Home ព័ត៌មានជាតិ នយោបាយ អៀ​ត ប៊ុនលី ស...

អៀ​ត ប៊ុនលី សមាជិក​សន្តិសុខ​ឃុំ​ចក ស្រុក​អូ​រាំង​ឪ​

ដោយ​: កែវ សុ​ភី ​បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា /​ភ្នំពេញៈ​ខ្ញុំឈ្មោះ​អៀ​ត ប៊ុនលី ភេទ​ប្រុស​មាន​អាយុ​២៤​ឆ្នាំ​នៅក្នុង ឆ្នាំ​១៩៧៧​។​ខ្ញុំ​មាន​ស្រុកកំណើត​នៅ​ភូមិ​ចក ឃុំ​ចក ស្រុក​អូ​រាំង​ឪ ខេត្តកំពង់ចាម បច្ចុប្បន្ន ខេត្ត​ត្បូងឃ្មុំ​។ ខ្ញុំ​មាន​បងប្អូន​បង្កើត​ចំនួន​ប្រាំ​បីនាក់ គឺ​ប្រុស​ចំនួន​ប្រាំពីរ​នាក់ និង​ស្រី​ចំនួន​ពីរ​នាក់​។​បងប្អូន​របស់ខ្ញុំ​មានគ្រួសារ​ចំនួន​ពីរ​នាក់ និង​នៅ​លីវ​ចំនួន​ប្រាំពីរ​នាក់​។​នៅក្នុង​ចំណោម​បងប្អូន​ទាំងអស់​មាន​បងប្អូន​ចំនួន​បីនាក់​បាន​ចូលធ្វើ​ប​ដិ​វត្ដ​ន៍​។​បងប្រុស​ម្នាក់​ចូលធ្វើ​ជា​ទាហាន​ឈ្មោះ​ថន បច្ចុប្បន្ន​ធ្វើជា​កម្មករ​នៅ​ចម្ការកៅស៊ូ​ក្រែប នៅ​ស្រុក​មេមត់​។

​ខ្ញុំ​មាន​ឪពុក​ឈ្មោះ​ធួ អាយុ​៥៥​ឆ្នាំ និង​ម្ដាយ​ឈ្មោះ​សៀត អាយុ​៥០​ឆ្នាំ​។​ឪពុកម្តាយ​របស់ខ្ញុំ​ធ្វើស្រែ​។ ខ្ញុំ​បាន​ចូលធ្វើ​ប​ដិ​វត្ដ​ន៍​នៅ​ថ្ងៃទី​០៨ ខែកញ្ញា​ឆ្នាំ​១៩៧១ តាមរយៈ​ឈ្មោះ យ៉ាន​គឺជា​អ្នក​នាំចូល​។​យ៉ាន មាន​នាទី​គឺជា​ប្រធាន​ឃុំ​ចក ស្រុក​អូររាំងឪ​។​មុនដំបូង​ខ្ញុំ​បាន ទទួល​ការអប់រំ​ពី​ឈ្មោះ​យ៉ាន​។ យ៉ាន បាន​អប់រំ​ខ្ញុំ​អំពី​ការធ្វើ​ប​ដិ​វត្ដ​ន៍​មានការ​លំបាក​ស្មុគស្មាញ សម្រាប់​ប្រជាជន និង​កងទ័ព​។ នៅក្នុង​តំបន់​រំដោះ ការរស់នៅ​មានការ​ខ្វះ​ខាត ស្លៀកពាក់ ការ​ស៊ីចុក មិន​គ្រប់គ្រាន់​និង​គ្មាន​សិទ្ធិសេរីភាព​ឡើយ​។ ដូ​ចេះ្ន​ការសប្បាយរីករាយ​រប​ស់​យើង​ក៏​មិនមាន​ដែរ​។​ចំណែកឯ​សម្ភារ​សឹក​និង​ស្បៀងអាហារ​សម្រាប់ធ្វើ​សង្គ្រាម​ជាមួយ​សត្រូវ​មាន​តិចតួច មិនអាច​វាយយក​ឈ្នះសត្រូវ​បានទេ​។ ប្រសិនបើ​ពិនិត្យមើល​ប្រជាជន និង​កងទ័ព​នៅ​ទីក្រុង​ភ្នំពេញ​វិញ គឺ​រស់នៅ​សប្បាយចិត្ត និង​ហូបចុក​គ្រប់គ្រាន់​។ កងទ័ព​មានបុណ្យ​ស័ក្ដិ មាន​ប្រាក់ខែ​មិនតែប៉ុណ្ណោះ​សម្ភារ​ធ្វើសង្គ្រាម​ទំនើបៗ​គ្រប់គ្រាន់​។

