ដោយៈ អង្គរតូច / សៀមរាបៈ យុវជនម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ក្នុងហេតុការណ៍គ្រោះថ្នាក់ រថយន្តបុកម៉ូតូ ពីក្រោយ កាលពីវេលាម៉ោងជិត ១២ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ លើដងផ្លូវជាតិលេខ៦ ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
លោកអនុសេនីយ៍ឯក ផាំង ហួរ នាយផ្នែកនគរបាលចរាចរណ៍ ខេត្តសៀមរាប បានឱ្យដឹងថាៈ ជនរងគ្រោះ មានឈ្មោះ ផាត សេងខៃ ភេទប្រុស អាយុ ២៤ ឆ្នាំ នៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប បើកបរម៉ូតូ ហុងដា សេ១២៥ សេរីឆ្នាំ២០១១ ពាក់ស្លាកលេខ សៀមរាប 1L 5811 ក្នុងទិសដៅពីខាងកើត ទៅខាងលិច។ ចំណែករថយន្តបង្កម៉ាក អាលហ្វា ពណ៌ស មិនស្គាល់ស្លាកលេខ ក្នុងដំណើរស្របទិស។
លោកបានបន្តថាៈ តាមការសាកសួរ នៅមុនកើតហេតុ ជនរងគ្រោះ បើកម៉ូតូលើដងផ្លូវ ពីទិសខាងកើត ទៅខាងលិច លុះមកដល់ចំណុចកើតហេតុ មុខមន្ទីរសម្រាកព្យាបាលឯកជន ឈ្មោះ រួមពេទ្យយ:សូថន (ពេទ្យថៃ) រថយន្តបង្កបើកយ៉ាងលឿន ហើយក៍បុកពីក្រោយ បណ្តាលឱ្យភាគីម៉ូតូ ស្លាប់តែម្តង។ ជាមួយគ្នានោះ រថយន្ត បានបើករត់គេច តាមផ្លូវក្រវាត់ក្រុង ឆ្ពោះទៅទិសខាងលិច បាត់ស្រមោល។
លោកនាយផ្នែក បានបញ្ជាក់ថាៈ ក្រោយការវាស់វែង និងប្រគល់សពឱ្យក្រុមគ្រួសារ សមត្ថកិច្ច បានបន្តសហការតាមគោលដៅ ក៏ដូចជា តាមបណ្តាស្រុកផងដែរ ដើម្បីឃាត់រថយន្តបង្ក តែមិនមានការជួបប្រទះឡើយ៕/V