ដោយៈ ស​រិ​ទ្ធ / កំពង់ឆ្នាំងៈ យុវជន​ម្នាក់ បាន​ស្លាប់ ក្រោយពី​បាន​បើក​ម៉ូតូ បុក​សត្វ​គោ កាលពី​វេលា​ម៉ោងជាង ៥ ល្ងាច​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២១ នៅ​ចំណុច​ចន្លោះ​ភូមិ​ក្រោយ​ជី ឃុំ​ពពេល និង​ភូមិ​ថ្លុក​ជ្រៅ ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង​។​

​ប្រជាពលរដ្ឋ បានឱ្យដឹងថាៈ នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ បាន​បើក​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1CV- 8044 ក្នុង​ល្បឿន​យ៉ាង​លឿន ពី​ទិស​ខាងជើង ទៅខាង​ត្បូង​។ ពេលមកដល់​ចំណុចកើតហេតុ ម៉ូតូ​បាន​វាក់​នឹង​សត្វ​គោមួយ​ក្បាល ក៏បាន​បុក​ពេញ​មួយ​ទំហឹង​តែម្តង បណ្តាល​ឲ្យ​សត្វ​គោ ដួល​បាក់ជើង​ម្ខាង​។ ចំណែកឯ​ជន រងគ្រោះ ដួល​បោក​ក្បាល ហូរឈាម​សន្លប់​ស្តូកស្តឹង ហើយ​បាន​ត្រូវគេ​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក ស្រុក​បរិបូរណ៍​។ ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក យុវជន​នោះ ក៏បាន​ស្លាប់ទៅ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ រហូតមកដល់​ពេលនេះ ជនរងគ្រោះ ពុំ​ស្គាល់​អត្តសញ្ញាណ​នោះទេ ហើយ​សព​ជនរងគ្រោះ បាន​តម្កល់ទុក នៅ​មន្ទីរពេទ្យ ដើម្បី​រង់ចាំ​ក្រុមគ្រួសារ​មក​ទទួលយក ទៅធ្វើ​បុណ្យ​៕/V​-PC