​ក្រោយពី​ខ្ញុំ​បាន​ស្ដាប់​ការអប់រំ​របស់ យ៉ាន​មក​ខ្ញុំ​ក៏​យល់ស្រប​តាម​យោបល់​នេះ​ទាំងស្រុង​។​ខ្ញុំ​បានធ្វើការ​សម្រេចចិត្ត​ធ្វើ​សកម្មភាព ប្រឆាំង​ជាដាច់ខាត​ជាមួយ​បដិវត្តន៍​។ បន្ទាប់មក​ខ្ញុំ បាន​ឡើង​ធ្វើជា​ឈ្លប​នៅ​ឃុំ​ចក​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់ យ៉ាន ។​

កង​យោធា​ខ្មែរក្រហម​កំពុង​លើក​ទំនប់​(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ត​មកទៀត​ខ្ញុំ​ត្រូវបានចាត់តាំង​ឲ្យ​នៅក្នុង​កងវរសេនាតូច​លេខ​២២​ប្រចាំ​តំបន់​២២​។​នៅក្នុង​កងវរសេនាតូច​លេខ​២២៥​របស់ខ្ញុំ​គឺ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ឈ្មោះ​ស្រ៊ន ដែលមាន​តួនាទី​ជា​នយោបាយ​កងវរសេនាតូច​លេខ​២២៥​។ កងវរសេនាតូច​លេខ​២២៥​នេះ បច្ចុប្បន្ន​អង្គការ​បញ្ចូល​ទៅក្នុង​កងវរសេនាធំ​លេខ​១៥២ ដែលមាន​អ្នកទទួលខុសត្រូវ​ឈ្មោះ​ស្រ៊ន ដដែល​។ នៅ​ខែកក្កដា ឆ្នាំ​១៩៧២ យ៉ាន បាន​ឧ​ទេ្ទ​សនាម និង​បញ្ចូល​ខ្ញុំ​ជា​សមាជិក​ខ្មែរ​ស នៅ​មន្ទីរ​ឃុំ​ចក​។ យប់នោះ​មាន​អ្នកចូលរួម​មួយចំនួន​គឺ​ឈ្មោះ​ផុន នាទី​ជា​អនុប្រធាន​សនិ្ដ​សុខ ឃុំ​ចក ស្រុក​អូររាំងឪ​, ឈ្មោះ​ថុ​ន នាទី​ជា​សមាជិក​ឈ្លប​ឃុំ​ចក ស្រុក​អូររាំងឪ និង​ខ្ញុំ​ព្រមទាំង​អ្នកចូលរួម ប្រជុំ​មានឈ្មោះ​ខែម​ម៉ា នាទី​ជា​អនុប្រធាន​ឃុំ​ចក ស្រុក​អូររាំងឪ​,​ឈ្មោះ​ជ័យ នាទី​ជា​ប្រធាន​ឈ្លប​ឃុំ​ចក ស្រុក​អូររាំងឪ​, ឈ្មោះ​ជា នាទី​ជា​អនុប្រធាន​ឃុំ​ចក ស្រុក​អូររាំងឪ​។ ផែនការ​និង​ខ្លឹមសារ​ដែល​ខ្ញុំ​បាន​ចូល​ជា​ខ្មែរ​សគឺ​នៅពេល​យាម​ត្រូវ​ចាប់​ប្រជាជន មិន​ឲ្យ​ដើររក​ស៊ី​,​ធ្វើយ៉ាងណា​ឲ្យ​ប្រជាជន​មានទំនាស់​ជាមួយ​អង្គការ​,​ត្រូវ​បំផុសប្រជាជន​ឲ្យ​មានទំនាស់​ជាមួយ​ប្រធានភូមិ​ពី​រឿង​ធ្វើ​សំបុត្រ​, ត្រូវ​បំផ្លាញ​សម្ភារ​នៅក្នុង​មន្ទីរ​, ដើរ កៀងគរ​កម្លាំង​សេរី​ឲ្យ​បាន​ច្រើន​ដើម្បី​ងាយស្រួល​នឹង​បញ្ចូល​ជា​ខ្មែរ​ស​។

