសត្វភ្នំឱរ៉ាល់, សហគមន៍ ដាតាវីក ធ្វើសកម្មភាពនៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង, សហគមន៍ តាំងយូរ ធ្វើសកម្មភាពនៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង, សហគមន៍ ចាក់អង្រែ ធ្វើសកម្មភាពនៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង, សហគមន៍ ព្រៃទ័ព ធ្វើសកម្មភាពនៅតំបន់ដែនជម្រកសត្វព្រៃព្រះរការ, សហគមន៍ តាទៃលើ ធ្វើសកម្មភាពនៅតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល, សហគមន៍ ឬស្សីជ្រុំ ធ្វើសកម្មភាពនៅតំបន់ឧទ្យានជាតិជួរភ្នំក្រវាញត្បូង និងសហគមន៍អូរពុងរូង ធ្វើសកម្មភាពនៅដែនជម្រកសត្វព្រៃកែវសីមា។
សម្រាប់គោលបំណងសំខាន់ក្នុងការបង្កើតសហគមន៍តំបន់ការពារធម្មជាតិទាំងនេះដែរត្រូវបានមន្ត្រីអ្នកនាំពាក្យរូបនេះបានបញ្ជាក់ប្រាប់ថាមាន ៣ចំណុចសំខាន់ៗដូចជា៖ទី១) ផ្តល់ឱកាសដល់ប្រជាសហគមន៍មូលដ្ឋាន ចូលរួមចំណែកក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ និងជីវចម្រុះ ទី២) ផ្តល់លទ្ធភាពងាយស្រួល ដល់ស្ថាប័នរដ្ឋ និងស្ថាប័ននានា ដើម្បីសម្របសម្រួលដល់ការងារអន្តរាគមន៍ និងអភិវឌ្ឍជីវភាព និងសេដ្ឋកិច្ចមូលដ្ឋានសិទ្ឋិ និងក្របខណ្ឌច្បាប់ដល់សហគមន៏មូលដ្ឋាន។ទី៣) ចូលរួមអនុវត្តគោលនយោបាយវិមជ្ឈការ និងសសហមជ្ឈការរបស់រាជរដ្ឋាភិបាល។
លោកបានមានប្រសាសន៍ដែរថា បច្ចុប្បន្ននេះ សមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិ ដែលយោងតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ បានចុះកិច្ចព្រមព្រៀងជាមួយក្រសួងបរិស្ថានចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ព្រៃឈើនិងសត្វព្រៃ រួមនឹងជីវៈចម្រុះជាច្រើនទៀត នៅក្នុងតំបន់ព្រៃសហគមន៍និងតំបន់ការពារធម្មជាតិ បានដើរតួនាទីសំខាន់សហការជាមួយ មន្ត្រីឧទ្យានុរក្សចុះល្បាតព្រៃឈើ និងចូលរួមបង្ក្រាបបទល្មើសធនធានធម្មជាតិដែលដឹកនាំដោយមន្ត្រីឧទ្យានុរក្សដែលជាមន្ត្រីនគរបាលយុត្តិធម៌។
លោកថា ការគាំទ្រថវិកាដោយគម្រោង និងអង្គការដៃគូ សមាជិកសហគមន៍តំបន់ការពារធម្មជាតិក៏បានចូលរួមចំណែកបង្ក្រាបបទល្មើស ធនធានធម្មជាតិ ក្នុងនោះបានចូលរួមដោះអន្ទាក់ ដែលនៅឆ្នាំ២០២០កន្លងទៅ មន្ត្រីឧទ្យានុរក្សរួមនឹងសហគមន៍តំបន់ការពារធម្មជាតិបានដោះអន្ទាក់បានជិត ៥០,០០០អន្ទាក់ បង្ក្រាបបទល្មើសក្នុងតំបន់ធនធានធម្មជាតិបានជិត ៨,០០០ករណី រឹបអូសរណាយន្តជាង ៤,០០០គ្រឿង និងកាំភ្លើងកែច្នៃជិត ១,០០០ដើម។ល។
មន្ត្រីនាំពាក្យរូបនេះបានលើកឡើងថា សហគមន៍តំបន់ការពារធម្មជាតិ បានទទួលនូវអត្ថប្រយោជន៍ជាច្រើន ពីលើការចូលរួមថែរក្សាធនធានធម្មជាតិ ដោយពួកគាត់ក៏អាចប្រមូលអនុផលព្រៃឈើប្រចាំឆ្នាំដូចជា៖ ទឹកឃ្មុំ ផ្លែឈើ ផ្សិត បន្លែជាដើមដែលអាចផ្តល់ចំណូលបន្ថែមជូនដល់ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលកម្ពុជាក៏មានបំណងប្រែក្លាយតំបន់អភិរក្សខ្លះ ដែលមានសក្តានុពលទេសចរណ៍ ឱ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីឆ្លើយតបកំណើនឡើងនៃវិស័យទេសចរណ៍ និងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការដើរកម្សាន្ត។
ជាមួយគ្នាមន្ត្រីនាំពាក្យក្រសួងបរិស្ថានរូបនេះបានសង្កត់ធ្ងន់ថា ក្រសួងបរិស្ថានសូមអរគុណចំពោះមន្ត្រីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិ ដែលបានខិតខំប្រឹងប្រែង លះបង់អស់កម្លាំងកាយ កម្លាំងចិត្តចូលរួមក្នុង ការពារនិងអភិរក្សធនធានធម្មជាតិ ឱ្យបានគង់វង្សសម្រាប់ មនុស្សរាប់ជំនាន់ទៅមុខទៀត៕