ដោយ៖ ម៉េងឆៃ / ភ្នំពេញៈនៅថ្ងៃទី២៤ ខែមីនា តាមវត្តអារាមទូទាំងប្រទេស បានចាប់ផ្តើមវាយគង ជួង រគាំង ទូងស្គរ ដើម្បីដាស់តឿន ពញ្ញាក់អារម្មណ៍ប្រជាពុទ្ធបរិស័ទ ចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។ ការទូងស្គរ វាយឃ្មោះ វាយរគាំង វាយជួង នៅតាមវត្ត ត្រូវធ្វើឡើង ១ថ្ងៃ ៥ដង នៅទូទាំងប្រទេស។

ក្នុងសារាចរណែនាំ ស្តីពី ការវាយគង ជួង រគាំង ទូងស្គរ តាមវត្តអារាម ដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ចុះថ្ងៃទី២៣ ខែមីនា របស់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បង្ហាញថា ដោយសារស្ថានភាពនៃជំងឺកូវីដ១៩ មានការរាតត្បាតក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរឡើង សូមលោកប្រធានមន្ទីរធម្មការ និងសាសនារាជធានីខេត្ត សហការជាមួយព្រះមេគណ ព្រះគ្រូអនុគណ ធ្វើការណែនាំទៅគ្រប់វត្តអារាមទាំងអស់ នៅទូទាំងប្រទេស ឲ្យវាយគង ជួង រគាំង ទូងស្គរ ព្រមៗគ្នាទាំងអស់ ជាសញ្ញាផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ឲ្យបង្កើនការប្រុងប្រយ័ត្ន ដោយអនុវត្តនូវវិធានការ “៣ការពារ” និង “៣កុំ” របស់ប្រមុខរាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាល រហូតដល់ចប់ព្រឹត្តិការណ៍ ២០កុម្ភៈ។

ការវាយគង ជួង រគាំង និងទូងស្គរ ព្រមៗគ្នា នៅតាមវត្តអារាម ដែលចាប់ផ្តើមនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ត្រូវធ្វើឲ្យបាន ៥ដង ក្នុង ១ថ្ងៃ តាមពេលវេលាកំណត់ គឺលើកទី១ នៅម៉ោង ៥ព្រឹក។ លើកទី២ នៅម៉ោង ១១ព្រឹក។ លើកទី៣ នៅម៉ោង ២រសៀល។ លើកទី៤ នៅម៉ោង ៥ល្ងាច និងលើកទី៥ នៅម៉ោង ៨យប់។

យុទ្ធនាការតាមវត្តនេះ ជាការពញ្ញាក់អារម្មណ៍ប្រជាពុទ្ធបរិស័ទ ឲ្យចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងកូវីដ១៩ តាមរយៈព្រះសង្ឃ។ ប៉ុន្តែទន្ទឹមនឹងនេះ ប្រជាពលរដ្ឋយើង មិនថា ពុទ្ធបរិស័ទ ឬក៏សាសនាណាណា នោះទេ ហើយក៏មិនថា នៅកម្ពុជា នៅភ្នំពេញ នៅទីប្រជុំជន ឬនៅតំបន់ដាច់ ស្រយាលណាឡើយ នៅពេលនេះ ត្រូវតែបន្តអនុវត្តឲ្យខ្ជាប់ខ្ជួនជានិច្ចនូវវិធានសុខាភិបាល ពិសេសវិធានការ “៣ការពារ” និង “៣កុំ”។ នោះគឺពាក់ម៉ាស លាងដៃ និងរក្សាគម្លាតសុវត្ថិភាពពីម្នាក់ទៅម្នាក់ យ៉ាងហោចណាស់ ១ម៉ែត្រកន្លះ។ រីឯ ៣កុំ គឺកុំចូលរួមជួបជុំ ដែលមានមនុស្សច្រើន កុំចូលទៅកន្លែង ដែលបិទជិត ហើយប្រើម៉ាស៊ីនត្រជាក់ និងកុំចាប់ដៃ ប៉ះពាល់គ្នា។

ទន្ទឹមនឹងនេះទៀត ក្នុងពេលកូវីដ១៩ បន្តឆ្លងរាលដាល ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ពិសេសនៅភ្នំពេញ នៅខេត្តកណ្តាល នៅខេត្តព្រះសីហនុ ជាដើម ក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋ មិនថាព្រះសង្ឃ ឬគ្រហស្ថទេ សូមបន្តស្នាក់នៅផ្ទះ បើមិនចាំបាច់ ហើយបើត្រូវចេញក្រៅផ្ទះ ក៏សូមបន្តអនុវត្តវិធានការ ៣ការពារ និង៣កុំ។ ក្នុងនោះ អ្នកនៅភ្នំពេញ ក៏កុំទាន់ចេញទៅខេត្ត។ អ្នកខេត្ត ក៏កុំទាន់ចូលមកភ្នំពេញ ឬក៏ធ្វើដំណើរចល័តពីកន្លែងមួយ ទៅកន្លែងមួយ ឬច្រើនទៀត។

ស្នូរគង ជួង រគាំង ទូងស្គរ តាមវត្តអារាម នៅទូទាំងប្រទេស គ្រាន់តែដាស់តឿន និងពញ្ញាក់អារម្មណ៍យើងប៉ុណ្ណោះ តែស្នូរគង ជួង រគាំង ទូងស្គរ ពុំអាចបំភ័យ ឬបណ្តេញកូវីដបានឡើយ។ ម្យ៉ាងនៅក្នុងពេលជួបជុំតាមវត្តអារាម ធ្វើពិធីវាយគង គោះជួង រគាំង និងទូងស្គរមួយលើកៗ រៀងរាល់ថ្ងៃនោះទៀតសោត ក៏សូមព្រះសង្ឃ តាអាចារ្យ យាយជី ឬកូនសិស្សលោក ជាដើម ក៏ត្រូវចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ តាមរយៈវិធីសាមញ្ញៗ គឺពាក់ម៉ាស លាងដៃ រក្សាគម្លាត ហើយធ្វើនៅទីវាល ជាដើម។

មានតែការរួមគ្នា អនុវត្តនូវវិធានសុខាភិបាលប៉ុណ្ណោះ ទើបអាចការពារខ្លួនឲ្យជៀសផុតពីគ្រោះអាសន្ននៃការឆ្លងរាលដាលជំងឺកូវីដ១៩។ មិនមែនអាគមអូមអាម ឬការស្រោច ទឹកតាមវត្ត ឬក៏ការសូត្រធម៌ បួងសួង អាចយកឈ្នះកូវីដ១៩ នោះឡើយ។ ចូរកុំភ្លេច វិធានការ ៣ការពារ និង៣កុំ ហើយពិសេស ទៅទៀត គឺកុំចល័តចេញក្រៅផ្ទះ ឬក្រៅវត្ត ឬក៏ធ្វើដំណើរឆ្លងខេត្តពីតំបន់មួយ ទៅតំបន់មួយ។ យើងស៊ូទ្រាំលំបាកមួយពេល ជាជាងឆ្លងកូវីដ១៩ ដែលកាន់តែនាំការលំបាកខ្លាំងថែមទៀត ដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ៕សរន