​ក្រោយពី​ខ្ញុំ​បាន​ចូល​ជា​ខ្មែរ​ស ខ្ញុំ​បាន​ចូលរួម​សកម្មភាព​ប្រជុំ​ចំនួន​បី​លើក​គឺ​៖ ទី​១).​នៅ​ខែសីហា ឆ្នាំ​១៩៧២​។​ខ្ញុំ​បាន​ប្រជុំ​នៅក្នុង​ភូមិ ចម្លាក់ ស្រុក​អូ​រាំង​ឪ​។ យ៉ាន បាន​ចូលរួម​ប្រជុំ​ចាប់ពី​ម៉ោង​ប្រាំបី​ដល់​ម៉ោង​១១:០០​យប់ ដែលមាន​សមាជិក​ចូល រួម​ឈ្មោះ ផុន នាទី​អនុប្រធាន​សន្តិសុខ​ឃុំ​ចក​, ថុ​ន នាទី​សមាជិក​ឈ្លប​ឃុំ​ចក និង​ខ្ញុំ​។ លើក​ទី​២). នៅក្នុង​វិច្ឆិកា ឆ្នាំ​១៩៧២​ដែល​ការប្រជុំ​នៅ វាលស្រែ ក្នុងភូមិ​វាល​កើត ឃុំ​ចក ដែលមាន​ឈ្មោះ ខែម​ម៉ា មាន​នាទី​ជា​ប្រធាន​ឃុំ​ចក​។ ការប្រជុំ​លើក​ទី​៣) នៅក្នុង​ខែមករា ឆ្នាំ​១៩៧៣ ប្រជុំ​នៅ​វាលស្រែ​ស្ពៃ ឃុំ​កោះ​ញែក ស្រុក​អូ​រាំង​ឪ​។ ប្រជុំ​លើក​ទី​បី​នេះ​មាន​ប្រធាន​ដឹកនាំ​ប្រជុំ​ឈ្មោះ ជ័យ មាន​នាទី ជា​ប្រធាន​ឈ្លប​ឃុំ​ចក​។ ខ្លឹមសារ​សំខាន់​នៅក្នុង​ការប្រជុំ​ទាំងបី​លើក​គឺ​ត្រូវ​បំផុស​យុទ្ធជន​ឲ្យ​មានទំនាស់​ជាមួយ​អង្គការ​ពី​រឿង​ធ្វើ ការងារ​, ត្រូវ​ដើរ​បំផុស​យុទ្ធជន​ឲ្យ​ខ្លាច​សមរភូមិ​, បំផុស​យុទ្ធជន​ឲ្យ​មាន​ជំទាស់​ជាមួយ​បក្ខជន​អំពី​រឿង​ចូល​ក្រុម​សហករណ៍​, ជំទាស់​ជាមួយ​មេភូមិ​ពី​បញ្ហា​ដើរទៅ​ណា​មក​ណា​មិនបាន​, ត្រូវ​ដើរ​ក​ម្ទេ​កម្លាំង​បដិវត្តន៍​, ពេល​ចូលធ្វើ​ទ័ព​បំផុស​ទ័ព​ឲ្យ​ខ្លាច​សមរភូមិ​, ប្រើ​សញ្ញា​សម្គាល់​ខ្មែរ​ស គឺ​មូរដៃអាវ​ខាងឆ្វេង​ផ្នត់ ឯ​ដៃ​ខាងស្ដាំ​មិនបាច់​មូរ​ទេ​។​

