ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈកាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​២៤ ខែមីនាអង្គការ​ក្នុងស្រុក​ចំនួន​បី រួមមាន​អង្គការ​មនុស្ស​ចាស់ កម្ពុជា អង្គការ​ចិត្ត​សង្គម​អន្តរ​វប្បធម៌​កម្ពុជា (​ឬ អង្គការ​ធី​ភី​អូ​កម្ពុជា​) និង​អង្គការ​បុត្តា​ភិ​បាល​ដើម្បី​វឌ្ឍន​សង្គម​កម្ពុជា បានទទួល​ថវិកា​សប្បុ​រសធម៌ ពីរម៉ឺន​ដុល្លារ ក្នុង​មួយអង្គ​ការ​។ សរុប​ប្រាំមួយ​ម៉ឺន​ដុល្លារ ដែល​រៃអង្គាស​បាន​ពី​ការតាំងពិព័រណ៍ “​សិល្បៈ​នៃ​ការចែករំលែក​” ធ្វើឡើង​នៅ​សារមន្ទីរ​សេដ្ឋកិច្ច​និង​រូបិយវត្ថុ ព្រះ​ស្រី​ឦសាន​វរ្ម័ន កាលពីពេល​កន្លងទៅនេះ​។

កម្មវិធី​តាំងពិព័រណ៍ “​សិល្បៈ​នៃ​ការចែករំលែក​” បរិច្ចាគ​ថវិកាប្រាំមួយ​ម៉ឺន​ដុល្លារដល់​អង្គការ​ចំនួន​បី​(រូបថតធនាគារជាតិនៃកម្ពជា)

​ធនាគារជាតិ​នៃ​កម្ពុជា​បានបញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​ថា​នេះ​គឺជា​ដំណាក់កាល​ទីមួយ​នៃ​ការប្រគល់​ថវិកា​សប្បុរ​ស​ធម៌​ដែល​រៃអង្គាស​បាន ដែល​ក្នុងនោះ​អង្គការ​នីមួយៗ​ទទួលបាន​ទឹកប្រាក់​ពីរម៉ឺន​ដុល្លារ សម្រាប់​ប្រើប្រាស់​ក្នុង​ឆ្នាំ ២០២១ ហើយនឹង​បន្ត​ទទួល​ថវិកា​ដែល​នៅ​សេសសល់​បន្ថែមទៀត​ក្នុង​ឆ្នាំ​២០២២​និង​២០២៣​ស្របទៅតាម​តម្រូវការ​សកម្ម​ភាពជា​ក់​ស្តែង​របស់​អង្គការ​នីមួយៗ​។ យោងតាម​អ្នករៀបចំ​កម្មវិធី ការប្រគល់​ថវិកា​ជា​ដំណាក់កាល​បែបនេះ ជួយ​រក្សា​និរន្តរភាព​ថវិកា​សម្រាប់​អង្គការ និង​ផ្តល់​ប្រយោជន៍​ដល់​សហគម​ទទួលផល​បានយូរ​អង្វែង​។​

​កាលពី​ប្រមាណ​បី​ខែ​មុន លោកស្រី ជា សិរី និង​កញ្ញា អាដាណា ម៉ម​-​ឡឺ​ហ្គ្រោ​ស ដែលជា​ម្ចាស់​ស្នាដៃ​សិល្បៈ​បាន​ផ្តួចផ្តើម​រៀបចំ​ការ តាំងពិព័រណ៍​សប្បុរស​ធម៌ “​សិល្បៈ​នៃ​ការចែករំលែក​” នេះ​ឡើង​ដើម្បី​ចែករំលែក​សារ​វិជ្ជមាន​អំពី​ការបន្ត​មាន​ក្តីសង្ឃឹម និង​សាមគ្គីភាព នៅក្នុង​ពេលវេលា​ដ៏​លំបាក​និង​តានតឹង​នេះ​។ ផ្ទាំងគំនូរ​សិល្បៈ​របស់​វិចិត្រ​ការ​នី​ទាំងពីរ​សរុប​ជាង​២០​ផ្ទាំ​ត្រូវបាន​ដាក់តាំង​ពិព័រណ៍ ជា​សាធារណៈ​អស់​រយៈពេល​ជិត​ពីរ​ខែ នៅ​សារមន្ទីរ​ស​.​ស​.​រ និង​លើ​បណ្តាញ​សង្គម​។​

​រហូតមកទល់​បច្ចុប្បន្ន​នេះ ស្នាដៃ​គំនូរ​ទាំងអស់​ដែល​បាន​ដាក់តាំង​ត្រូវបាន​លក់ដាច់ ឬ​ត្រូវគេ​ដេញថ្លៃ​យក​ដែលជា​ប្រភព​មួយ ផ្នែក​ធំ​នៃ​ថវិកា ដែល​យកមក​បរិច្ចាគ​ដល់​អង្គការ​ទទួលផល​ទាំងបី​ក្នុងថ្ងៃនេះ​។ យោងតាម​អ្នករៀបចំ​កម្មវិធី​ការតាំងពិព័រណ៍​សប្បុរ​ស ធម៌ “​សិល្បៈ​នៃ​ការចែករំលែក​” គឺជា​ការជោគជ័យ​ដ៏​លើសលុប និង​លើស​ការរំពឹងទុក​ទាំង​អស់​។​

