​ដោយៈ ទេព មង្គល / ភ្នំពេញៈ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បាន​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន ឲ្យ​ដឹង​នៅ​ព្រឹក ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២១​នេះ​ថាៈ មាន​ករណី​អ្នកស្លាប់ ដោយសារ​ជំងឺ​កូ​វីដ​១៩ ម្នាក់​ទៀតហើយ គឺជា​មន្ត្រីនគរបាល​ច​រាច​រណ៍ នៅ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ឈ្មោះ ថន ចាន់​ធឿន អាយុ​៥៥​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​ក្តី​ចាស់ ឃុំ​ព្រែក​ហ្លួង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

​មន្ត្រីនគរបាល​ចរាច​រណ៍ រូបនេះ គឺជា​អ្នក​ទី​៨ ដែល​បានទទួល​មរណភាព ដោយសារតែ​វីរុស​កូ​វីដ ១៩ វាយលុក​យ៉ាងធ្ងន់ធ្ងរ ដល់​ប្រព័ន្ធ​សុខភាព​របស់គាត់​។

​អ្នកជំងឺ​កូ​វីដ ១៩​រូបនេះ បាន​ចូលទៅ​មន្ទីរពេទ្យ​មិត្តភាព កម្ពុជា សូ​វៀត នៅវេលា​ម៉ោង ៣ និង​៣០​នាទី ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២១ ដោយ​ស្ថិតក្នុង​វិបត្តិ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ គាំងបេះដូង និង​បាត់បង់​ស្មារតី​។ អ្នកជំងឺ បាន​ស្លាប់​នៅវេលា​ម៉ោង ៤ រសៀល ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២១​។ ដោយ​ជា​ករណី​សង្ស័យ ក្រុមគ្រូពេទ្យ ក៏​យក​សំណាក​ទៅពិនិត្យ ក៏​ទទួលបាន​លទ្ធផល​វិជ្ជមាន​កូ​វីដ ១៩ ។​

​សូមបញ្ជាក់ថា រហូតមកដល់​ពេលនេះ អ្នកជំងឺ​កូ​វីដ ១៩ ចំនួន ៨ នាក់​ហើយ បាន​បាត់​បង់ជីវិត ក្នុងនោះ រួមមានៈ​
១. បុរស​ជនជាតិខ្មែរ អាយុ​៥០​ឆ្នាំ បាន​ស្លាប់​នៅ​មន្ទីរ​មិត្តភាព ខ្មែរ​-​សូ​វៀត កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១​។​
២. ស្ត្រីជន​ជាតិខ្មែរ ឈ្មោះ ងឿ​ន សុថា​នី អាយុ​៦២​ឆ្នាំ បាន​ស្លាប់ នៅ​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១ (​ភរិយា លោក ហួរ ឡា​វី​)​។​
៣. បុរស​ជនជាតិខ្មែរ ឈ្មោះ គឹម ឃី​ស៊ុន អាយុ​៤៦​ឆ្នាំ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១​។​
៤. បុរស​ជនជាតិខ្មែរ អាយុ​៧៥​ឆ្នាំ ឈ្មោះ ស្តើង ជា បាន​ស្លាប់ នៅ​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២១​។​
៥. ស្ត្រីជន​ជាតិខ្មែរ ឈ្មោះ អ៊ិន ម៉ា​នី​តា ភេទ​ស្រី អាយុ​៦២​ឆ្នាំ (​ជា​ម្តាយ​តារា​កំប្លែង​ស្រី​ពី​ន​) រស់នៅ​ក្រោយ​ផ្សារ​សឡា ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​
៦. ឈ្មោះ ឈាន ប៊ុនធឿន ជនជាតិខ្មែរ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ស្នាក់នៅ​ភូមិ​កណ្តាល ឃុំ​មានជ័យ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​
៧. ឈ្មោះ Wu Jiannan ជនជាតិ​ចិន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ នៅ​ស្រុក​កោះធំ ខេត្តកណ្តាល​។​
៨. ឈ្មោះ ថន ចាន់​ធឿន អាយុ​៥៥​ឆ្នាំ មន្ត្រីនគរបាល​ចរាច​រណ៍ ស្រុកកំណើត នៅ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

​យោង​លើ​ករណី​មាន​អ្នកស្លាប់ ជា​បន្តបន្ទាប់ ដោយសារ​ការ​រី​ល​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ ហេតុដូចនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បង្កើន​ការលើកកម្ពស់​ស្មារតី ប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់ ជាប់​ជាប្រចាំ តាម​វិធានការ​របស់​ក្រសួងសុខាភិបាល ជាពិសេស​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា គឺ ៣​កុំ ៣​ការពារ កុំបី​ខាន​ឡើយ​៕/V