ដោយៈបូព៌ព្រឹក្ស/ភ្នំពេញៈបរិក្ខារតេស្តរកវីរុសកូវីដ១៩ខ្នាតធំមួយគ្រឿងដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន នឹងមកដល់ខេត្តព្រះសីហនុនាដើមខែមេសាខាងមុខនេះ ហើយភាគីចិននឹងបញ្ជូនក្រុមអ្នកជំនាញមកកាន់ប្រទេសកម្ពុជាផងដែរ ដើម្បីជួយសម្រួលដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុក្នុងការដំឡើង រៀបចំ និងបណ្ដុះបណ្ដាលជូនដល់បុគ្គលិកពាក់ព័ន្ធ។
ផេកផ្លូវការរបស់ស្ថានទូតចិនប្រចាំកម្ពុជាកាលពីព្រឹកមិញបានបញ្ជាក់អំពីជំនួយនេះ។ប្រភពដដែលនិយាយទៀតថាបន្ទាប់ពីដាក់ឱ្យប្រើប្រាស់ សំណាកតេស្តរកវីរុសរបស់ខេត្តព្រះសីហនុ ខេត្តកែបខេត្តកំពតនិងខេត្តមួយចំនួនដែលនៅក្បែរនោះនឹងត្រូវបានបញ្ជូន មកកាន់ទីនោះ ។នេះនឹងអាចជួយដល់ភាគីកម្ពុជាក្នុងការបង្កើនល្បឿនតេស្តរកជំងឺវីរុស ជួយសន្សំថវិកាទប់ស្កាត់នឹងជំងឺវីរុស ហើយកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសអាចអនុវត្តកាន់តែល្អប្រសើរ។
ការមកដល់នៃជំនួយសម្រាប់ធ្វើតេស្តនេះក៏ជួនគ្នានឹងជំនួយវ៉ាក់សាំងបង្ការកូវីដចំនួនបីសែនដូសដែលជាជំនួយលើកទី២នឹងមកដល់កម្ពុជានៅថ្ងៃទី៣១ ខែមីនាខាងមុខនេះដែរ៕សរន