Home ព័ត៌មានជាតិ នយោបាយ ប៊ុ​យ កែវ ហៅ ...

ប៊ុ​យ កែវ ហៅ បួ​ខាវ លេខា​ស្រុក​កុក​ឡាក់ តំបន់​១០១ ភូមិភាគ​ឦសាន

ដោយៈ ដា​រ៉ា​រដ្ឋ មេត្តា អ្នកសរសេរ​ទស្សនាវដ្ដី​ស្វែងរក​ការពិត​/​ភ្នំពេញៈ​ខ្ញុំ​ឈ្មោះ ប៊ុ​យ កែវ ហៅ បួ​ខាវ មាន​អាយុ​៤០​ឆ្នាំ​នៅក្នុង​ឆ្នាំ​១៩៧៧​។ ខ្ញុំ​មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​ល្មៃ ឃុំ​កុក​ឡាក់ ស្រុក​កុក​ឡាក់ តំបន់​១០១ ភូមិភាគ​ឦសាន​។ ខ្ញុំ​មាន​ឪពុក​ឈ្មោះ ប៊ុ​យ និង​ម្ដាយ​ឈ្មោះ ចៀម​។ ពុក​ម៉ែ​ខ្ញុំ​គឺជា​កសិករ ក្រោយមក​ពួកគាត់​បាន​ស្លាប់​។ ខ្ញុំ​មាន​បងប្អូន​បង្កើត​ទាំងអស់​ចំនួន​៣​នាក់​គឺ ប្រុស​ចំនួន​២ និង​ស្រី​ចំនួន​១​នាក់​។ ខ្ញុំ​មាន​ប្រពន្ធ​ម្នាក់​ឈ្មោះ អឿ​ម អម មាន​អាយុ​២១​ឆ្នាំ​។ នាង​គឺជា​ជនជាតិ​កា​វែ​ត​។ ខ្ញុំ​រស់នៅ​ជាមួយ​ឪពុកម្ដាយ​ខ្ញុំ​រហូតដល់ ឆ្នាំ​១៩៥៣​។ ក្រោយមក​ខ្ញុំ​បាន​ចូល​ធ្វើជា​ទាហាន​បារាំង​បាន​រយៈពេល​ប្រហែល​បី​ខែ​។​

នៅក្នុង​ឆ្នាំ​១៩៥៤ ខ្ញុំ​បាន​ជួប​ជាមួយ​ឈ្មោះ ហ៊ឹម គឺជា​អតីត​ប៉ូលីស នៅ​ស្រុក​វើ​ន​សៃ​។ ហ៊ឹម បាន​នាំ​ខ្ញុំ​ចូល​ធ្វើជា​កងជីវពល​។ បន្ទាប់មក​ខ្ញុំ​បាន​ជួប​ជាមួយ​ចៅហ្វាយស្រុក​វើ​ន​សៃ ឈ្មោះ ប៉ូ​រ៉ា ។ ចៅ​ហ្វា​យស្រុក និង ហ៊ឹម បាន​ឲ្យ​ខ្ញុំ​ធ្វើជា​គិញ ព្រមទាំង​បាន​ចាត់តាំង​ខ្ញុំ និង​សមាជិក​ពីរ​នាក់​ទៀត​ឈ្មោះ ទើ​ន និង ពាក្យ​រ៍ ឲ្យ​ទៅយក​ការណ៍​នៅ​ភូមិ​កា​ទន់ ស្រុក​វើ​ន​សៃ តំបន់​១០១​។ នៅពេល​ខ្ញុំ​ធ្វើជា​គិញ ខ្ញុំ​ក៏មាន​តួនាទី​ដើររក​ខ្មែរក្រហម​នៅតាម​មូលដ្ឋាន និង​ពង្រីក​កម្លាំង​គិញ នៅក្នុង​ភូមិ​។ ក្រោយមក​ប្រមូលបាន​ព័ត៌មាន ខ្ញុំ​បាន​រាយការណ៍​ទៅ​ឲ្យ ចៅហ្វាយស្រុក​។

​នៅក្នុង​ឆ្នាំ​១៩៥៦ ប៉ូ​រ៉ា បាន​ឲ្យ​ខ្ញុំ​ធ្វើជា​គិញ​ដដែល​។ គាត់​បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​មក​យកការណ៍ ក្នុងស្រុក​កុក​ឡាក់ ដែល​ក្រុម​របស់ខ្ញុំ​មាន​គ្នា​បីនាក់ រួមមាន ខ្ញុំ​, ច​ន និង ឈៀម​។ យើង​បានធ្វើ​សកម្មភាព​ពង្រីក​កម្លាំង​បាន​បីនាក់​ទៀត