កម្មវិធី​តាំងពិព័រណ៍ “​សិល្បៈ​នៃ​ការចែករំលែក​” បរិច្ចាគ​ថវិកាប្រាំមួយ​ម៉ឺន​ដុល្លារដល់​អង្គការ​ចំនួន​បី​(រូបថតធនាគារជាតិនៃកម្ពជា)

​លោកស្រី ជា សិរី មានប្រសាសន៍ថា “​ខ្ញុំ​ពិតជា​មាន​ក្តី​សោមនស្ស​រីករាយ ដែល​បានឃើញ​ភាពជោគជ័យ​នៃ​ការតាំងពិព័រណ៍ “​សិល្បៈ​នៃ​ការចែករំលែក​” និង​ការគាំទ្រ​ដ៏​លើសលុប​ពី​បងប្អូន​ទាំងអស់គ្នា​។ យើង​ផ្តួចផ្តើម​ការតាំងពិព័រណ៍​នេះ​ឡើង ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម​និង​បំផុសស្មារតី​សាមគ្គីភាព ហើយ​ខ្ញុំ​អាច​និយាយបានថា យើង​សម្រេច​គ្រប់​គោលដៅ​ទាំងអស់ ទាំង​ការ​រៃអង្គាស​ថវិកា និង​ការចែករំលែក​សារ​របស់​កម្មវិធី​នេះ​។​ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បងប្អូន​ពូ​មីង​ទាំងអស់ ដែល​បាន​ចូល​មើល​ការតាំងពិព័រណ៍​របស់​យើង​ដោយផ្ទាល់ ឬ​លើ​បណ្តាញ​សង្គម បាន​ជួយ​ទិញ​គំនូរ​ឬ​វត្ថុ​អនុស្សាវរីយ៍ បាន​បរិច្ចាគ​ជា​ថវិកា និង​បានបង្ហាញ​ការគាំទ្រ​ចំពោះ​កម្មវិធី​របស់​យើង​។​”

​ចំណែក​កញ្ញា អាដាណា ម៉ម​-​ឡឺ​ហ្គ្រោ​ស បាន​និយាយ​ទាំង​ភាព​រីករាយ​ថា “​ខ្ញុំ​មាន​ក្តីរំភើប​ដោយបាន​ឃើញ​បងប្អូន​គ្រប់គ្នា​គាំទ្រ និង​ផ្តល់​ក្តី​ស្រឡាញ់​ចំពោះ​ការតាំងពិព័រណ៍ “​សិល្បៈ​នៃ​ការចែករំលែក​” យ៉ាងច្រើន​បែបនេះ​។​វា​ជា​សក្ខីភាព​ដែល​បង្ហាញ​យ៉ាងច្បាស់​ថា យើង​អាចបង្កើត​ការផ្លាស់ប្តូរ​វិជ្ជមាន​ជាច្រើន នៅពេល​យើង​រួម​សាមគ្គី​គ្នា​ដោយ​សុច្ឆន្ទៈ មិន​ថា​កាលៈទេសៈ​លំបាក​យ៉ាងណាក៏ដោយ​។ ថវិកា​ដែល​រៃអង្គាស​បាន​ពី​ការលក់​គំនូរ ជាដើម នឹងត្រូវ​ប្រើប្រាស់​ដើម្បី​ជួយ​គាំទ្រ​សកម្មភាព​អង្គការ​ទទួលផល​ទាំង​បីដូច​អ្វីដែល បានគ្រោង​ទុក​។​”

កម្មវិធី​តាំងពិព័រណ៍ “​សិល្បៈ​នៃ​ការចែករំលែក​” បរិច្ចាគ​ថវិកាប្រាំមួយ​ម៉ឺន​ដុល្លារដល់​អង្គការ​ចំនួន​បី​(រូបថតធនាគារជាតិនៃកម្ពជា)

