បញ្ឈប់​សកម្មភាព​ក្រុមហ៊ុន «​ស៊ូ​ណា​ត្រា​» ដែល​បាន​យកលុយ​ភាស៊ី​ពី​ម្ចាស់​ម៉ូតូ និង​រថយន្ត​ចត​នៅក្បែរ​វត្តភ្នំ​

1251
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានប្រកាស​ឲ្យ​ក្រុមហ៊ុន «​ស៊ូ​ណា​ត្រា​» ផ្អាក​ការ​លុយ​ពី​ប្រជាពលរដ្ឋ​ដែល​បាន​យក​ម៉ូតូ និង​រថយន្ត​របស់​ពួកគាត់​ចត​លើ​ដងផ្លូវ នៅ​ម្តុំ​វត្តភ្នំ ក្នុង​ខណ្ឌដូនពេញ តទៅទៀត ហើយ​។​
​ជាក់ស្ដែង​នៅ​រសៀល​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៨​នេះ អាជ្ញាធរ​ខណ្ឌដូនពេញ បាន​ចុះទៅ​ត្រួតពិនិត្យ និង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​បន្ថែម​នៅ​តំបន់​នោះ ជាពិសេស​ជូនដំណឹង​ដល់​បងប្អូន ប្រជាពលរដ្ឋ​ឲ្យ​បានដឹង​គ្រប់ៗ​គ្នា​។​
​គួរ​បញ្ជាក់ថា​៖​កាលពីពេល​ថ្មីៗ​នេះ មាន​រិះគន់​យ៉ាងខ្លាំង​ពី​មហាជន ជាពិសេស ពលរដ្ឋ​ដែល​បាន​យក​កូន​មកកាន់​មន្ទីរពេទ្យ​គន្ធបុប្ផា ហើយ​ដោយសារតែ​ប្រញាប់​ខ្លាំងពេក ដើម្បី​ឲ្យ​កូន​ចូលទៅក្នុង​មន្ទីរពេទ្យ​នោះ ពួកគាត់​បាន​បង្ខំចិត្ត​យក​ម៉ូតូ និង​រថយន្ត​ទៅ​ចត​នៅលើ​ដងផ្លូវ​នៅក្បែរៗ​នោះ​។ ប៉ុន្តែ​ពេល​ត្រឡប់មកវិញ ស្រាប់​តែមាន​បុគ្គលិក​របស់​ក្រុមហ៊ុន «​ស៊ូ​ណា​ត្រា​» ទៅ​ទារ​ថ្លៃ​ភាស៊ី​មាន​ចាប់ពី​៣០០០​រៀល ឡើងទៅ​ផងដែរ​។ ពេលខ្លះ​ម៉ូតូ​របស់​ប្រជាពលរដ្ឋ ត្រូវបាន​បុគ្គលិក​នោះ យក​ច្រ​វ៉ា​ក់​ទៅ​ចាក់​កង់​ម៉ូតូ ដើម្បី​បង្ខំ​ឲ្យ​ម្ចាស់​បង់លុយ​ថ្លៃ​ភាស៊ី ចំពោះ​ការចត​លើ​ដងផ្លូវ​នេះ​។​ដោយសារតែ​មានការ​រិះគន់​ខ្លាំង​ពី​ប្រជាពលរដ្ឋ​មក​នោះ ទើប លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានសម្រេច​ឲ្យ​ក្រុមហ៊ុន​យក​ភាស៊ី​មួយ​នេះ បញ្ឈប់​សកម្មភាព​ភ្លាម ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍​របស់​ពលរដ្ឋ​ទូទៅ​។​
​នៅ​រសៀល​ថ្ងៃទី​២​ឧសភា​នេះ​លោក យស់ យុ​ទ្ធី អភិបាលរង​ខណ្ឌដូនពេញ និង​លោក ចាប ឌី​ណា នាយក​រដ្ឋបាល​សាលាខណ្ឌ​ដូនពេញ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច និង​កម្លាំង​សណ្តាប់ធ្នាប់​ចុះទៅ​រៀបចំ​សណ្តាប់ធ្នាប់ នៅ​ជុំវិញ​បរិវេណ​វត្តភ្នំ និង​នៅក្បែរ​មន្ទីរពេទ្យ​គន្ធបុប្ផា និង​ទីតាំង​មួយចំនួនទៀត ពាក់ព័ន្ធ​ការវិនិយោគ​របស់​ក្រុមហ៊ុន ស៊ូ​ណា​ត្រា ហើយ​ពេលនេះ​យើង​ឃើញថា ពុំ​មានការ​យកលុយ​ភាស៊ី​អ្វី​ទៀតឡើយ ដោយ​យើង​បាន​ផ្អាក​សកម្មភាព​នេះហើយ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ទាំងអស់​ឈប់​បង់លុយ​ឱ្យគេ​ទៀត​។
​អាជ្ញាធរ​សុំ​ការយោគយល់​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ចំពោះ​ការប្រកប​អាជីវកម្ម និង​ការចត​ម៉ូតូ រថយន្ត​ឲ្យ​មាន​សណ្តាប់ធ្នាប់ ហើយ​មិន​ត្រូវយក​ដងផ្លូវ ចិញ្ចើមផ្លូវ​ទាំងនេះ ជា​កន្លែង​ចំណត​ឡើយ​ដែល​អាច​នាំ​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេងៗ និង​ដើម្បី​លើកតម្កើង​សោភ័ណភាព ទីក្រុង​របស់​យើង​ផងដែរ​៕


ទីតាំងផ្សាយពាណិជ្ជកម្ម