​ខ្ញុំ​បានធ្វើ​សកម្មភាព​ជាច្រើន​នៅក្នុង​តួនាទី​ជា​ឈ្លប​ឃុំ​ចក​ដូចជា​បំផុស​យុវជន​ភូមិ​មិន​ឲ្យ​ទៅមុខ​មិន​ឲ្យ​ជឿជាក់​លើ​អង្គការ​,​ចាប់​ប្រជាជន​១០​នាក់​ចង​ដោយ​គ្មាន​មូលហេតុ​, បំផុសប្រជាជន​ធ្វើបាតុកម្ម​ប្រឆាំងនឹង​បក្ស​ពី​រឿង​ប្រមូល​កម្លាំង​ចូល​ក្រុម​សហករណ៍​, ខ្ញុំ​បាន​បំផុស កសាង​អប់រំ​កម្លាំង​បាន​ចំនួន​៥​នាក់​បន្ថែមទៀត​ដោយ​២​នាក់​រួមមាន​ឈ្មោះ​បេង នាទី​ជា​យុទ្ធជន​ឈ្លប​ឃុំ​ចក ស្រុក​អូររាំងឪ​, ឈ្មោះ​ហឿន នាទី​ជា​ប្រធាន​ពួក​ឃុំ​ចក បច្ចុប្បន្ន​ស្លាប់ បញ្ចូល​ជា​ខ្មែរ​សេរី​នៅ​ខែកញ្ញា ឆ្នាំ​១៩៧២ នៅ​ភូមិ​ស្រែ​ស្ពៃ ឃុំ​កោះ​ញែក និង​៣​នាក់​ទៀត​បាន​អប់រំ​តែ​មិនទាន់​ប​ញ្ជូ​ល​ជា​ខ្មែរ​ស មានឈ្មោះ យ៉​ន នាទី​ជា​យុទ្ធជន​ឈ្លប​ឃុំ​ចក ស្រុក​អូររាំងឪ​, ឈ្មោះ​ខឿន នាទី​ជា​ប្រធាន​ពួក​ឈ្លប​ឃុំ​ចក ស្រុក​អូររាំងឪ​, ឈ្មោះ​អុន នាទី​ជា យុទ្ធជន​ឈ្លប​ឃុំ​ចក ស្រុក​អូររាំងឪ​។​

​ក្រោយមក​ខ្ញុំ​ក៏ត្រូវ​បាន​ឧ​ទេ្ទ​សនាម​ឲ្យ​បញ្ចូល​ជា​សមាជិក​សេ​.​អ៊ី​.​អា​នៅ​ខែកុម្ភៈ​ឆ្នាំ​១៩៧៦​ដោយមាន​អ្នកចូលរួម​ចំនួន​បីនាក់​។​យើង​ចូល សេ​.​អ៊ី​.​អា នៅ​ភូមិ​កៀន​ឃ្លាំង ឬ​បន្ទាយ​ថ្មី​ខាងកើត​ស្ពាន​ជ្រោយចង្វា​។​អ្នកចូលរួម​មានឈ្មោះ យឿន នាទី​នីរសារ​កង​ធំ​១៩០ វរ​សេនា​តូច​លេខ​២២៥ វរ​សេនា​ធំ​លេខ​១៥២, ឈ្មោះ​សារ៉េត នាទី​ជា​យុទ្ធជន​ពេទ្យ វរ​សេនា​តូច​លេខ​២២៥ និង​ខ្ញុំ​។​នៅពេល​ចូល សេ​.​អ៊ី​.​អានេះ​ឈ្មោះ​ស្រ៊ន បាន​ប្រាប់ថា​នៅក្នុង​កងវរសេនាតូច​លេខ​២២៥​នេះ មាន សេ​.​អ៊ី​.​អា​ចូល​មុន​ស្រ៊ន​ចំនួន​៥​នាក់​ហើយ​គឺមាន ឈ្មោះ​លីម នាទី​ជា​យោធា​កង​តូច​ទី​៣ កង​ធំ​ទី​១៩០ វរ​សេនា​តូច​លេខ​២២៥​ប​ចុ្ច​ប្បន្ន​នៅ​កង​ដដែល​នៅ​ធ្វើស្រែ​ខាងកើត​ស្ពាន ជ្រោយចង្វា​, ឈ្មោះ​ផល់ នាទី​ជា​យុទ្ធជន​ពិការ នៅក្នុង​មន្ទីរ​វរ​សេនា​ធំ​លេខ​១៥២ បច្ចុប្បន្ន​នៅ​ដេកពេទ្យ នៅក្នុង​មន្ទីរពេទ្យ ព​-៩៨, ឈ្មោះ​រឿន នាទី​ជា​យុទ្ធជន នៅ​រោង​ជាង​ធ្វើ​សម្ភារ​កសិកម្ម​ប្រចាំ​មន្ទីរ វរ​សេនា​ធំ​លេខ​១៥២,​ឈ្មោះ​ធី​នាទី​ជា​នយោបាយ​កង​តូច ស៊ើបការណ៍​ប្រចាំ​កងវរសេនាតូច​លេខ​២២៥ វរ​សេនា​ធំ​លេខ​១៥២, ឈ្មោះ​អឿន​នាទី​ជា​ប្រធាន​ក្រុម​ខាង​រោង​ជាង​ធ្វើ​កាណូត ប្រចាំ​វរ​សេនា​ធំ​លេខ​១៥២​។ ពេលនោះ ខ្ញុំ​មិនបាន​ធ្វើ​សកម្មភាព​ជាមួយគ្នា​ទេ​។ ពេល​ចូល​ជា​សេ​.​អ៊ី​.​អា​ខ្ញុំ​បានធ្វើ​សកម្មភាព​ជាច្រើន ដូចជា​បំផុស​យុទ្ធជន​នៅក្នុង​អង្គភាព​ឲ្យ​ទំនាស់​ជាមួយ​អង្គការ​ពី​រឿង ធ្វើ​ការងារ​គ្មាន​ពេល​សម្រាក​, បំផុស​បុរស​និង​នារី​ឲ្យ​ទំនាស់ ជាមួយ​បក្ស​ពី​រឿង​មិន​រៀបការ​ឲ្យ​, បំផ្លាញ​សម្ភារ​, ត្រូវ​កៀងគរ​ក្រុម​សេរី​ឲ្យ​បាន​ច្រើន ដើម្បី​ងាយស្រួល​បញ្ចូល​ជា​សេ​.​អ៊ី​.​អា​។