មានឈ្មោះ លីន​, ថី និង ប៉ុន​។ ប៉ុន បានរ​ត់ទៅ​ប្រទេស​ឡាវ និង​ពីរ​នាក់​ទៀត​បាន​ស្លាប់​ពេល​ក្រោយមក​។ ខ្ញុំ​បាន​ទាក់ទង​ជាមួយ​ឈ្មោះ ហឿង ធ្វើជា​គ្រូបង្រៀន នៅ​ស្រុក​វើ​ន​សៃ​ឲ្យ​ជួយ​ស្រាវជ្រាវ​រក​ក្រុមខ្មែរក្រហម​។ បន្ទាប់ពី​បាន​ព័ត៌មាន​ខ្ញុំ​ក៏បាន​រាយការណ៍​ទាក់ទង​សកម្មភាព​ខ្មែរក្រហម ដែល​កំពុង​ឃោសនា​ក្នុងចំណោម​ប្រជាជន ឲ្យ​ចៅហ្វាយស្រុក​បានដឹង​។ ក្រោយមក ខ្ញុំ​បាន​ចូលរួម​ប្រជុំ​ជាមួយ​ចៅហ្វាយស្រុក​ដែលមាន​សមាជិក​ប្រាំមួយ​នាក់ រួមមាន ហឿ​ម អតីត​ប៉ូលីស ក្រោយមក​បានរ​ត់ទៅ​ប្រទេស​ឡាវ​, វ៉ន អតីត​ទាហាន​, លាប អតីត​ស្មៀន​នៅ​សាលាស្រុក និង ភឿ​យ អតីត​ជំទប់​លេខ​៣ ដែល​បច្ចុប្បន្ន​មាន​តួនាទី​ជា​សមាជិក​សហ​កណ៍​ស្រុក​វើ​ន​សៃ​។ នៅក្នុង​ការប្រជុំ​លោក ចៅហ្វាយស្រុក បានដាក់​ផែនការ​ដើរ​ស៊ើបការណ៍​រក​ខ្មែរក្រហម​តាម​ភូមិ​, កសាង​កម្លាំង​គិញ​តាម​ភូមិ​ឃុំ​, រក្សា​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក​។ នៅ​ពាក់កណ្ដាល​ឆ្នាំ​១៩៥៦ ខ្ញុំ​កសាង​កម្លាំង​បាន​បីនាក់​មានឈ្មោះ ឆេវ​, ដ​យ និង ដេ​ង​។ ឆេវ​, ដ​យ និង ដេ​ង បាន​ស្លាប់​នៅក្នុង​ឆ្នាំ​១៩៦៤ ដោយ​បដិវត្តន៍​ជា​អ្នកកម្ទេច​។

នៅក្នុង​ឆ្នាំ​១៩៥៧ ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​ឈ្មោះ អាត់​ស៊ុយ​ដង់​, ឌី​ន​, ភឹម ដែលជា​ទាហាន​។ យើង​បាន​និយាយ​គ្នា​អំពី​យុទ្ធសាស្ត្រ​នៃ​ការ​ស៊ើបការណ៍​ដោយ លបស្ដាប់​តាម​ក្រោមផ្ទះ​ប្រជាជន​នៅពេល​យប់​ពេល​ប្រជាជន​កំពុង​ប្រជុំ និង​លបស្ដាប់​កន្លែង​ផ្លូវចេញចូល​។ នៅ​ដើមឆ្នាំ​១៩៥៧ ខ្ញុំ​បាន​ហៅ​កម្លាំង​ចាស់​មក​ប្រជុំ និង​អប់រំ​ពី​ផែនការ​មួយចំនួន​។ ឈាវ​, ដ​យ ដែលជា​កម្លាំង​ចាស់​បាន​រាយការណ៍​អំពី​ខ្មែរក្រហម​ដែល​កំពុង​ឃោសនា​នៅ​ភូមិ​កាឡា​ក់ និង​ភូមិ​រុក​។ ក្រុម​របស់ខ្ញុំ​បាន​រាយការណ៍​មក​ខ្ញុំ រួចហើយ​ខ្ញុំ​ក៏​រាយការណ៍​ទៅ​ចៅហ្វាយស្រុក​បន្តទៀត​។ បន្ទាប់មក ខ្ញុំ​បាន​ឲ្យ​ប៉ូលីស​ចុះទៅ​ចាប់​ក្រុមខ្មែរក្រហម​។ នៅ​អំឡុង​ពេលនោះ ខ្ញុំ​កសាង​កម្លាំង​បាន​ចំនួន​ពីរ​នាក់​ទៀត គឺ​ឈ្មោះ ជាន់ និង ឈ្មោះ ភឺន មាន​តួនាទី​ជា​សមាជិក​សហករណ៍​នៅ​ភូមិ​កង​នា​ប់​។

