ដោយៈ មុនី​រ័ត្ន​,​រ៉ា​ម៉ន​/​ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​សមាគម​ស្ត្រី​ដើម្បី​សង្គម​ធ្វើការ​ហែក្បួន​ដាក់​ញ្ត្តិ​នៅ ខុទ្ទកាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សុំ​អន្តរាគមន៍ បញ្ចុះតម្លៃ​ទឹក​ភ្លើង ថ្លៃ​ផ្ទះជួល ប្រេងសាំង​និង​ផ្អាក​បង់ប្រាក់​ធនាគារ​បី​ខែ​ដែល​គ្រោង​នឹងធ្វើ​នៅ​ថ្ងៃទី​២៦​ខែមីនា​នោះទេ​ប៉ុន្តែ​អនុញ្ញាត​ឲ្យ​តំណាង​យក​ញត្តិ​ទៅ​ដា​ក់នៅ​ខុទ្ទកាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​។

​ការមិន​អនុញ្ញាត​នេះ បានធ្វើ​ឡើង​បន្ទាប់ពី​សមាគម​ស្ត្រី ដើម្បី​សង្គម បានដាក់​លិខិត​ទៅ​អភិបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៣ ខែមីនា​ស្នើសុំ​ដង្ហែ​ញត្តិ​សុំ​កិច្ច​អន្តរាគមន៍​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

 លោក មាស ម៉េ​ត​ភក្តី

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក មាស ម៉េ​ត​ភក្តី បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមីនា នេះ​ថា​ពាក់ព័ន្ធ​សំណើ របស់​សមាគម​ស្ត្រី​ដើម្បី​សង្គម ដែល​បានដាក់​ញ្ត្តិ​កាលពី​ថ្ងៃទី​២៣ ខែមីនា មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​គឺ​មិន​អនុញ្ញាត​ឲ្យ​មានការ ហែរ​ក្បួន​ដាក់​ញ្ញត្តិ​នោះទេ ប៉ុន្តែ​ខាង​សមាគម​អាច​ចាត់​តំណាង​ម្នាក់​យក​ញត្តិ​ទៅ​ដាក់ជូន​ខុទ្ទកាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី ដើម្បី​ស្នើសុំ​កិច្ច​អន្តរាគមន៍​ណាមួយ​តាម​អ្វី​ដែលជា​កម្មវត្ថុ​នៃ​ការដាក់ញត្តិ​នោះ​។​

​លោក​មាស ម៉េ​ត​ភក្តី បាន​បញ្ជាក់ថា “​ដំណាក់កាល​នេះ ខាង​សមាគម​គួរតែ​ជ្រាប​ហើយនឹង​ចូលរួម​ជាមួយ​គ្នា​ក្នុងការ​ទប់ស្កាត់​ការ រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ការប្រមូលផ្តុំ​ប្រជាពលរដ្ឋ​ការប្រមូលផ្តុំ​មនុស្ស​ឲ្យ​មកជួបជុំ​គ្នាច្រើន​ទោះបីជា​ក្នុង​គោលបំណង​ណាក៏ដោយ​ក៏​វា​មិន​សមគួរ​ជាមួយនឹង​ស្ថានភាព​ដែល​ជំងឺ​កូ​វីដ​១៩​កំពុងតែ​រាតត្បាត​ជាពិសេស​នៅ​ទីក្រុង​ភ្នំពេញ​របស់​យើង​ដែលមាន​ករណី​កូ​វីដ​១៩​ច្រើន​។ មាន​ជម្រើស​នៃ​នីតិវិធី​ជាច្រើន​ដែល​ខាង​សមាគម​អាចធ្វើ​ទៅបាន​ចៀស​ជាង​ការប្រមូលផ្តុំ​មនុស្ស​ដើម្បី​ធ្វើការ​ដង្ហែ​ញ្ត្តិ​នេះ​”​។​

សមាគម​ស្ត្រី​ដើម្បី​សង្គម បានដាក់​លិខិត​ទៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៣ ខែមីនា ដោយ​ស្នើសុំ​ដង្ហែ​ញត្តិ​សុំ​កិច្ច​អន្តរាគមន៍​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​លើ​ករណី​បញ្ចុះតម្លៃ​ទឹក​ភ្លើង ថ្លៃ​ផ្ទះជួល ប្រេងសាំង និង​ផ្អាក​បង់ប្រាក់​ធនាគារ​បី​ខែ​។ យុទ្ធនា​ការដើរ​ហែក្បួន​ដាក់​ញត្តិ​នេះ នឹង​ប្រព្រឹត្តទៅ​ថ្ងៃទី​២៦ ខែមីនា​ខាងមុខ​៕

​កាលពីពេល​ថ្មីៗ​នេះ​ទាក់ទង​នឹង​សកម្មភាព​ខាងលើ​នេះដែរ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​លោក​ផៃ​ស៊ី​​ផាន បាន​សង្កត់ធ្ងន់ថា “​អ្វីដែល​យើង​ខ្លាច​បំផុត​គឺ​យើង​មិន​ចង់​ឲ្យ​បាត់បង់​ស្ថិរភាព​នៃ​ម៉ាក្រូសេដ្ឋកិច្ច​។​ម៉ាក្រូសេដ្ឋកិច្ច​គឺមាន​រាប់បញ្ចូល​ទាំង​ការបាត់បង់​តម្លៃ​លុយ​ដែល​ហៅថា​អតិផរណា​កាលណា​លុយ​ធ្លាក់​ចុះមក​ច្រើន​សម្រាប់​មហាជន​គឺ​ធ្វើ​ឲ្យ​មាន​អតិផរណា​គឺ​វា​ធ្វើ​ឲ្យ​សម្លាប់​ដល់​សេដ្ឋកិច្ច​រួមទាំង​អស់ ដែល​យើង​ត្រូវ​ប្រយ័ត្នប្រយែង​”​។​
​អ្នកនាំពាក្យ​រដ្ឋាភិបាល​ក៏បាន​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​មាន​សកម្មភាព​ពពាក់ពពូន​ដែល​អាច​បំផ្លាញ​នូវ​ស្ថិរភាព​នយោបាយ​របស់​សង្គម​៕​សរន