ដោយ: ជា សីហ:/ភ្នំពេញ: លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចែករំលែកថា គិតមកត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ការងារបង្កបង្កើនផល ស្រូវរដូវប្រាំងនៅទូទាំងប្រទេសសម្រេចធ្វើការស្ទូង និងព្រោះបានលើផ្ទៃដីចំនួន ៦៤៩.៥៣៩ ហ.ត ស្មើនឹង ១៤២,៤៥% នៃផែនការ ៤៥៩.២០០ ហ.ត លើសពីឆ្នាំមុន ៥២.០៣១ ហ.ត ។ រីឯការងារប្រមូលផលស្រូវរដូវប្រាំងឆ្នាំ២០២១ នេះសម្រេចបានចំនួន ៤៨៦.៦៤៦ ហ.ត ស្នើនឹង ៧៤,៩២% នៃផ្ទៃដីអនុវត្តបានសរុបចំនួន ៦៤៩.៥៣៩ ហ.តដោយទទួលបានបរិមាណ ផលសរុបចំនួន ២.១៧៥.១៩៧ តោន ក្នុងនេះទទួលបានទិន្នផលជាមធ្យមប្រមាណជា ៤,៤៧ តោន/ ហ.ត ។
លោកបានបន្តទៀតថា សម្រាប់ដំណាំសាកវប្បកម្ម ដូចជាពោតស, ដំឡូងជ្វា, បន្លែគ្រប់មុខ, ម្ទេស, ឪឡឹក …គឺបាន អនុវត្តបានចំនួន ៣៨. ១៧០ ហ.ត ស្មើនឹង ១០២,៣០% នៃផែនការ ៣៧.៣១២ ហ.ត លើសឆ្នាំមុន ៥៤៤ ហ.ត ។ លោកបានបន្ថែមថា ដំណាំឧស្សាហកម្ម ដូចជា ពោតក្រហម, ដំឡូងមី, សណ្តែកបាយ, សណ្តែកដី, សណ្តែកសៀង, ល្ង, អំពៅ, ក្រចៅ, ថ្នាំជក់ និងឈូក អនុវត្តបានចំនួន ៨៩.៨៦៤ ហ.ត ស្មើនឹង ១០៥,៥៤% នៃផែនការ ៨៤. ៧៧០ ហ.ត លើសឆ្នាំមុន ១០.១៩០ ហ.ត ។
លោកបន្តថា ជារួម ការងារបង្កបង្កើនផលដំណាំស្រូវរដូវប្រាំងត្រូវបានបញ្ចប់ជាស្ថាពរ នៅទូទាំងប្រទេស ។ ទន្ទឹមនឹងនេះ ក្រសួងបានបន្តជំរុញដល់កសិករឲ្យត្រៀមលក្ខណៈ ការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សាដែលនឹងចូលមកដល់ក្នុងរយៈពេលដ៏ខ្លី ខាងមុខនេះ ដូចជាការពង្រាបដីស្រែ ការភ្ជួររាស់ដី និងការត្រៀមពូជស្រូវជាដើម ៕/PC/សរន