ជនជាតិភាគតិច​ដែលជា​កងឈ្លប​បដិវត្ត​ន៍​ខ្មែរក្រហម​កំពុង​ដោត​ចម្រូង​ការពារ​ភូមិ នៅ​ខេត្តរតនគិរី (​ឆ្នាំ​១៩៦៨-១៩៦៩)​។​(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)
​ ​នៅក្នុង​ឆ្នាំ​១៩៥៨ ខ្ញុំ​បាន​ប្រជុំ​ពង្រីក​កម្លាំង​ចាស់ និង​បានដាក់​ផែនការ​ស៊ើបការណ៍​រក​ខ្មែរក្រហម ក្ដាប់​ចំនួន​ប្រជាជន​ដែល​ចូលរួម​ជាមួយ​ខ្មែរក្រហម ត្រូវ​ឲ្យ​មាន​ទំនាក់ទំនង​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​។ ក្រោយមក​នៅ​ឆ្នាំ​១៩៦០ ខ្ញុំ​បាន​ទាក់ទង​ជាមួយ​ឈ្មោះ មាស គឺជា​កាប៉ូរ៉ាល់​ទាហាន នៅ​បន្ទាយ​វើ​ន​សៃ​។ យើង​បាន​ប្រជុំគ្នា​ដោយមាន​សមាជិក​ទាំងអស់​ចំនួន​៥​ចូលរួម ដើម្បី​ចែករំលែក​ពីបទ​ពិ​សោ​ធ៍​តាមរក​ខ្មែរក្រហម និង​បែងចែក​ទីតាំង​ព្រៃ​ដើរ​តាម​មុខព្រួញ​។ នៅពេលនោះ ខ្ញុំ​កសាង​កម្លាំង​បាន​ចំនួន​ពីរ​នាក់​ទៀត​ឈ្មោះ សយ អតីត​ជំទប់​ភូមិ​កោះ​កាក ក្រោយមក​មាន​នាទី​ជា អនុ​លេខា​ឃុំ​កោះ​កាក ស្រុក​កុក​ឡាក់ និង ថា​ត់ អតីត​ជីវពល នៅ​ភូមិ​ថាំង មាន​នាទី​ជា​សមាជិក​សហករណ៍​ភូមិ​ថាំង ស្រុក ស​៤០​។ នៅក្នុង​ឆ្នាំ​១៩៦៧ ខ្ញុំ​បាន​ដាច់​ការទាក់ទង​ជាមួយ ចៅហ្វាយស្រុក ប៉ូ​រ៉ា​។
​ ​នៅក្នុង​ឆ្នាំ​១៩៦៣ ខ្ញុំ​បាន​ចូល​បដិវត្តន៍ នៅ​ភូមិ​រុន​ទូច ឃុំ​កុក​ឡាក់ ស្រុក​កុក​ឡាក់ តំបន់​១០១ ដោយមាន ស្វាំ​ង គឺជា​អ្នក​នាំចូល​។

​ ​នៅក្នុង​ឆ្នាំ​១៩៧០ ថង ឈី​ង បាន​ឧទ្ទេសនាម​ខ្ញុំ​ឲ្យ​ស្គាល់ ប៊ុន ឡាប់ គឺជា​គិញ​ចាស់​។ ឡាប់ មាន​តួនាទី​ជាជាង នៅក្នុង​តំបន់​១០១​។ នៅក្នុង​ឆ្នាំ​១៩៧១ ប៊ុន ឡាប់ បាន​ខ្ញុំ​ឲ្យ​ស្គាល់ឈ្មោះ​ស្វាត ជា​មេ​គិញ ហើយ​បច្ចុប្បន្ន​គឺជា​សេដ្ឋកិច្ច​ស្រុកស្រែ​ពក តំបន់​១០៤​។ បន្ទាប់មក​ខ្ញុំ​បានធ្វើ​សកម្មភាព​បំផុស​មិន​ឲ្យ​ប្រជាជន​ធ្វើ​បដិវត្តន៍​ស្របតាម​ច្បាប់​។ ខ្ញុំ​កសាង​កម្លាំង​បាន​ចំនួន​ពីរ​នាក់​ទៀត​គឺ ឈន សហករណ៍​ត្រពាំងវែង ស្រុក​កុក​ឡាក់ និង ផាន់ ធ្វើ​ជាង​នៅក្នុង​សហករណ៍​ភូមិ​ភ្នំ​គុត ស្រុក​វើ​ន​សៃ​។
