ដោយ: សុផល / ភ្នំពេញ: នៅចុងឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាល បានសម្រេចបញ្ចេញកញ្ចប់ថវិកាអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន ៣៨ ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ប្រវែងសរុប ៩៨,៣៤ គីឡូម៉ែត្រ ក្នុងគោលបំណង ដើម្បីចូលរួមលើកកម្ពស់វិស័យសេដ្ឋកិច្ច សោភ័ណភាពទីក្រុង ឱ្យសក្តិសមជាទីក្រុងទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ព្រមទាំងតភ្ជាប់ ពីទីប្រជុំជនក្រុងសៀមរាប ទៅតំបន់ដាច់ស្រយាល នៅជាយក្រុង និងជួយសម្រួល ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុងខេត្តនេះ។
ទាក់ទងនឹងគម្រោងស្ថាបនាផ្លូវ ក្រសួងសាធារណការ ថ្មីៗនេះ បានកោះប្រជុំក្រុមការងារជំនាញបច្ចេកទេស ដើម្បីពិនិត្យ និងកែសម្រួលបញ្ជីប៉ាន់តម្លៃ នៃគម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ ខ្សែ និងពន្លឿនការសាងសង់។
លោក សួង ហេង រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំក្រុមការងារជំនាញ បច្ចេកទេសក្រសួង ដើម្បីពិនិត្យ និងកែសម្រួលបញ្ជីប៉ាន់តម្លៃ នៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែ នេះ។
ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ លោករដ្ឋលេខាធិការ បានជំរុញលើកទឹកចិត្តឱ្យក្រុមការងារជំនាញបច្ចេកទេសរបស់ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែ រៀបចំ និងកែសម្រួលបញ្ជីប៉ាន់តម្លៃរបស់ខ្លួន ឱ្យបានចប់សព្វគ្រប់ នៅចុងខែមីនានេះ ដើម្បីដាក់ជូនថ្នាក់ដឹកនាំ ពាក់ព័ន្ធធ្វើការពិនិត្យសម្រេច៕/V