​ខ្ញុំ​បាន​បំផុស និង​អប់រំ​កសាង​កម្លាំង​បាន​ចំនួន​ប្រាំ​នាក់ និង​មិនទាន់​ចូល​ជា​សេ​.​អ៊ី​.​អា ចំនួន​បីនាក់​មានឈ្មោះ​អុន​នាទី​ជា​យុទ្ធជន​កង តូច​ទី​៣ កង​ធំ​១៩០ វរ​សេនា​តូច​លេខ​២២៥ វរ​សេនា​ធំ​លេខ ១៥២, ឈ្មោះ​ដឿ​ន នាទី​ជា​យុទ្ធជន​កង​តូច​ទី​៣ កង​ធំ​១៩០ វរ​សេនា​តូច​លេខ​២២៥ វរ​សេនា​ធំ​លេខ ១៥២, ឈ្មោះ​ផន នាទី​ជា​ប្រធាន​ពួក កង​តូច​ទី​០២ កង​ធំ​១៩០ វរ​សេនា​តូច​លេខ​២២៥ វរ​សេនា​ធំ​លេខ​១៥២​និង​២​នាក់​ទៀត​មានឈ្មោះ​ហេង នាទី​ប្រធាន​ពួក កង​តូច​ទី​៣ កង​ធំ​១៩០ វរ​សេនា​តូច​លេខ​២២៥ វរ​សេនា​ធំ​លេខ​១៥២, ឈ្មោះ​នី នាទី​ជា​យុទ្ធជន កង​តូច​ទី​៣ កង​ធំ​១៩០ វរ​សេនា​តូច​លេខ​២២៥ វរ​សេនា​ធំ​លេខ​១៥២​ហើយ​បាន បញ្ចូល​ជា សេ​.​អ៊ី​.​អា នៅ​ខែកញ្ញា ១៩៧៦ នៅ​ភូមិ​កៀន​ឃ្លាំង ខាងកើត​ស្ពាន​ជ្រោយចង្វា ដោយ​ក្នុងពេលនោះ​មានឈ្មោះ​ស្រ៊ន បាន​ចូលរួម​ក្នុង​កម្មវិធី​នេះដែរ​។ កំណត់ហេតុ​ចម្លើយសារភាព​នេះ ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​១៩៧៧​។​

កំណត់ចំណាំ​៖​ចម្លើយសារភាព​ខាងលើ​ដកស្រង់​ចេញពី​ឯកសារ​J00452​។​រាល់​ចម្លើយសារភាព​របស់​អ្នកទោស​ទាំងអស់​នៅ​មន្ទីរ​សន្តិសុខ​ស​-២១ សុទ្ធតែ​ឆ្លងកាត់​ការបង្ខិតបង្ខំ និង​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ​ពី​កង​សួរចម្លើយ​របស់​ខ្មែរក្រហម​។ ដូច្នេះ យើង​មិនអាច​សន្និដ្ឋានបានថា ចម្លើយសារភាព​របស់ អៀ​ត ប៊ុនលី​ពិត​ឬ​យ៉ាងណា​នោះទេ​៕
កង​យោធា​ខ្មែរក្រហម​កំពុង​លើក​ទំនប់​។​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular