ដោយៈ​ប្រជាជន​/​ភ្នំពេញៈ ក្រោយ​បើកសម្ពោធ​ការដ្ឋាន​ផ្លូវ​៣៨​ខ្សែ កាលពី​ខែ​វិ​ច្ឆ​កា ឆ្នាំ​២០២០​កន្លងទៅ​ក្នុង​ក្រុង​សៀមរាប ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​គេ​សង្កេតឃើញថា​ការដ្ឋាន​ទាំងឡាយ​ក៏បាន​ចាប់ផ្តើម​។​តែទន្ទឹម​នោះ​ទិដ្ឋភាព​អវិជ្ជមាន​មួយចំនួន​ក៏បាន​កើតឡើង​ដែរ​ដោយសារ​ការរៀបចំ​មិន​ត្រឹមត្រូវ​និង​គ្មាន​សណ្តាប់ធ្នាប់​ជាដើម​។​

 

​ការស្ថាបនា​ផ្លូវ​ក្នុង​ខេត្តសៀមរាប​បច្ចុប្បន្ន​ក​ន្លែ​ង​ខ្លះ​ហាក់​ខ្វះ​ការទទួលខុសត្រូវ​ពី​ក្រុម​អ្នក​សាងសង់ និង​ពី​អ្នកត្រួតពិនិត្យ​បើ​ទោះ ការដ្ឋាន​ទាំងនេះ​ស្ថិតនៅក្នុង​ដំណាកកាល​កំ​ពុង​សាងសង់​ក៏ដោយ​។ ក្នុងនោះ​ ដូចជា ការកាយ​ធ្វើ​ផ្លូវ​ព្រម​គ្នា​ទូទាំង​ខេត្ត ដោយ​គ្មាន​រៀបចំ​សម្រាប់​ផ្លូវ​វាង​បញ្ចៀស​ចរាចរណ៍​, ការដ្ឋាន​គ្មាន​ធានាបាន​នូវ​សុវត្ថិភាព​ចរាចរណ៍​, ដី​ហុយ​គ្មាន​ការ​ស្រោច​ទឹកពេល​ថ្ងៃ​ហុយ​សំពោង ។ ដី​ហុយ​ចូល​សួត​រយៈពេល ១៣​ខែ​មិនធម្មតា​ទេ​។ កាយ​ដី​មុខផ្ទះ​ប្រជាជន កាយ​រួច​ដាក់លូ​ហើយ​អត់​លុប ទុកចោល កាយ​ចោលៗ​។ ផ្ទះ​ខ្លះ​ត្រូវ​ឡើងជា​ពណ៌​លឿង​។​សម្ភារ​សំណង់ លូ បេតុង លូ​ជ័រ​ទុកដាក់​មិនមាន​សណ្តាប់ធ្នាប់ គ្មាន​កន្លែង​ស្តុក​ទុកដាក់​ស្រួលបួល បែរជាយក​ចិញ្ចើមថ្នល់​ធ្វើជា​កន្លែង​ទុកនាំ​ឲ្យ​ផ្លូវ​ដែល​តូចស្រាប់​កាន់តែ​រួម​តូច​ទៅ​។ សម្ភារ​ខ្លះ​មិនទាន់​ដល់ពេល​ត្រូវធ្វើ​ក៏ត្រូវ​បាន​ស្រូត​ដឹក​យកមក​ដាក់​ចោល​និង​ប៉ះពាល់​ដល់​ការធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​​។ ការកាយ​ដី​ដាក់លូ​កន្លែង​ខ្លះ​មិន​ប្រុងប្រយ័ត្ន​កាយ​ដាច់​ខ្សែភ្លើង ​ខ្សែកាប​ទូរស័ព្ទ ​ទឹកស្អាត​បង្ក​ការរំខាន​ដល់​ជីវភាព​រស់នៅ​។​កន្លែង​ខ្លះ​ផ្លូវថ្នល់ លូ ដែល​ពីមុន​ត្រងបែរជា​ធ្វើ​ផ្លូវ​ថ្មី​កោង វៀច​ដូច​អន្ទង់អាំង​។​ការ​ដាក់លូ​មិនបាន​ជូនដំណឹង ឬ​ប្រាប់​ពី​បច្ចេកទេស​នៃ​ការដាក់ ក្រោយ​មាន​បាតុភាព​ទើប​លើកឡើង​ពី​បញ្ហា​នេះ​បញ្ហា​នោះ​។​

​ប្រជាជន​ក្នុង​ខេត្តសៀមរាប​និង​និយាយ​ដោយឡែក​ប្រជាជន​ក្នុង​ក្រុង​សៀមរាប​ពិតជា​ត្រេ​ត​អរ​ចំពោះ​សមិទ្ធិ​ដ៏​ធំធេង​ផ្តល់​ដោយ​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​។​តែ​ទន្ទឹមនេះ​ក៏​ចង់ឃើញ​បណ្ដា​ការដ្ឋាន​ទាំងអស់​ប្រព្រឹត្តិ​ទៅដោយ​ការទទួលខុសត្រូវ​និង គិតពី​សុខភាព សុវត្ថិភាព​ប្រជាជន​ផងដែរ​៕​សរន