​លោក​វេជ្ជបណ្ឌិត ឈឹម សុធា​រ៉ា នាយក​ប្រតិបត្តិ​របស់​អង្គការ​ធី​ភី​អូ ដែលជា​អង្គការ​ឈានមុខ​គេ​មួយ​ក្នុង​វិស័យ​សុខភាព​ផ្លូវចិត្ត បាន​មានប្រសាសន៍ថា “​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោកជំទាវ ជា សេរី និង​កញ្ញា អាដាណា ម៉ម​-​ឡឺ​ហ្គ្រោ​ស ដែល​បាន​ផ្តួចផ្តើម​រៀបចំ​ការតាំងពិព័រណ៍ “​សិល្បៈ​នៃ​ការចែករំលែក​” នេះ​ឡើង ដើម្បី​រៃអង្គាស​ថវិកា​សម្រាប់​គាំទ្រ​អង្គការ​ក្នុងស្រុក​។ នៅក្នុង​គ្រា​ដ៏​លំបាក​នេះ វា​ពិតជា​សំខាន់​ណាស់​ដែល​យើង​ត្រូវ​រួមគ្នា និង​ជួយ​គ្នា​ទៅវិញទៅមក​។ ខ្ញុំ​សង្ឃឹមថា​ការតាំងពិព័រណ៍​នេះ​នឹង ក្លាយជា​គំរូ​ដ៏​មាន​ឥទ្ធិពល​មួយ​ហើយ​មនុស្ស​ជាច្រើន​នឹង​ដើរ​តាម​គំរូ​នេះ​ដើម្បី​បង្កើត​ប្រយោជន៍​ជាក់ស្តែង​នៅក្នុង​ផ្នែក​ជាច្រើន​នៃ​សង្គមជាតិ​របស់​យើង​។​”

​លោក ឆាយ វី​វូ​ឌី​ន នាយក​ប្រតិបត្តិ​នៃ​អង្គការ​បុត្តា​ភិ​បាល​ដើម្បី​វឌ្ឍន​សង្គម​កម្ពុជា បាន​ថ្លែង​ដូចគ្នា​ថា​“​អង្គការ​យើងខ្ញុំ​ពិតជា​មាន កិត្តិយស និង​រីករាយ​ដែល​ត្រូវបាន​ជ្រើសរើស​ជា​អង្គការ​ទទួលផល​មួយ​របស់​កម្មវិធី​តាំងពិព័រណ៍ “​សិល្បៈ​នៃ​ការចែករំលែក​”​។ ថវិកា​សប្បុរសធម៌​ដែល​រៃអង្គាស​បាន​តាមរយៈ​ការតាំងពិព័រណ៍​នេះ នឹង​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​គាំទ្រ​ប្រតិបត្តិការ​និង​សកម្មភាព របស់​អង្គការ​យើងខ្ញុំ​។ ថ្ងៃនេះ​គឺជា​ថ្ងៃ​ដ៏​អស្ចារ្យ​សម្រាប់​យើងខ្ញុំ តែ​នៅមាន​អង្គការ​ក្នុងស្រុក​ជា​ច្រើ​ដែល​កំពុងធ្វើការ​លើ​គម្រោង​មាន សារសំខាន់​នានា​ហើយ​ត្រូវការ​ជំនួយ​និង​ការគាំទ្រ​។​ដូច្នេះ​ខ្ញុំ​សង្ឃឹមថា​នឹងមាន​សប្បុរ​សជន​រៀបចំ​សកម្មភាព​បែបនេះ​អោយបាន​កាន់តែច្រើន​ទៅមុខទៀត​។​”

កម្មវិធី​តាំងពិព័រណ៍ “​សិល្បៈ​នៃ​ការចែករំលែក​” បរិច្ចាគ​ថវិកាប្រាំមួយ​ម៉ឺន​ដុល្លារដល់​អង្គការ​ចំនួន​បី​(រូបថតធនាគារជាតិនៃកម្ពជា)

​លោក ទុំ វី​រ៉ា នាយក​ប្រតិបត្តិ​អង្គការ​មនុស្ស​ចាស់​កម្ពុ​ជា បាន​មានប្រសាសន៍ថា​“​ការតាំងពិព័រណ៍​សប្បុ​រសធម៌​នេះ​មិន​ត្រឹមតែ​បាន កៀងគរ​មូលនិធិ​ដ៏​មានតម្លៃ​សម្រាប់​យើង​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​បាន​ទាញ​ការចាប់អារម្មណ៍​បន្ថែមទៀត​ទៅលើ​ជីវភាព​របស់​ក្រុម​ប្រជាជន​ងាយ​រងគ្រោះ​នៅពេល​វេលា​មួយ​ដ៏​លំបាក​ដូច​សព្វថ្ងៃនេះ​។​ថវិកា​ដែល​យើង​ទទួលបាន​ថ្ងៃនេះ​នឹងចូលរួម​ចំណែក​យូរអង្វែង​ក្នុងការ​គាំទ្រ​អង្គការ​មនុស្ស​ចាស់​កម្ពុ​ជា​និង​ជន​ចាស់ជរា​ដែល​យើង​កំពុង​ផ្តល់ជំនួយ​។​ខ្ញុំ​មិនមាន​អ្វី​ក្រៅពី​ការថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​អ្នករៀបចំ​ការតាំងពិព័រណ៍ និង​បងប្អូន​ទាំងអស់គ្នា​ដែល​បាន​គាំទ្រ​យើងខ្ញុំ​និង​កម្មវិធី​នេះ​៕​សរន​