ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​នៅ​រសៀល​ថ្ងៃនេះ​នៅលើ​ទំព័រ​ហ្វេ​ស​បុក​ផ្លូវការ​លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ មណ្ឌល​កំពង់ស្ពឺ​និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បានសរសេរថា​វិធានការ​ទប់ស្កាត់ តាមរយៈ​ការកំណត់​នូវ​មុខសញ្ញា​អ្នកជំងឺ​បាន​យ៉ាង​ត្រឹមត្រូវ ការជម្លៀស​បាន​យ៉ាង​ទាន់ពេលវេលា និង​ការដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ស្របតាម​និយាម​សុខាភិបាល បានបង្ហាញ​យ៉ាងច្បាស់​ពី​យុទ្ធសាស្ត្រ​ដ៏​ល្អិតល្អន់ និង​គួរ​ឲ្យ​ទុកចិត្តបាន​ពី​សំណាក់​ក្រុម​អ្នកជំនាញ​របស់​យើង​។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ការសម្រេចបាន​នូវ​ភាព​ភាពជោគជ័យ​ចេញពី​យុទ្ធសាស្ត្រ​នេះ ក៏​អាស្រ័យ​ផងដែរ ទៅលើ​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន ជាពិសេស​ពី​ប្រជាពលរដ្ឋ​យើង​។​

​ជាមួយនឹង​រូបថត​ជាច្រើន​សន្លឹក​ដែល​បង្ហាញ​ពី​សកម្មភាព គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ លោក បាន​បន្តថា​”​ក្នុងន័យនេះ ខ្ញុំ​សូម​បន្ត​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​បង្កើន​ការប្រុងប្រយ័ត្ន និង​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ១៩​នេះ ដើម្បី​ឈាន​ឆ្ពោះទៅ​ការបិទ​បញ្ចប់​នូវ​ព្រឹត្តិការ​ណ៏​សហគមន៍​នេះ បាន​យ៉ាង​ឆាប់​នៅពេល​ខាងមុខនេះ​”​។​
​ឆ្លៀត​ក្នុងឱកាស​នេះ​ខ្ញុំ​សូម​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​មិន​ខ្លាច​នឿយហត់​របស់​ក្រុមការងារ​រាជរដ្ឋាភិបាល ក៏ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​ក្រុមគ្រូពេទ្យ​នៅ​ជួរមុខ​ទាំងអស់​នៅក្នុង​ដំណាក់កាល​ដ៏​លំបាក​នេះ​៕​សរន​

រូបភាព​៖ គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​