​ ​នៅក្នុង​ឆ្នាំ​១៩៧២ ស្វាត បាន​ខ្ញុំ​ឲ្យ​ស្គាល់ឈ្មោះ សីឡា លេខា​ស្រុក​ស្ទឹងត្រែង ដែលជា​ខ្សែ​គិញ​នៅ​ស្រុក​សៀម​ប៉ាង តំបន់​១០៤ និង​មាន​អនុ​លេខា​ឈ្មោះ វ៉ន ។ បន្ទាប់មក​ខ្ញុំ​បានធ្វើ​សកម្មភាព​បំផុសប្រជាជន​ឲ្យ​ស្នើសុំ​អំបិល និង​ក្រណាត់ ពី​អង្គការ​។

​ ​នៅក្នុង​ឆ្នាំ​១៩៧៣ ខ្ញុំ​បាន​បំផុសប្រជាជន​ឲ្យ​មានទំនាស់​ជាមួយ​អង្គ​ការដែល​បានរៀបចំ​ទៅជា​សហករណ៍​។ បន្ទាប់មក ខ្ញុំ​បាន​ទាក់ទង​ជាមួយ​ឈ្មោះ កា​លាម តាមរយៈ ប៊ុន ឡាប់ តួនាទី គឺជា​លេខា​ស្រុក ស​៤០ តំបន់​១០២ ដើម្បី​រៀបចំ​គម្រោង​ទៅ​អនាគត​។
​ ​នៅក្នុង​ខែមករា ឆ្នាំ​១៩៧៤ ខ្ញុំ​បាន​ប្រជុំ​ជាមួយ​ឈ្មោះ ថង ឈី​ង នៅក្នុង​មន្ទីរ​ស្រុក​វើ​ន​សៃ ដែលមាន​សមាជិក​ចំនួន​ប្រាំមួយ​នាក់​ចូលរួម​គឺ​៖ ថង ឈី​ង​, ប៊ុន ឡាប់​, នូ លែ​, ប៊ុន អុម , ឈន និង ខ្ញុំ​។ នៅក្នុង​ប្រជុំ យើង​បានលើកឡើង​អំពី​ការពិនិត្យ​លើ​ចំណុចខ្សោយ និង ចំណុចខ្លាំង​របស់​បដិវត្ត​ន៍​សម្រាប់​បំផុសប្រជាជន និង​កសាង​កម្លាំង​បន្ថែមទៀត​។ ក្រោយពី​ការប្រជុំ នៅក្នុង​ខែមីនា ឆ្នាំ​១៩៧៤ តាមរយៈ ប៊ុន ឡាប់ និង ខាំ ភី មាន​តួនាទី​ជា​អនុ​លេខា​តំបន់​១០១ បាន​អប់រំ​ខ្ញុំ​ឲ្យ​ចូល សេ​.​អ៊ី​.​អា នៅក្នុង​មន្ទីរ​ស្រុក​វើ​ន​សៃ ដែលមាន​អ្នកចូលរួម​មាន ៖ នារី វ៉ាន់ ប្រធាន​កាត់ដេរ​តំបន់​១០១, ថង ឈី លេខា​ស្រុក​២៣ តំបន់​១០១, ផុស ប្រធាន​រោងចក្រ​អារឈើ​តំបន់​១០១, ហឹ​ង ប្រធាន​ពាណិជ្ជកម្ម​តំបន់ ១០១ និង ខ្ញុំ ដោយមាន​អ្នក​ឧទ្ទេសនាម​ឈ្មោះ ប៊ុន ឡាប់ និង​អ្នកទទួល​ស្គាល់ឈ្មោះ ខាំ ភី​។ សមាជិក​នៅក្នុង​អង្គប្រជុំ​មាន​ភារកិច្ច​កសាង​កម្លាំង សេ​.​អ៊ី​.