ដោយ:បូព៌ព្រឹក្ស/ភ្នំពេញ:រដ្ឋបាលខេត្តត្បូងឃ្មុំបានជូនដំណឹងស្តីពីការផ្អាកជាបណ្តោះអាសន្ននូវការចរាចរណ៍ចេញ-ចូល ចំពោះប្រជាពលរដ្ឋរស់នៅក្នុងបណ្តា ទីតាំងមួយចំនួន ស្ថិតនៅសង្កាត់សួង ក្រុងសួង និងឃុំដារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

រដ្ឋបាលខេត្តត្បូងឃ្មុំ បញ្ជាក់ថា ក្នុងករណី ព្រឹត្តិការណ៍ការឆ្លងរីករាលដាលចូលក្នុងសហគមន៍ ២០កុម្ភៈនេះ ខេត្តត្បូងឃ្មុំ បានរកឃើញ វិជ្ជមានជំងឺកូវីដ-១៩ ជាបុគ្គលទី១ នៅថ្ងៃទី២៣ ខែមីនា ទៅលើលោក ឡេង់ ពៅ អាយុ ៤២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិចំការគរ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានមុខរបបជាមន្ត្រីនគរបាល ជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។ មុនពេលផ្ទុកមេរោគាំកូវីដ-១៩ បុគ្គលនេះ បានធ្វើដំណើរ និង ទំនាក់ទំនងនូវទីតាំងមួយចំនួនដូចខាងក្រោម៖

១-ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ វេនប្រចាំការនៅស្នងការដ្ឋាននគរបាលខេត្ត។

២-ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ចូលរួមបុណ្យខួប១ឆ្នាំម្តាយ នៅវត្តស្ថិតនៅភូមិថ្មពូន ឃុំថ្មពូន ស្រុកកញ្ចៀច ខេត្តព្រៃវែង។

៣-ថ្ងៃទី១៨-២០ ខែមីនា ឆ្នាំ២០២១ សម្រាកព្យាបាលនៅមន្ទីរសម្រាកព្យាបាលមេឌីកា២៤ម៉ោងស្ថិតនៅភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ៤-ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ធ្វើដំណើរមកពិនិត្យ និងថតសួត នៅគ្លីនិកទេព្យនិម្មិត ក្រុងសួងស្ថិតនៅភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ ៥-ស្នាក់ការនគរបាលសេដ្ឋកិច្ច ស្ថិតនៅភូមិចំការគរ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ក្នុងន័យនេះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្តត្បូងឃ្មុំ បាន សម្រេចបិទការចរាចរណ៍ចេញ-ចូល នូវទីតាំងក្នុងខេត្តត្បូងឃ្មុំមួយចំនួនដូចបានរៀបរាប់ខាងលើចាប់ពីវេលា ម៉ោង ១៦:០០នាទី នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះតទៅ។ ដូច្នេះ បងប្អូនដែលបានជួបប្រាស្រ័យ ទាក់ទង ប៉ះពាល់ផ្ទាល់ ឬប្រយោល ជាមួយបុគ្គលខាងលើ ឬមានករណីសង្ស័យ និងបានធ្វើដំណើរទៅកាន់ ទីកន្លែងមួយចំនួនដូចបានរៀបរាប់ខាងលើ សូមទំនាក់ទំនងយកសំណាកនៅគ្រប់មន្ទីរពេទ្យក្នុងខេត្ត ត្បូងឃ្មុំ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ រាល់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមទូរស័ព្ទលេខ ០១២ ៩៨៣ ៦៣៩/ ០៩៧ ៦៤៧ ៧៧៣៧/ ០១២ ៩៦៨ ៤៣២/ ០៨៨ ៧៤០ ០៩៣០ និង០៩៧ ៩៧៩ ៩៨៩៨។

ក្នុងករណីស្ថានភាពរីករាលដាលនៃជំងឺមានសភាពធូរស្រាល និងគ្រប់គ្រងបាន រដ្ឋបាលខេត្ត នឹងជូនដំណឹងបើកឲ្យដំណើរការធ្វើចរាចរណ៍ចេញ-ចូលវិញនៅពេលក្រោយ។

រដ្ឋបាលខេត្តត្បូងឃ្មុំ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ពិសេសបងប្អូនដែលរស់ នៅក្នុងសង្កាត់សួង ក្រង់សួង និងឃុំដារ ឃុំមេមត់ ស្រុកមេមត់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ នឹងអនុវត្តនូវ វិធានការរបស់រាជរដ្ឋាភិបាល រួមនឹងតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសត្រូវតែអនុវត្តនូវវិធានការ *៣ការពារ ៣កុំ”៕សរន