​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​មហាហិង្គុ​

(​មៈហា​ហឹ​ង​)

​នាមសព្ទ​

( បា​. ) ឈ្មោះ​ជ័រស្ល​មួយ​ប្រភេទ មាន​ក្លិនស្អុយ​ឆួល​ហឹរ​ក្តៅ​ភាយ សម្រាប់​ប្រើ​ផ្សំ​ជា​គ្រឿង​ឱសថ​ខ្មែរ​តាំងពី​ក្នុង​បុរាណកាល​រៀងមក​ហៅថា ថ្នាំ​មហាហិង្គុ ( ម​. ព​. ហិង្គុ ទៀតផង ) ។​

ផ្សា​

​កិរិយាសព្ទ​

​ឈឺចាប់​ពើត​រោលរាល​ឆៀបៗ​ដោយ​មុខ​សស្ត្រា​, របួស​, ដាច់​, រលាត់​, ប៉ះពាល់​ត្រូវ​, ប្រទះ​នឹង​ជាតិ​ជូរ​, ប្រៃ​, ហឹរ​…​។ ផ្សាខ្លោច ឬ ខ្លោចផ្សា កើតទុក្ខ​សង្រេង​ដោយ​សេចក្តី​ស្ដាយស្រណោះ​ឬ​ដោយ​សេចក្ដី​អាល័យ​ហាក់ដូចជា​ឆេះ​ខ្លោច​ឈឺផ្សា​ក្នុង​ចិត្ត ។​

​គុណសព្ទ​

​ឈឺចាប់​ពើត​រោលរាល​ឆៀបៗ ដោយ​មុខ​សស្ត្រា​, របួស​, ដាច់​, រលាត់​, ប៉ះពាល់​ត្រូវ​, ប្រទះ​នឹង​ជាតិ​ជូរ​, ប្រៃ​, ហឹរ​…​។ ផ្សាខ្លោច ឬ ខ្លោចផ្សា
​កើតទុក្ខ​សង្រេង ដោយ​សេចក្តី​ស្ដាយស្រណោះ ឬ​ដោយ​សេចក្ដី​អាល័យ ហាក់ដូចជា ឆេះ​ខ្លោច​ឈឺផ្សា ក្នុង​ចិត្ត ។​

​អាយតនិបាត​

( ព​. បុ​. ) ព្រោះ​, ហេតុតែ​, ដោយហេតុ​; តាមតែ​, តាមតែ​ចង់​, ព្រោះតែ​ចំណង់​
​ផ្សា​នឹង​បាន​ចង់តែ​នឹង​បាន ។ (​ព​. កា​. ) : លោ​កថា​ស្រី​នោះ ចិត្តអាក្រក់​ស្មោះ ស្អប់​ដំបូន្មាន ផ្សា​ដោយសារ​ចិត្ត ទុច្ចរិត​សន្តាន បង្ហិន​ធនធាន ចើក​អាស​មាយា​។​… (​កាព្យ​ច្បាប់ស្រី​ជា​ព្រះរាជ​និពន្ធ​នៃ ព្រះបាទ​សម្តេចព្រះ​ហរិរក្ស​រាមា​…) ។ មើល​ក្នុង​ពាក្យ ស្រី ទៀតផង ។​

​កិរិយាសព្ទ​

​ផ្សង​តាម​កម្ម​, ផ្សងព្រេង​; ទ្រាំទ្រ​, ទ្រាំ​អត់​; កាន់​ក្ដី​សន្តោស​តាម​មាន​តាម​បាន​
​ផ្សា​ជា​អ្នក​កម្សត់​ទុគ៌ត ( ម​. កណ្ឌ​មហារាជ​បព្វៈ ) ។​

​ដីប្លី​

​នាមសព្ទ​

​ឈ្មោះ​វល្លិ​ឡើងជន្លង់​មួយ​ប្រភេទ ( ពួក​ម្រេច ) ផ្លែ​មូល​ទ្រវែង មាន​រសជាតិ​ហឹរ សម្រាប់​ប្រើ​ជា​ថ្នាំ​ក្ដៅ ឬ​ជា​គ្រឿងសម្ល​, ច្រើន​ដាំ​ឲ្យ​វារ​តោង​ឡើង​ឈើ​ស្រស់ ។​

ញ៉ិល​

​កិរិយាវិសេសន៍​

​ដែល​ទៅដោយ​រហ័ស ( ប្រើ​ចំពោះតែ​សត្វ​តូចៗ ដែល​ស្ទុះ )
​ស្ទុះ​ញ៉ិល ។​
​ដែល​ជ្រួតជ្រាប​យ៉ាង​រហ័ស ( ប្រើ​ចំពោះតែ​រសជាតិ​ដែល​ហឹរ )
​ហឹរ​ញ៉ិល ។​

​ចំតិត​

​កិរិយាសព្ទ​

​ទយ​ហុច​គូទ​ឡើង​, បំបះ​បំពើង​គូទ​ឡើង ។ ចំតិតចំតូង គឺ​ចំតិត​ហើយ​ចំតិត​ទៀត​; ដួល​ចំតិតចំតូង គឺ​ដួល​ជ្រហឹតជ្រហម ចំតិត​គូទ​ឡើង​ច្រើនដង​ច្រើន​ត្រឡប់ (​ពាក្យ​សាមញ្ញ​; ព​. គ​. ថា : ដួល​ជ្រហិតជ្រហម​) ។​