​អា​, ស៊ើបរក​ឃ្លាំង​អាវុធ ឃ្លាំង​អង្ករ ក្ដាប់​កងទ័ព រក​មូលដ្ឋាន​បង្អែ​កលា​ក់​កងទ័ព​យួន និង​ក្ដាប់​សេដ្ឋកិច្ច​ដើម្បី​ត្រៀម​ទុក​ចិញ្ចឹម​ទ័ព​យួន​។ នៅក្នុង​ខែកក្កដា ឆ្នាំ​១៩៧៤ ដដែល ខ្ញុំ​រក​ទីតាំង​បាន​ចំនួន​៣​កន្លែង​មាន ព្រៃ​អូរ​ទុង ខាងជើង​ស្រុក​កុក​ឡាក់ ព្រៃ​ចុង​អូ​រកា​អាន់ ស្ថិតនៅ​ខាងជើង​ស្រុក​កុក​ឡាក់ និង នៅ​កណ្ដាល​អូ​រកា​ឈាប ដែលជា​ព្រំប្រទល់​ស្រុក​កុក​ឡាក់ និង​ស្រុក​៤១​។
​ ​នៅក្នុង​ខែកុម្ភៈ ឆ្នាំ​១៩៧៥ ខ្ញុំ , ខាំ ភី និង ប៊ុន ឡាប់ បាន​ពិភាក្សាគ្នា និង​ចាត់តាំង អ៊ុំ ដែលមាន​តួនាទី​ជា​អនុ​លេខា​ស្រុក ស​៤០ និង​នីរសារ​ពីរ​នាក់​ឈ្មោះ ញិម និង យាំង ឲ្យ​ទាក់ទង​យួន​។ ខាំ ភី បាន​សួរ​ខ្ញុំ​អំពី​ផែនការ​ត្រៀម​ស្បៀង​។ យើង​បាន​ត្រៀម​ស្បៀង​តាម​ខ្សែរយៈ​នីមួយៗ​បាន​ចំនួន​ពី​២០០​ទៅ​៣០០​កំប៉ុង​។ បន្ទាប់មក ខាំ ភី បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​រៀបចំ​កន្លែង​ដែល​រកបាន​ទុក​ឲ្យ​យួន​។

​នៅ​ខែមិថុនា ឆ្នាំ​១៩៧៦ តាមរយៈ ខាំ ភី ខ្ញុំ​បាន​ទាក់ទង​ជាមួយ​ឈ្មោះ ឡី គឺជា​ប្រធាន​វរ​សេនា​ធំ អង្គភាព​ប្រចាំ​ភូមិភាគ​ឦសាន និង ឡេ​ម គឺជា​អនុប្រធាន​វរ​សេនា​ធំ ដើម្បី​ឲ្យ អិនដៀ​, ឈី​, ចាន់ ដើររក​ផ្លូវ​កាត់​ពី​ស្រុក​២១ ទៅ​ប្រទេស​យួន ដើម្បី​នាំ​ទ័ព​យួន​ចូលមក​។ នៅក្នុង​ខែកក្កដា ឆ្នាំ​១៩៧៦ ខ្ញុំ​បាន​ជួប​ជាមួយ​យួន នៅ​អូរ​ឃ្លឹម ដោយមាន ខ្ញុំ​, ប៊ុន ឡាប់ និង ខាំ ភី​។ ខាំ បាន​រាយការណ៍ អំពី​ការកសាង​កម្លាំង​បាន​បួន​នាក់ ក្នុងនោះ​មាន​កម្លាំង​បង្កប់​នៅក្នុង​ក្រសួង​ចំនួន​៣​នាក់ និង បាន​ត្រៀម​ស្បៀង​បាន​ចំនួន​៥០​តោន​។ ក្រោយមក​ខ្ញុំ​បាន​រាយការណ៍ បន្ថែម​ដោយបាន​ពង្រីក​កម្លាំង​បាន​ពីរ​នាក់ ក្នុងនោះ​បង្កប់កម្លាំង​នៅក្នុង​កងទ័ព​បាន​ចំនួន​១​នាក់​។ បន្ទាប់មក​យួន បានដាក់​ផែនការ​ពង្រីក និង​ពង្រឹងកម្លាំង​, បង្កប់កម្លាំង​បន្ថែមទៀត​, ស៊ើបរក​អាវុធ ស្បៀង ខោអាវ និង ត្រៀម​ស្បៀងអាហារ​បន្ថែមទៀត​។ យួន​បាន​លើក​អំពី​ទិសដៅ ប្រសិនបើ​មាន​ស្បៀង​គ្រប់គ្រាន់ នឹង​វាយ​នៅក្នុង​ខែមេសា ឆ្នាំ​១៩៧៧ ប៉ុន្តែ​ប្រសិនបើ​មិន​គ្រប់គ្រាន់​ទេ​ត្រូវ​លើក​ទៅ​ខែវិច្ឆិកា ឆ្នាំ​១៩៧៧ វិញ​។
​ ​ចាប់ពី​ខែតុលា ឆ្នាំ​១៩៧៦ ដល់​ខែមករា ឆ្នាំ​១៩៧៧ នេះ​ខ្ញុំ​មិន​បានធ្វើ​សកម្មភាព​អ្វី​ទាំងអស់ ដោយ​អង្គការ​ឲ្យ​ខ្ញុំ​មក​រៀន​នៅ​ភ្នំពេញ និង ដើរ​ទស្សនកិច្ច​តាម​ភូមិភាគ​។ នៅ​ខែមករា ឆ្នាំ​១៩៧៧ ខ្ញុំ​បាន​ជួប​យួន​បីនាក់ ដែលមាន​ឈ្មោះ ម៉ឹង គឺជា​ប្រធាន នៅ​អូរ​ឃ្លឹម និង​មាន ប៊ួ​ខាវ​, ខាំ ភី ,​ប៊ុន ឡាប់ និង អ៊ុំ ដែរ​។ ខ្លឹមសារ​នៃ​ការប្រជុំ ខាំ ភី បាន​រាយការណ៍​ពី​ការ​បាន​បង្កើត​កម្លាំង​ចាប់ពី​ខែកក្កដា ឆ្នាំ​១៩៧៦ មក​បាន​ចំនួន​៦​នាក់​។ បង្កប់កម្លាំង​ក្នុង​មន្ទីរ​ភូមិភាគ​បាន​២​នាក់​។ ផ្នែក​ស្បៀងអាហារ មិនទាន់បាន​ប្រមូល​ទេ​ព្រោះ​សមាជិក​ទាំងនោះ​ទើបតែ​ត្រឡប់​មកពី​រៀន​។ ក្រោយមក​ខ្ញុំ បាន​រាយការណ៍​បន្ថែម​ពី​ការរក​ផ្លូវ​ទាក់ទង​ទៅខាង​ស្រុក​២២ ទៅ​ស្រុក​២១ រហូតដល់​ប្រទេស​វៀតណាម​បាន​ហើយ​។ វៀតណាម បាន​ណែនាំ​ឲ្យ​ត្រៀម​ស្បៀង​ទុក​វាយ​បដិវត្តន៍ នៅ​ខែមេសា ឆ្នាំ​១៩៧៧ ហើយ​វៀតណាម​បាន​ឲ្យ​អាវុធ​ចំនួន​២០​ដើម​ទុក​សម្រាប់​បង្កើត​ទ័ព និង វិទ្យុទាក់ទង​ចំនួន​ពីរ​គ្រឿង គឺ​មួយគ្រឿង​ឲ្យ ខាំ ភី និង មួយគ្រឿង​ទៀត​ឲ្យ អ៊ុំ​។ ខ្ញុំ​ជាមួយ​នីរសារ​ពីរ​នាក់​គឺ​ឈ្មោះ ឡូញ និង កាលី បាន​បន្តសកម្មភាព​ជា​មួយ​គ្នា​ចាប់តាំងពី​ឆ្នាំ​១៩៧៤ រហូតដល់​ខែមីនា ឆ្នាំ​១៩៧៧ ក៏ត្រូវ​អង្គការ​បាន​ចាប់ខ្លួន​។ ខ្ញុំ​ត្រូវបាន​សន្តិសុខ​គុក​សួរចម្លើយ​ដល់​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​១៩៧៧​។
កំណត់ចំណាំ ៖ ចម្លើយសារភាព​ខាងលើ​ដកស្រង់​ចេញពី​ឯកសារ​លេខ J00522​។ រាល់​ចម្លើយសារភាព​របស់​អ្នកទោស​ទាំងអស់​នៅ​មន្ទីរ​សន្តិសុខ​ស​-២១ សុទ្ធតែ​ឆ្លងកាត់​ការបង្ខិតបង្ខំ និង​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ​ពី​កង​សួរចម្លើយ​របស់​ខ្មែរក្រហម ដូច្នេះ យើង​មិនអាច​សន្និដ្ឋានបាន​ថាច​ម្លើ​យ​របស់ ប៊ុ​យ កែវ ហៅ បួ​ខាវ ពិត​ឬ​យ៉ាងណា​នោះទេ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular